ភ្នំពេញ៖ លោក លឹម គឹម ជាពិធីករមួយរូប ដែលភាគច្រើនទស្សនិកជនស្គាល់រូបលោក តាមរយៈការធ្វើជាពិធីករដែលប្រើប្រាស់ភាសាចិន។ នៅក្នុងវ័យត្រឹមតែ២៦ឆ្នាំ លោក លឹម គឹម ធ្វើជាពិធីករជាងមួយពាន់កម្មវិធី ថែមទាំងមានសមត្ថភាពប្រើប្រាស់ភាសារហូតទៅដល់ ៣ភាសា គឺភាសាខ្មែរ ចិន និងភាសាអង់គ្លេស ជាពិសេសលោកក៏ចេះភាសាចិន ទាជីវ ផងដែរ។ នាថ្ងៃអនាគត លោក លឹម គឹម នឹងវិវត្តខ្លួនពីពិធីករទៅជាអ្នកបកប្រែការទូតដ៏ជំនាញមួយរូប។
យុវជនដែលមកពីរាជធានីភ្នំពេញរូបនេះ បានឱ្យដឹងថា លោកចាប់ផ្ដើមធ្វើជាពិធីករតាំងពីឆ្នាំ២០១២ មកម្លេះ។ នៅក្នុងឆ្នាំ២០១២ រូបលោកទើបតែមានអាយុ ១៦ឆ្នាំប៉ុណ្ណោះ ហើយកម្មវិធីដំបូងដែលលោកធ្វើការជាពិធីករ គឺជាកម្មវិធីចែកសញ្ញាបត្របញ្ចប់ការសិក្សាដល់សិស្សានុសិស្ស នៃសាលារៀនចិន ទួន ហ្វា។ ការងារជាពិធីករនេះ ភាគច្រើនផ្តោតលើភាសា លោកចាប់អារម្មណ៌លើការងារនេះដោយសារតែ វាអាចពង្រឹងបន្ថែមនូវការប្រើប្រាស់ភាសាចិន និងអង់គ្លេសឲ្យកាន់តែប្រសើរ ជាពិសេសគឺការនិយាយជាសាធារណៈ។
តាមរយៈការសម្ភាសន៍ជាមួយ ស៊ីស៊ីថាមស៍ លោក លឹម គឹម បាននិយាយថា ការចាប់អាជីពជាពិធីករដំបូង លោកមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ការងារមួយនេះឡើយ ដោយសារតែលោករវល់ជាមួយការសិក្សា។ បន្ថែមពីនេះទៀត លោកពិបាកក្នុងការសសេរអត្ថបទពិធីករ (MC Script) ជាពិសេសគឺការប្រើប្រាស់ពាក្យពេចន៍ ផ្លូវការទៅតាមកម្មវិធីនិមួយៗ។
លោក លឹម គឹម បានបន្ដថា ដោយសារតែការរវល់ជាមួយការងារ ក៏ដូចជាការសិក្សា លោកបានកាត់បន្ថយការជួបជុំមិត្តភក្រ្ត និងដើរលេង ដោយយកពេលវេលាទាំងនោះមកធ្វើការងារសាលា រំលឹកមេរៀន ឬធ្វើការស្រាវជ្រាវបន្ថែមនូវចំណេះ ជំនាញជាពិធីករ។ លោកក៏បានសួរ សិក្សា និងប្រឹក្សាយោបល់ជាមួយរៀមច្បងពិធីករផ្សេងទៀត ដើម្បីពង្រឹង សមត្ថភាពក្នុងការប្រើប្រាស់ពាក្យពេចន៍។
យុវជនដែលមានវ័យ ២៦ឆ្នាំរូបនេះ បានឱ្យដឹងទៀតថា ការធ្វើជាពិធីកររយៈពេល១០ឆ្នាំមកនេះ មានកម្មវិធីលើសពី ១,០០០ កម្មវិធី ដែលលោកធ្វើជាពិធីករ។ ក្នុងនោះដែរ «ពិធីអបអរសាទរខួបអនុស្សាវរីយ៏ ១៥ឆ្នាំកំណើតសមាគមមិត្តភាពកម្ពុជា-ចិន» ជាកម្មវិធី ដែលលោកចាត់ទុកថាជាកម្មវិធីពិសេសដោយសារតែនេះជាកម្មវិធីទី១ ដែលលោកទទួល ហើយមានថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ជាច្រើន។ ជាពិសេសក៏មានការយាងចូលរួមរបស់ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ផងដែរ។ តាមរយៈកម្មវិធីនេះ លោកក៏បានសិក្សា និងទទួលបានចំណេះដឹងជាច្រើនអំពីកិច្ចការពិធីការ និងរបៀបនៃការរៀបចំកម្មវិធីផងដែរ។
នាថ្ងៃអនាគត ពិធីករវ័យ២៦ឆ្នាំរូបនេះ មានបំណងវិវត្តខ្លួនក្លាយជាអ្នកបកប្រែការទូតដ៏ជំនាញមួយរូប។ ដោយសារតែបច្ចុប្បន្ននេះ ទីផ្សារអ្នកបកប្រែជំនាញគឺមានតម្រូវការខ្ពស់ ហើយចំនួនអ្នកបកប្រែជំនាញគឺនៅមានកំណត់។ ជំនាញនេះអាចផ្ដល់ឱកាសការងារសម្រាប់លោក ក្នុងការចេញទៅបកប្រែនៅបរទេស ផងដែរ។ ជាក់ស្តែងកាលពីឆ្នាំ ២០១៦ លោកបានចូលរួមជាអ្នកបកប្រែផ្ទាល់មាត់ នៅក្នុងកម្មវិធីសិក្ខាសាលា នៅទីក្រុងសៀងហៃ ប្រទេសចិនជាច្រើនលើកផងដែរ។ ជំនាញនេះក៏ជាជំនាញដែលពិបាក ដោយតម្រូវឲ្យអ្នកបកប្រែសិក្សាពីពាក្យបច្ចេកទេសថ្មីៗ មានចំណេះដឹងពីវិស័យដែលត្រូវបក។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ លោក លឹម គឹម ជាពិធីករឯករាជ្យ អ្នកបកប្រែ (ចិន-ខ្មែរ-អង់គ្លេស) និង ជាអ្នកបញ្ជូលសម្លេងឯកសារក្រុមហ៊ុន។ លោកបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិពី វិទ្យាល័យ ទួនហ្វា នៅឆ្នាំ ២០១៤។ បន្ទាប់មកលោកបានបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស ជំនាញភាសាអង់គ្លេសសម្រាប់ការបកប្រែ នៅវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបានបញ្ចប់ការសិក្សានៅឆ្នាំ២០១៩។ នៅក្នុងឆ្នាំ២០២០ លោកក៏បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ជំនាញគ្រប់គ្រងពាណិជ្ជកម្ម ផងដែរ៕