Yearendyearend1140x150
Img 0571

ជប៉ុនបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសយងសាធារណការ និងដឹកជញ្ជូន)

ភ្នំពេញ៖ ប្រទេសជប៉ុននៅតែបន្តកិច្ចសហប្រតិបត្តិការល្អក្នុងភាពជាដៃគូ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាកាន់តែមានភាពប្រសើរឡើងមួយកម្រិតទៀត។ ការបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគីរវាងកម្ពុជា និងជប៉ុន ដើម្បីជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសកំពង់ផែក្រុងព្រះសីហនុ ផែនការមេភស្តុភារកម្មកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស រវាងឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម MORI MASAFUMI ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ HYATT Regency (Phnom Penh)។

កិច្ចប្រជុំនោះបានពិភាក្សាលើគម្រោងជាច្រើនសំដៅដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា រួមមាន៖ គម្រោងការសាងសង់កំពង់ផែទឹកជ្រៅថ្មី ជម្រៅ ១៤,៥ម៉ែត្រ ជំហានទី១ ក្នុងទំហំទឹកប្រាក់ប្រមាណ ២០៣លានដុល្លារសហរដ្ឋអាមេរិក ដែលត្រូវធានាការសាងសង់ឱ្យមានគុណភាពខ្ពស់ ដោយបំពាក់នូវបច្ចេកវិទ្យាថ្មីៗ ដែលកំពុងបន្តនីតិវិធីដេញថ្លៃ ដើម្បីដើម្បីចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០២៣ និងគ្រោងបញ្ចប់ចុងឆ្នាំ២០២៥។ ក្នុងនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកសំណើដល់ភាគីជប៉ុនពិចារណាលើការផ្តល់ប្រាក់កម្ចីបន្ថែម ៦០លានដុល្លារ ដោយសារការធ្លាក់ចុះនៃប្រាក់យ៉េន ដែលធ្វើឱ្យខ្វះខាតថវិកាក្នុងការរៀបចំគម្រោងនេះ។

រីឯគម្រោងត្រៀមអនុវត្តបន្ត គឺការសាងសង់កំពង់ផែកុងតឺន័រព្រះសីហនុ ក្នុងជំហានទី២ ជម្រៅ ១៦,៥ម៉ែត្រ និងជំហានទី៣ មានជម្រៅ១៧ម៉ែត្រ ដែលមានសម្ថតភាពឱ្យនាវាចេញចូលពីសហរដ្ឋអាម៉េរិក និងអឺរ៉ុបដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់កំពង់ផែនានាក្នុងតំបន់។

គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៥ គឺជាផ្នែកនៃផ្លូវអាស៊ានហាយវេ លេខ១ ដ៏មានសក្តានុពល តភ្ជាប់ និងជំរុញកំណើនសេដ្ឋកិច្ច និងការដឹកជញ្ជូននៅកម្ពុជា និងទៅក្នុងតំបន់ជាពិសេសតាមរយៈប្រទេសថៃ។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ខាងមុខនេះ។

ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើសុំក្រុមហ៊ុនជប៉ុនឱ្យចូលរួមវិនិយោគក្នុងគម្រោងមួយចំនួន ក្នុងចំណោមគម្រោងប្រមាណ ៣៣២នោះ ស្របពេលដែលប្រទេសជប៉ុនបានជួយសិក្សាចប់សព្វគ្រប់លើការៀបចំផែនការមេភស្តុភារកម្មនៅកម្ពុជា ដែលនឹងត្រូវការទំហំថវិកាប្រមាណ ៥០ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីអនុវត្តគម្រោង ចំនួន ៣៣២គម្រោង ។ ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ដំណើរការវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលមានសិស្សនិស្សិតប្រមាណ ៤០០ នាក់ ដែលនឹងក្លាយជាវិស្វកររបស់កម្ពុជានាពេលអនាគត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង