Cctimesw1140xh150cm copy

គម្រោងអប់រំបេតិកភណ្ឌសម្រាប់កុមារ បានបញ្ចប់ដោយជោគជ័យ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ លោក ភោគ ជា 

សៀមរាប៖ អាជ្ញាធរជាតិអប្សរាបិទវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាក្របីរៀល បន្ទាប់ពីដំណើរការបង្រៀនអស់រយៈពេល៧ខែកន្លងមក។ នៅថ្ងៃទី១៧ វិច្ឆិកា នេះ សិស្សានុសិស្សចំនួន១៨២នាក់ នៃសាលាបឋមសិក្សាក្របីរៀល បានបញ្ចប់ដោយជោគជ័យនូវ វគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌ។

លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាលនិងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងឱកាសនោះថា គម្រោងអប់រំបេតិកភណ្ឌសម្រាប់កុមារ ដែលរួមសហការដោយអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ នៅសាលាបឋមសិក្សាក្របីរៀលនេះ បានផ្តល់ឱកាសឱ្យកុមារដែលកើត រស់នៅ និងសិក្សា ក្នុងតំបន់បេតិកភណ្ឌបានដឹងថា ខ្លួនកំពុងរស់នៅក្នុងតំបន់ដែលពិសេសជាងគេ ហើយទទួលមរតកដ៏ធំធេងពីបុព្វបុរស ដែលត្រូវបន្តថែរក្សា និងការពារបេតិកភណ្ឌជាតិរបស់ខ្លួន។

លោក អ៊ឹម សុខរិទ្ធី បន្តថា បន្ទាប់ពីទទួលបានជោគជ័យលើវគ្គបណ្តុះបណ្តាលនេះ គោលដៅបន្តអាជ្ញាធរជាតិអប្សរា នឹងឈានទៅបន្តបើកវគ្គបណ្តុះបណ្តាលឡើងវិញ នៅសាលាបឋមសិក្សា និងវិទ្យាល័យក្នុងស្រុកប្រាសាទបាគង។ បន្ថែមពីនេះ អាជ្ញាធរជាតិអប្សរាកំពុងតែសហការជាមួយមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ខេត្តសៀមរាប បណ្តុះបណ្តាលគ្រូបង្គោល ដើម្បីបន្តទៅបណ្តុះបណ្តាលសិស្សានុសិស្សនៅតាមសាលារៀនរបស់ខ្លួន។

គួរបញ្ជាក់ថា កម្មវិធីអប់រំបេតិកភណ្ឌ សម្រាប់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាក្របីរៀល មានរយៈពេល៧ខែ ដោយចាប់ផ្តើមពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ មានសិស្សចូលរៀនសរុបចំនួន១៨២នាក់ មកពីថ្នាក់ទី៥ ចំនួន២ថ្នាក់ និងថ្នាក់ទី៦ ចំនួន២ថ្នាក់ រួមទាំងគ្រូទទួលបន្ទុកចំនួន៤នាក់។ ដោយបង្រៀនក្នុងថ្នាក់បានចំនួន៤៨ម៉ោង និងបង្រៀនតាមរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និងសារមន្ទីរ បានចំនួន១២ម៉ោង៕ 

រូបភាព៖ លោក ហាប់ គឺមអាន
រូបភាព៖ លោក ហាប់ គឺមអាន


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង