
ភ្នំពេញ៖គិតមកដល់បំណាច់ខែតុលា ឆ្នាំ២០២២នេះ ការសាងសង់អាកាសយានដ្ឋានសៀមរាប-អង្គរ នៅខេត្តសៀមរាប សម្រេចបាន៤៧% ហើយបានចំណាយទឹកប្រាក់ចំនួន៣១០.៦២លានដុល្លារអាម៉េរិក។ក្រុមហ៊ុនអភិវឌ្ឍន៍រំពឹងថា ការសាងសង់ព្រលានយន្តហោះនេះនឹងអាចសម្រេចបានក្នុងរង្វង់៧០% នៅត្រឹមដំណាច់ឆ្នាំ២០២២នេះ។
ចំពោះការសាងសង់សម្រេចបាន៤៧%មានដូចជា៖ ស្ថានីយអ្នកដំណើរ(Passenger Terminal Building) សម្រេចការសាងសង់បាន៥១.៣៥%, ព្រលាន ៦២%, ប៉មបញ្ជាហោះហើរ ការបំពាក់ឧបករណ៍ទំនាក់ទំនង ឧបករណ៍នាំផ្លូវ និង ឧបករណ៍តាមដាន សម្រេចបាន ២៧.៦៣%, ផ្លូវចូលអាកាសយានដ្ឋាន8km (Airport Access Road-8km) សម្រេចបាន៩១% និងផ្លូវហាយវេ16.5km ( Highway works-16.5km) សម្រេចបាន២២%។នេះបើតាមរបាយការណ៍ដែលផ្ដល់ដោយឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
បើតាមរបាយការណ៍ ការសាងសង់អាកាសយានដ្ឋានសៀមរាប-អង្គរ នៅតែទទួលរងបញ្ហាប្រឈមមួយចំនួន ដោយសារតែគោលនយោបាយសូន្យកូវីដរបស់ចិនដែលបានផ្ដល់ផលអវិជ្ជមានដល់ច្រវាក់ផលិតកម្ម ការផ្គត់ផ្គង់សម្ភារៈបរិក្ខារសាងសង់ តម្លៃដឹកជញ្ជូនឡើងខ្ពស់ ការឡើងថ្លៃនៃសម្ភារៈមួយចំនួន និងការធ្វើដំណើរចេញ-ចូល របស់វិស្វករជំនាញគឺមានភាពលំបាក រួមផ្សំនឹងសង្រ្គាមពាណិជ្ជកម្មរវាងចិនជាមួយអាម៉េរិក ការរឹតបន្ដឹងគោលនយោបាយសូន្យកូវីដ និងការរឹតបន្ដឹងគោលនយោបាយរូបិញវត្ថុ ជាដើម។
តែយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានសន្យាថានឹងជំរុញការសាងសង់រួចរាល់ទៅតាមផែនការដែលបានកំណត់ ដោយនៅចុងខែធ្នូ ឆ្នាំ២០២២នេះ ក្រុមហ៊ុននឹងព្យាយាមសម្រេចការសាងសង់ឱ្យបាន៧០ភាគរយ ជាពិសេសគឺការងារទាក់ទងនឹងស្ថានីយបប្រេងឥន្ទនៈ និងរាល់ការងារបន្ទាប់បន្សំឬអាគារគាំទ្រផ្សេងៗក៏ត្រូវបញ្ចប់នាពេលនោះដែរ។ បន្ទាប់មកទៀតគឺការងារប៉មបញ្ជាការហោះហើរ និងការបំពាក់ឧបករណ៍ទំនាក់ទំនង ឧបករណ៍នាំផ្លូវ និងឧបករណ៍តាមដាន នឹក៏ងត្រូវបានបញ្ចប់នាពេលនោះដូចគ្នា។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co.,Ltd(AIAI) ក្រោមទុនវិនិយោគប្រមាណ ៨៨០ លានដុល្លារ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ៣ឆ្នាំ ។
អាកាសយានដ្ឋានអន្តរជាតិនេះបាននិងកំពុងដំណើរការសាងសង់លើផ្ទៃដីប្រមាណជា ៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងគ្រោងដាក់ឲ្យដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣ ប្រសិនបើពុំមានផលប៉ះពាល់អ្វីកើតឡើង៕