Yearendyearend1140x150

លោក ស្រ៊ុន ពៅ៖ វិស័យចិញ្ចឹមសត្វនៅកម្ពុជារីកចម្រើនយ៉ាងគំហុក និងអាចនាំចេញទៅប្រទេសជិតខាងបាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា

ភ្នំពេញ៖ វិស័យចិញ្ចឹមសត្វនៅកម្ពុជានារយៈពេលចុងក្រោយនេះ គឺពិតជាមានភាពរីកចម្រើនយ៉ាងគំហុក ដែលធ្វើឱ្យការផ្គត់ផ្គង់ក្នុងស្រុកមានភាពគ្រប់គ្រាន់ ហើយអាចនឹងសល់ទៀតផង ដូចនេះកម្ពុជាអាចបង្ហូរការនាំចេញសាច់សត្វទៅប្រទេសជិតខាងបានដូចជាប្រទេសវៀតណាមជាដើម។ នេះបើតាមប្រសាសន៍លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍។

លោក ស្រ៊ុន ពៅ បានលើកឡើងថា វិស័យចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនធំៗ ឬកសិដ្ឋានធំៗនៅកម្ពុជាបច្ចុប្បន្នគឺមិនចាញ់បរទេសទេ ព្រោះសព្វថ្ងៃនេះបច្ចេកទេសចិញ្ចឹមជ្រូកនៅកម្ពុជាបានឈានរហូតដល់ការដាក់ម៉ាស៊ីនត្រជាក់នៅកន្លែងចិញ្ចឹមជ្រូក ដើម្បីឱ្យជ្រូកមានសុខភាពល្អ និងមានលក្ខណៈចិញ្ចឹមស្របតាមស្ដង់ដារប្រទេសជិតខាង។ កសិដ្ឋាន និងក្រុមហ៊ុនធំៗទាំងនេះគឺមិនដួលរលំទេ ហើយនឹងខំប្រឹងប្រែងបន្ថែមទៀត ប៉ុន្តែបើក្រឡេកមើលកសិករដែលចិញ្ចឹមជ្រូកតាមបែបលក្ខណៈគ្រួសារ គឺអាចមានភាគរយដួលរលំច្រើនលើការចិញ្ចឹមជ្រូក ព្រោះលចំណីជ្រូកថ្លៃ ហើយតម្លៃជ្រូករស់មិនទាន់មានតម្លៃថ្លៃដូចពីមុននោះដែរ។

ប្រធានសមាគមចិញ្ចឹមសត្វរូបនេះបន្ថែមថា នារយៈពេលចុងក្រោនេះ កម្ពុជាមិនមានលំហូរនៃការនាំចូលសត្វជ្រូកពីពប្រទេសជិតខាងណាមួយទេ ប៉ុន្ដែគឺមានតែការនាំចេញទៅប្រទេសជិតខាងវិញដើម្បីដោះស្រាយបញ្ហានៃការកកស្ទះនៅក្នុងស្រុក ហើយនេះជាចំណុចល្អមួយដែលបានបង្ហាញថារាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង និងស្ថាប័នពាក់ព័ន្ធ បានគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់បញ្ហារបស់កសិករ ក្រុមហ៊ុន និងកសិដ្ឋានធំៗ។

លោកបញ្ជាក់ថា មូលហេតុចម្បងដែលធ្វើឱ្យជ្រូករស់ធ្លាក់ថ្លៃ គឺដោយសារតែសាច់បង្កក ព្រោះបច្ចុប្បន្ននេះបើទោះបីជាកម្ពុជាមិននាំចូលសត្វជ្រូករស់ពីប្រទេសជិតខាងក៏ពិតមែន តែសាច់បង្កកនៅតែអាចចរាចរណ៍ចូលមកកម្ពុជាបាន ហើយលោកក៏ពុំដឹងពីប្រភពនាំចូលច្បាស់លាស់ដែរ។ ទាំងនេះហើយដែលបានធ្វើឱ្យប៉ះពាល់យ៉ាងគំហុកដល់អ្នកបរិភោគ អ្នកចិញ្ចឹមជាដើម។ សាច់បង្កកនេះហើយដែលបានធ្វើឱ្យមានការរាំងស្ទះនៃការចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជាផងដែរ ព្រោះសាច់បង្កកបានធ្វើឱ្យធ្លាក់ចុះភាគរយនៃការបរិភោគសាច់សត្វចិញ្ចឹមក្នុងស្រុកចន្លោះពី២៥%-៣០%។

លោកក៏បានអំពាវនាវដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងឬស្ថាប័នពាក់ព័ន្ធ ឱ្យជួយទប់ស្កាត់ការនាំចូលសាច់បង្កកនេះ ហើយបើសិនជាអាចទប់ស្កាត់សាច់បង្កកនេះបានទាន់ពេលវេលា នោះកសិករ កសិដ្ឋានធំៗ និងក្រុមហ៊ុនចិញ្ចឹមសត្វនៅកម្ពុជាអាចនឹងជៀសផុតពីបញ្ហានៃការកកស្ទះនានា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង