
ភ្នំពេញ៖ លោក ហ៊ុន ម៉ានិត កូនប្រុសកណ្ដាលរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានព្រះករុណាព្រះមហាក្សត្រកម្ពុជាសម្រេចដំឡើងឋានៈស្មើរដ្ឋមន្ត្រី តាមសំណើសម្តេច ហ៊ុន សែន។នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចេញផ្សាយនៅថ្ងៃទី ៦ ធ្នូ ឆ្នាំ២០២២។
យោងតាមព្រះរាជក្រឹត្យព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានៈដល់នាយករងខុទ្ទកាល័យសម្តេច ហ៊ុន សែនចំនួន៥រូប។ក្នុងនោះមានលោក ឈីវ យីស៊ាង មានឋានៈស្មើរដ្ឋមន្ត្រី លោក ហ៊ុន ម៉ានិត មានឋានៈស្មើរដ្ឋមន្ត្រី លោក ប៉ាន់ខែម ប៊ុនថន មានឋាៈស្មើរដ្ឋមន្ត្រី លោក ស្មាត សុភាព មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន និងលោក ហាក់ សុខហៃ មានឋានៈស្មើរដ្ឋមន្ត្រី។
ការសម្រេចដំឡើងឋានៈស្មើរដ្ឋមន្ត្រីពេលនេះ ធ្វើឡើងតាមសំណើរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ជាសំណើរស្របពេលនេះ មានការរិះគន់ពីការដំឡើងឋានៈមន្ត្រីជាច្រើនរូបពីសំណាក់អង្គការសង្គមស៊ីវីល និងថា បាននាំឱ្យបាត់បង់ជំណូលរបស់រដ្ឋ។
តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលធ្លាប់បានបញ្ជាក់ថា ការសម្រេចដំឡើងឋានៈមន្ត្រីរបស់រាជរដ្ឋាភិបាលនៅពេលនេះ គឺមានការពិនិត្យ និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសមត្ថភាព និង ការបំពេញការងាររបស់មន្ត្រីដែលបានខិតខំបម្រើការងារបានល្អជូនដល់ប្រជាពលរដ្ឋ៕