Cctimesw1140xh150cm copy

ខឿនរស្មី បញ្ញាវត្តី ចាប់អារម្មណ៍ខ្លាំងលើវិស័យSTEM រហូតវិវត្តខ្លួនជាអ្នកបង្រៀនScratch

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
យុវតី ខឿនរស្មី បញ្ញាវត្ដី ក្នុងក្រុមហ៊ុន NTT ប្រទេសសិង្ហបុរី

ភ្នំពេញ៖ យុវតី ខឿនរស្មី បញ្ញាវត្តី ជាសិស្សថ្នាក់ទី១២ ដែលមានចំណាប់អារម្មណ៍ខ្លាំងទៅលើ STEM។ ដោយសារការរស់នៅក្នុងស.វទី២១ និងការស្រឡាញ់វិស័យSTEMនេះ បានធ្វើឱ្យយុវតីរូបនេះ វិវត្តិខ្លួនក្លាយជាអ្នកបង្រៀន Scratch រហូតដល់សព្វថ្ងៃនេះ។ ទន្ទឹមនិងនោះដែរ កញ្ញាវត្តី ក៏នឹងទៅបន្ដការសិក្សានៅប្រទេសចិន នៅពាក់កណ្ដាលឆ្នាំ២០២៣ តាមរយៈការទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យហាប៊ីន ទៀតផង។

បច្ចុប្បន្នយុវតី ខឿនរស្មី បញ្ញាវត្តី មានអាយុ១៨ឆ្នាំ និងជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី។ វត្តី ចាប់ផ្តើមក្នុងការធ្វើការងារស្ម័គ្រចិត្តជាអ្នកបង្ហាត់បង្រៀន Scratch ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ដែលកាលនោះជាទូតសុចន្ទៈរបស់ Sisters of Code ហើយបន្ទាប់មកក៏ចូលរួមជាមួយ Code for Girls ក្នុងនាមជាអ្នកបង្រៀន Scratch រហូតដល់សព្វថ្ងៃ។

តាមរយៈការសម្ភាសន៍ជាមួយ ស៊ីស៊ីថាមស៍ កញ្ញា វត្តី បាននិយាយថា តាយរយៈការបង្រៀន Scratch កញ្ញា ដឹងថាស្រ្តីក៏មានសមត្ថភាព និងឱកាសក្នុងការសិក្សាលើជំនាញ STEM នេះដែរ។ បន្ថែមពីនេះទៀត ការធ្វើការពាក់ព័ន្ធនឹងវិស័យ STEM គឺទូលំទូលាយ ដែលចេះមិនអស់ឡើយ។ ដូច្នេះការស្វែងរកជំនួយពីអ្នកមានបទពិសោធន៍គឺជារឿងសំខាន់ក្នុងការទទួលបានចំណេះដឹងថ្មីៗពីពួកគេ ហើយការដែលសួរអាចឱ្យយើងយល់ដឹងកាន់តែស៊ីជម្រៅលើអ្វីដែលយើងកំពុងធ្វើ និងអាចយកវាទៅចែករំលែកដល់អ្នកដទៃទៀតផង។

យុវតី ខឿនរស្មី បញ្ញាវត្ដី ទូតសុចន្ទៈរបស់ Sisters of Code និង ក្រុមGoogle នៅប្រទេសសិង្ហបុរី

យុវតីដែលមានទីកន្លែងកំណើតនៅខេត្តស្ទឹងត្រែងរូបនេះ បានឱ្យដឹងថា ការរស់នៅក្នុងស.វទី២១ បដិវត្តន៍ឧស្សាហកម្ម៤.០ តែងតែមានការបង្កើតថ្មីជាច្រើន ដែលធ្វើឱ្យខ្លួនស្ញើចសរសើរនូវស្នាដៃទាំងនោះ ហើយចង់សាកល្បងក្នុងការចូលរួមចំណែកក្នុងការផ្សព្វផ្សាយ ទោះបីជាចំណែកតូចក្តី។ ដោយសារតែភាពចង់ដឹង ចង់សាកល្បងនេះហើយទើបធ្វើឱ្យខ្លួនកាន់តែចាប់អារម្មណ៍លើវិស័យ STEM ហើយព្យាយាមសម្របខ្លួនចូលរួមនឹងកម្មវិធីទាក់ទងនឹង STEM ដោយចាប់ផ្តើមពីការចូលសិក្ខាសាលា រហូតមានឱកាសក្លាយជាអ្នកបង្ហាត់បង្រៀនផ្នែក STEM ដោយប្រើ Scratch នេះ។

ដោយសារតែមានចំណាប់អារម្មណ៍ទៅលើវិស័យ STEM កញ្ញា វត្តី ចង់ធ្វើជាសហគ្រិនដែលមានចំណេះដឹងទាំងលើផ្នែកទំនាក់ទំនងធុរកិច្ច និងវិទ្យាសាស្រ្ត ដោយសារតែបច្ចុប្បន្ននេះ វិទ្យាសាស្រ្តកាន់តែវិវត្តទៅមុខឥតឈប់ ដូច្នេះការផ្តោតលើតែជំនាញណាមួយតែមួយមុខពុំអាចជួយអភិវឌ្ឍយើងឱ្យរីកចម្រើនលឿនដែរ។ ក្នុងន័យនេះ យុវតីរូបនេះ ចង់បញ្ជាក់ថា វិទ្យាសាស្រ្តនិងសង្គមសាស្រ្តគឺជាធាតុពីរសំខាន់ដែលចាំបាច់ដើរទន្ទឹមគ្នាក្នុងការជួយជ្រោមជ្រែងអភិវឌ្ឍខ្លួនយើងផ្ទាល់ក៏ដូចជាប្រទេសជាតិឱ្យបានរីកចម្រើនទៅមុខផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ន កញ្ញា វត្តី បានទទួលអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យហាប៊ីន ប្រទេសចិនលើជំនាញ Business Administration ហើយការសិក្សាជំនាញនេះ គឺផ្តោតលើជំនាញ Business in Science ដែលជំរុញឱ្យនិស្សិតចូលរួមជាមួយនឹងការងារផ្នែកវិទ្យាសាស្រ្តផងដែរ។ ដោយមើលឃើញពីសក្តានុពលនៃជំនាញនាពេលបច្ចុប្បន្ននិងអនាគត ក៏ដូចជាឱកាសដែលអាចចូលរួមចែករំលែកទៅយុវជនផ្សេងទៀត ក្រោយពីបញ្ចប់ការសិក្សា ទើបកញ្ញា វត្ដី ជ្រើសសិក្សាជំនាញនេះ៕

យុវតី ខឿនរស្មី បញ្ញាវត្ដី នៅក្រុមហ៊ុន Google 
យុវតី ខឿនរស្មី បញ្ញាវត្ដី ក្នុងក្រុមហ៊ុន Adobe ប្រទេសសិង្ហបុរី
យុវតី ខឿនរស្មី បញ្ញាវត្ដី និង ឯកឧត្តម ឆែម គាតរិទ្ធី ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយនឹងនិសិត្សអាហារូបករណ៍ ហាប៊ីន
យុវតី ខឿនរស្មី បញ្ញាវត្ដី និង លោកស្រី Kanchana Gupta ស្ថាបិន vlookup.ai  នៅប្រទេសសិង្ហបុរី


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង