Cctimesw1140xh150cm copy

ខ្លោងទ្វារបុរាណមានមហិទ្ធិឫទ្ធិមួយនៅខេត្តបាត់ដំបង ត្រូវបានរក្សាទុកជាទីសក្ការៈនៅលើផ្លូវ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ មរតកកម្ពុជា

បាត់ដំបង៖ ខ្លោងទ្វារដ៏មានមហិទ្ធិឫទ្ធិមួយ ដែលបានបន្សល់តាំងពីមុនជំនាន់អាណានិគមនិយមបារាំង បច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង តាមដងផ្លូវជាតិឆ្ពោះទៅខេត្តប៉ៃលិន។ ខ្លោងទ្វារនេះ ត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តរក្សាទុកនៅលើទ្រូងផ្លូវតែម្ដង ដោយមិនហ៊ានប៉ះពាល់ឡើយ ខណៈដែលផ្លូវមួយខ្សែនេះត្រូវបានពង្រីកធ្វើជាផ្លូវភ្លោះ ដោយសារតែខ្លោងទ្វារនេះមានបារមី និងមហិទ្ធិឫទ្ធិពូកែស័ក្ដិសិទ្ធិខ្លាំងពេក។

តាមការរៀបរាប់ពីចាស់ព្រឹទ្ធាចារ្យ ដែលរស់នៅក្នុងភូមិខាងលើនេះបាននិយាយថា ខ្លោងទ្វារដ៏ចាស់មួយនេះគឺបានបន្សល់មកតាំងពីសម័យអាណានិគមនិយមបារាំងមកម្ល៉េះ ព្រោះកាលពីដើមទីតាំងនេះគឺជាដំណាក់របស់ក្សត្រមួយព្រះអង្គ ហើយនៅម្ខាងថ្នល់ទល់មុខនឹងដំណាក់នេះគឺមានស្រះទឹកមួយយ៉ាងធំ ដែលមានឈ្មោះថា«ដំណាក់ហ្លួង»។

ក្រោយមកដោយសារតែមានការផ្លាស់ប្តូរទីតាំងដំណាក់របស់ក្សត្រក្រោយៗ ទើបទីតាំងខាងលើនេះបានកែប្រែទៅជាមន្ទីរពេទ្យព២ (មន្ទីរពេទ្យយោធា) ដោយការសាងសង់ត្រូវបានធ្វើរបងថ្មី ហើយបានតភ្ជាប់ជាមួយនឹងខ្លោងទ្វារនោះតែម្ដង ប៉ុន្តែគេមិនបានបើកទ្វារដែកនោះឲ្យដំណើរការនោះទេ ដោយបានបិទចោលរហូត ហើយមន្ទីរពេទ្យត្រូវធ្វើខ្លោងទ្វារថ្មីសម្រាប់ឲ្យបុគ្គលិក និងអ្នកជំងឺចេញចូល។

ដោយឡែកស្រះដ៏ធំដែលមានឈ្មោះថាស្រះដំណាក់ហ្លួងក៏ត្រូវបានចាក់ដីលុបជាបណ្តើរៗ ព្រមទាំងបានប្រែក្លាយទៅជាភូមិដំណាក់ហ្លួងរហូតមកទល់នឹងសព្វថ្ងៃនេះ។

នៅក្នុងអំឡុងឆ្នាំ២០១៥នេះ អាជ្ញាធរខេត្តបានកំណត់ពង្រីកផ្លូវនេះធ្វើជាផ្លូវភ្លោះដោយតម្រូវឲ្យមន្ទីរសាធារណការចាត់ចែងការងារពង្រីកផ្លូវឲ្យធំទូលាយ ប៉ុន្តែការពង្រីកនេះបានប៉ះពាល់ដល់របងមន្ទីរពេទ្យនេះទាំងស្រុង ទើបខាងមន្ទីរពេទ្យបានរំកិលរបងថយក្រោយតាមការសំណូមពរពីអាជ្ញាធរខេត្ត ដោយឡែកខ្លោងទ្វារដែលត្រូវបានគេ ចាត់ទុកថាមានបារមីខ្លាំងពូកែនោះ គឺមិនមាននរណាម្នាក់ហ៊ានទៅវាយរំលាយចោលនោះទេ។

បច្ចុប្បន្នខ្លោងទ្វារដ៏មានមហិទ្ធិឫទ្ធិនេះត្រូវបានប្រជាពលលរដ្ឋ និងអាជ្ញាធរចាត់ចែងរៀបចំជាចិញ្ចើមផ្លូវព័ទ្ធជុំវិញ ដោយសុខចិត្តទុកផ្លូវនៅត្រង់នេះមានសភាពតូចចង្អៀតដដែល ហើយបានរៀបការ៉ូឡាយ៉ាងស្អាត ព្រមទាំងមានដាក់ជាកន្លែងដុតធូបទៀន និងព្រះភូមិបន្ថែមទៀតសម្រាប់ឲ្យអ្នកមកពីទីជិតទីឆ្ងាយអាចចូលបន់ស្រន់បាន៕

រូបភាព៖ មរតកកម្ពុជា
រូបភាព៖ មរតកកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង