
ភ្នំពេញ៖ អ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ រហូតធ្វើឱ្យមានការបាត់បង់ជីវិត មិនមែនជារឿងទូទៅនោះទេ វាជារឿងបុគ្គល ហើយខ្ញុំក៏ចង់ដឹងព័ត៌មានជាក់លាក់ ដើម្បីចាត់វិធានការណ៍ឱ្យបានសមស្រប ហើយខ្ញុំមិនគាំទ្រចំពោះបញ្ហានេះឡើយ។ នេះជាប្រសាសន៍សម្ដេច ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៧ នាព្រឹកថ្ងៃទី៧ ធ្នូ នេះ។
សម្ដេច ស ខេង បានសម្ដែងការសោកស្ដាយចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចេណ៍ កាលពីពេលថ្មីៗនេះ លើកុមារតូច។ ចំពោះបញ្ហានេះ សម្ដេច ស ខេង ក៏បានបញ្ជាក់ដែរថា យើងទាំងអស់គ្នាត្រូវចូលរួមចាប់អារម្មណ៍ និងគាំទ្រក្នុងការបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍។ កត្តាសំខាន់នោះគឺកត្តាមនុស្ស ទាំងអ្នកដំណើរ និងអ្នកនៅតាមដងផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍។
ជាមួយគ្នានោះ សម្ដេច ស ខេង ក៏សម្ដែងការមិនគាំទ្រចំពោះករណីអ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឱ្យមានការបាត់បង់ជីវិត ហើយចំណាយលុយដើម្បីបានរួចខ្លួន ហើយសម្ដេចក៏ចង់ព័ត៌មានជាក់លាក់ដើម្បីចាត់វិធានការណ៍ឱ្យបានសមស្រប។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ធ្នូ វេលាម៉ោង២អធ្រាត្រ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបណ្ដាលឱ្យមនុស្សចាស់៣នាក់ និងកុមារតូច រងរបួសធ្ងន់ធ្ងរ។ ករណីគ្រាន់តែបង់លុយ ២៥០០ ដុល្លារបញ្ចប់រឿងធ្វើអោយមហាជនរិះគន់កក្រើកហ្វេសប៊ុក និង ទាមទារអោយយកជនបង្ករទៅផ្ដន្ទាទោសតាមច្បាប់៕