
ភ្នំពេញ៖ លោក វ៉ី ហ្វឹងហឺ (Wei Fenghe) រដ្ឋមន្ត្រីការពារជាតិចិន និងលោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីការពារជាតិអាម៉េរិក បានជួបពិភាក្សាគ្នានាថ្ងៃទី២២វិច្ឆិកានេះ នៅខេត្តសៀមរាប ក្នុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី៩ (9th ADMM-Plus) ។
ក្នុងជំនួបនោះ រដ្ឋមន្ត្រីការពារជាតិចិន លោក វ៉ី ហ្វឹងហឺ បានសង្កត់ធ្ងន់ថា បញ្ហាតៃវ៉ាន់ គឺជាផលប្រយោជន៍ស្នូលរបស់ចិន និងជាបន្ទាត់ក្រហមទីមួយដែលអាម៉េរិកមិនត្រូវដេីរហួសក្នុងទំនាក់ទំនងចិន-អាម៉េរិក។ លោកបន្តថា តៃវ៉ាន់ គឺជាតៃវ៉ាន់របស់ចិន ហើយការដោះស្រាយបញ្ហាតៃវ៉ាន់ គឺជារឿងផ្ទាល់ខ្លួនរបស់ប្រជាជនចិន ហើយគ្មានកម្លាំងខាងក្រៅណាមានសិទ្ធិជ្រៀតជ្រែកឡើយ។ យោធាចិនមានសមត្ថភាពពេញលេញក្នុងការការពារយ៉ាងម៉ឺងម៉ាត់ក្នុងការបង្រួបបង្រួមជាតិមាតុភូមិ។
លោក វ៉ី ហ្វឹងហឺ បន្តថា ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងយោធាទាំងពីរ ប៉ុន្តែអាម៉េរិកត្រូវគោរពផលប្រយោជន៍ស្នូលរបស់ចិន។ ចិនសង្ឃឹមថា ភាគីអាម៉េរិកនឹងធ្វើតាមការសន្យា និងរក្សាការសន្យារបស់ខ្លួន អនុវត្តយ៉ាងពិតប្រាកដនូវការឯកភាពដែលប្រមុខរដ្ឋទាំងពីរសម្រេច អនុម័តនិងជំរុញទំនាក់ទំនងចិន-អាម៉េរិកឱ្យវិលទៅរកផ្លូវ ការអភិវឌ្ឍប្រកបដោយស្ថិរភាព។
ក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរបានជឿជាក់ថា កងទ័ពចិន និងអាម៉េរិកគួរតែអនុវត្តដោយស្មោះស្ម័គ្រនូវមតិឯកភាពសំខាន់ៗដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន រក្សាទំនាក់ទំនង និងពង្រឹងការគ្រប់គ្រងវិបត្តិ ព្រមទាំងខិតខំរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់។ បន្ថែមនេះភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពអន្តរជាតិ និងតំបន់ វិបត្តិអ៊ុយក្រែន សមុទ្រចិនខាងត្បូង និងបញ្ហាឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ថា នេះជាជំនួបលើកដំបូងរវាងរដ្ឋមន្ត្រីការពារជាតិចិន និងអាម៉េរិក បន្ទាប់ពីប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi ) បានធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ កាលពីខែសីហា៕