ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់សម្ភារៈបរិក្ខារពេទ្យដល់កម្ពុជា ដើម្បីប្រឆាំងវីរុសកូរ៉ូណា។ សម្ភារៈទាំងនេះគឺជាផ្នែកមួយនៃឧបករណ៍ការពារខ្លួនដែលមូលនិធិអាស៊ី-អឺរ៉ុប(ASEF)បានស្ដុកទុកក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុន ។ គោលបំណងនៃការឧបត្ថម្ភសម្ភារៈទាំងអស់នោះ ជប៉ុនចង់ចូលរួមដើម្បីការពារប្រឆាំងការរីករាលដាលនៃជំងឺកូរ៉ូណា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាផងដែរ។
យោងតាមសេចក្តីប្រកាសពត៌មានរបស់ស្ថានទូតជប៉ុននៅកម្ពុជាបានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាប្រភេទថ្មី ជប៉ុនផ្តល់សម្ភារៈក្នុងសន្និធិ ASEF ដល់កម្ពុជា ហើយសម្ភារៈទាំងអស់នោះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនៅលើសកលលោក។
បរិក្ខារពេទ្យទាំងនោះរួមមាន អាវបំពង់៩,៣៦០សម្រាប់ អាកុលសម្អាតដៃ៤៨០ វ៉ែនតាការពារសុវត្ថិភាព៥៤០ និងស្រោមដៃ២៤,៤០០គូ ជាដើម។ សម្ភារៈទាំងនេះគឺជាផ្នែកមួយនៃឧបករណ៍ការពារខ្លួនដែលមូលនិធិអាស៊ី-អឺរ៉ុប(ASEF)បានស្ដុកទុកក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុន ។
បើតាមស្ថានទូតជប៉ុន សម្ភារៈទាំងនោះនឹងផ្ញើមកដល់កម្ពុជា ពីឃ្លាំងនៅប្រទេសសឹង្ហបុរីដោយមានការសម្របសម្រួលពីការិយាល័យអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិចខាងលិច(WPRO)។
សម្រាប់ប្រទេសជប៉ុន ការលើកស្ទួយកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺមិនអាចខ្វះបានដើម្បីការពារការរីករាលដាលថែមទៀតនៃការឆ្លងវីរ៉ុសកូរ៉ូណាប្រភេទថ្មី។ ជាមួយគ្នានេះ ប្រទេសជប៉ុនចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។
គួរបញ្ជាក់ថា មូលនិធិអាស៊ី-អឺរ៉ុប (ASEF) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ នៅប្រទេសសឹង្ហបុរី ជាអង្គភាពអចិន្ត្រៃន៍មួយនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ដែលមានសកម្មភាពជាច្រើនផ្ដោតទៅលើវិស័យវប្បធម៌-សង្គម។