Cctimesw1140xh150cm copy

មន្ត្រីវាយអ្នករើសអេតចាយរងការពិន័យ«បញ្ឈរជើង និងផ្អាកប្រាក់ខែ៦ខែ»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ថេង សុថុង អភិបាលខណ្ឌ៧មករា ជាមួយមន្ត្រីខណ្ឌ។

ភ្នំពេញ៖ រដ្ឋបាលខណ្ឌ៧មករា បានសម្រេចដាក់ពិន័យដោយបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល៦ខែ និង ដាក់ពិន័យ ទៅតាមច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមានទៅលើ ឈ្មោះ ឆាំ ឆាន ជាក្រុមការងារដែលបានប្រព្រឹត្តកំហុសវាយលើបុរសរើសអេតចាយ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌ៧មករា។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា ក្រុមការងារចំនួន០៤នាក់ បានចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍លើ កំណាត់ផ្លូវលេខ១៦៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដែលមានការចតយានជំនិះ រទេះអេតចាយ និង រទេះលក់ទំនិញ ផ្សេងៗលើទ្រូងថ្នល់នៃកំណាត់ផ្លូវនេះ។ក្នុងកំឡុងពេលនៃការរៀបចំសណ្តាប់ធ្នាប់នេះ យុវជនម្នាក់ដែលជាម្ចាស់រទេះអេតចាយ បានធ្វើសកម្មភាពជេរប្រមាថមកលើក្រុមការងារដោយមិនព្រមយករទេះចេញពីលើទ្រូងថ្នល់ ហើយក្រុមការងារក៏បាន ព្យាយាមនាំយករទេះ និងយុវជនម្នាក់នោះមកអប់រំ។ 

បើតាមសេចក្តីប្រកាសព័ត៌មានដដែល យុវជនជាម្ចាស់រទេះអេតចាយនោះមិនព្រម ថែមទាំងបន្តជេរ ប្រមាថមកលើក្រុមការងារក៏បានកើតមានការប្រតាយប្រតប់គ្នាទៅវិញទៅមករហូតដល់មានការប្រើអំពើហិង្សារ។ក្រោយកើតហេតុ រដ្ឋបាលខណ្ឌបានជួបជាមួយយុវជនជាម្ចាស់រទេះអេតចាយ ជាមួយគ្នានេះដែរយុវជនរូបនោះ បានសុំទោស និងទទួលស្គាល់កំហុស ហើយមិនមានការប្តឹងផ្តល់អ្វីឡើយ។

ចំពោះក្រុមការងារដែលបានប្រព្រឹត្តកំហុសឈ្មោះ ឆាំ ឆាន រដ្ឋបាលខណ្ឌបានធ្វើការអប់រំ ដាក់ពិន័យដោយបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល៦ខែ និងដាក់ពិន័យ ទៅតាមច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង