
ភ្នំពេញ៖ អង្គការស្វីសខន់ថាក់ (Swisscontact) បានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគម្រោងអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដល់គ្រូបង្គោលនិងអ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅតាមខេត្តចំនួន៥ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដែលមានរយៈពេល៤ឆ្នាំ (២០២១-២០២៤)។
ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) នេះ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់នូវជំនាញវិជ្ជាជីវៈដល់យុវជន-យុវនារី និងអ្នកជំនាញកម្រិតទាបក្នុងខេត្តគោលដៅខាងលើ ដើម្បីទទួលបាលការងារសមរម្យ និងបង្កើនប្រាក់ចំណូល។
ឯកឧត្ដម ប៉ាក់ សុខុម បានបន្តថា រយៈពេល៤ឆ្នាំចាប់ពីឆ្នាំ២០២១-២០២៤ គម្រោងនឹងផ្ដល់ការបណ្ដុះបណ្ដាលគ្រូបង្គោលក្នុងវិស័យទេសចរណ៍ឱ្យបាន១៥០នាក់ និងអ្នកបម្រើការដែលមានជំនាញតិចតួចឱ្យបានដល់៧៨០នាក់នៅខេត្តគោលដៅទាំង៥។
គួរបញ្ជាក់ថា ត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ គណៈកម្មការគ្រប់គ្រងគម្រោងហូកាបានបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍សរុបចំនួន១,១២៣នាក់ (ស្រី៧៤៥នាក់) លើជំនាញគេហកិច្ច ការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ចុងភៅ និងជំនាញឆុងកាហ្វេ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអង្គការស្វីសខន់ថាក់ មន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោង៕
