Cctimesw1140xh150cm copy

ចិនផ្តល់មូលនិធិជាង៧លានដុល្លារដល់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស។

ភ្នំពេញ៖ ចិនផ្តល់មូលនិធិប្រមាណជាង៧លានដុល្លារអាមេរិកដល់កម្ពុជា ក្នុងគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០ នាព្រឹកថ្ងៃទី២៣ ខែមិថុនានេះ។ ក្នុងពិធីចុះកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសនេះធ្វើឡើងនៅទីស្តីការក្រសួងការបរទេស ដែលមានវត្តមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស បានអញ្ជើញចុះហត្ថលេខាជាមួយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

ក្នុងក្របខណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០របស់រដ្ឋាភិបាលចិន គឺសម្រាប់ការគាំទ្រគម្រោងថ្មីចំនួន២០របស់កម្ពុជាបន្ថែមទៀត។ គម្រោងទាំងនេះនឹងបន្តរួមចំណែកដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ជនបទ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស អប់រំ បេតិកភណ្ឌវប្បធម៌ ជាដើម។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា នៅក្នុងពេលវេលាដ៏លំបាកនៃការរាតត្បាតជាសកល ពិធីចុះហត្ថលេខានេះ គឺទាន់ពេលវេលា និងមានសារៈសំខាន់បំផុត ដើម្បីបង្ហាញពីភាពរឹងមាំរបស់ប្រទេសទាំងពីរ ព្រមទាំងអះអាងជាថ្មីនូវមូលដ្ឋានដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

បើតាមឯកឧត្តម ប្រាក់ សុខុន បានបន្តថា ចាប់តាំងពីការចាប់ផ្តើមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងកាលពីឆ្នាំ២០១៦ គម្រោងទាំងនេះបានរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់បណ្តាប្រទេសមេគង្គ-ឡានឆាង តាមរយៈការបង្រួមគម្លាតនៃការអភិវឌ្ឍ ការពង្រឹងទំនុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមក និងការពង្រឹងសមត្ថភាពក្នុងការឆ្លើយតបឱ្យកាន់តែប្រសើរឡើងទៅនឹងតម្រូវការរបស់ប្រជាជន។

គួររម្លឹកផងដែរថា កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុខុន បានចុះហត្ថលេខាជាមួយ ឯកឧត្តម វ៉ាង វិនធាន សម្រាប់គម្រោងចំនួន១៩របស់កម្ពុជា ដែលគាំទ្រដោយមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០១៨។ គម្រោងទាំងនេះត្រូវបានអនុវត្តប្រកបដោយវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ហើយបានបង្កើតនូវសមិទ្ធផលរូបីជាច្រើនក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កម្ពុជា_ចិន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង