ភ្នំពេញ៖ នៅពេលសៀវភៅនៅលើប្រព័ន្ធអ៊ីនធឺណេតកើតឡើង បានធ្វើឱ្យការបោះពុម្ពសៀវភៅមានការធ្លាក់ចុះ។ ទោះបីជាសៀវភៅនៅលើប្រព័ន្ធអេឡិចត្រូនិចមានការកើនឡើងយ៉ាងណាក្ដី ក៏សៀវភៅពុម្ពនៅតែមានតម្លៃ។ ខណៈសៀវភៅនៅលើប្រព័ន្ធអេឡិចត្រូនិច និងសៀវភៅពុម្ព គ្រាន់តែសម្រាប់បំពេញតម្រូវការឱ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៃពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ឯកឧត្ដម គឹម ពិនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២៨ វិច្ឆិកា មានប្រសាសន៍ថា សៀវភៅនៅតែមានម្លៃ ទោះបច្ចេកវិទ្យាទំនើបយ៉ាងណាក៏ដោយ។ ជាក់ស្ដែងប្រសិនបើគ្មានអ៊ីនធឺណេត ទូរស័ព្ទ និងកុំព្យូទ័រអស់ថ្ម ដូច្នេះវាជាបញ្ហាប្រឈមមួយដែលគេមិនអាចប្រើប្រាស់បច្ចេកវិទ្យាបាន ដូច្នេះសៀវភៅនៅតែមានតម្លៃ និងមានប្រយោជន៍។
លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា (Sipar) បានមានប្រសាសន៍បន្ថែមថា នៅពេលដែលមធ្យោបាយអេឡិចត្រូនិចកើតឡើងមកប្រជែងជាមួយក្រដាសនិងសៀវភៅ វាមិនត្រឹមតែជាការប្រកួតប្រជែងទេ វាថែមទាំងជាការបង្គ្រប់ឱ្យគ្នាទៅវិញទៅមក។ នៅពេលសៀវភៅអេឡិចត្រូនិចកើតឡើង ក៏បានធ្វើឱ្យសៀវភៅពុម្ពមានការធ្លាក់ចុះដែរ។
លោក ហុក សុទ្ធិ បានបន្ដថា នៅពេលសៀវភៅអេឡិចត្រូនិចកើតឡើងដំបូង ធ្វើឱ្យមានការរំជើបរំជួលខ្លាំងពាក់ព័ន្ធទៅនិងការធ្លាក់ចុះសៀវភៅប្រពៃណីដែលជាសៀវភៅក្រដាស។ ប៉ុន្ដែសៀវភៅអេឡិចត្រូនិច មិនអាចជំនួសសៀវភៅក្រដាសបានឡើយ វាគ្រាន់តែបង្គ្រប់ឱ្យគ្នាប៉ុណ្ណោះ។ ប្រសិនបើសៀវភៅអេឡិចត្រូនិច អាចជំនួសសៀវភៅពុម្ពបាន ក្រសួងអប់រំប្រហែលមិនបន្ដបោះពុម្ពសៀវភៅសម្រាប់កម្មវិធីសិក្សាឡើយ។
គួរបញ្ជាក់ថា ពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩-១១ ធ្នូ ខាងមុខនេះ។ នៅក្នុងពិព័រណ៍សៀវភៅនេះដែរ មានសកម្មភាពរហូតទៅដល់ ៧សកម្មភាព ដូចជា ការដាក់តាំងសៀវភៅ ការបើកវេទិកាស្ដីពីការបោះពុម្ភផ្សាយសៀវភៅតាមប្រព័ន្ធអេឡិចត្រូនិច ការធ្វើបទបង្ហាញស្ដីពីអក្សរសាស្ដ្រ-អក្សរសិល្បិ៍ខ្មែរនិងវិទ្យាសាស្ដ្រ ការនិពន្ធសៀវភៅទៅជាខ្មែរភាពយន្ដនិងការអភិវឌ្ឈជំនាញនៃការអានអំណាន ជាដំណាក់កាលចាប់ផ្ដើមដំបូងនៃជីវិត ការជួបពិភាក្សានិងការទទួលយកបទពិសោធន៍ពីអ្នកនិពន្ធល្បីៗនិងមានការចុះហត្ថលេខាពីអ្នកនិពន្ធព្រមទាំងវិចិត្រករ អានរឿងនិងស្វ័យសិក្សាសម្រាប់កុមារ និង ការប្រគុំតន្ដ្រីនិងសំណួរចម្លើយចាប់យករង្វាន់ផ្សេងៗ ជាដើម៕