
ភ្នំពេញ៖ កម្ពុជា-ជប៉ុន បង្ហាញការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការវាងក្រសួងពាណិជ្ជកម្ម ILO-Tokyo office និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ក្នុងការកែលម្អលក្ខខណ្ឌការងារ សិទ្ធិកម្មករ សេរីភាពអង្គការវិជ្ជាជីវៈ និងជំរុញការប្រកួតប្រជែងលើវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតផលធ្វើដំណើរនិងកាបូប និងវិស័យផ្សេងៗទៀត បង្កើននូវការបញ្ជាទិញពីកម្ពុជា និងធានាថាទំនិញដែលទិញពីកម្ពុជា ជាទំនិញដែលមានប្រភពស្អាតស្អំដោយគោរពតាមបទដ្ឋានការងារអន្តរជាតិ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។
ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោកស្រី YUKI KOBAYASHO អ្នកសម្របសម្រួលកម្មវិធីរបស់ អង្គការអន្តរជាតិខាងការងារ (ILO-TOKYO) កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ នាឱកាសនេះ ឯកឧត្តម ឱក ប៊ុង បានលើកឡើងថា ការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ ក៏បានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗក្នុងការដាក់បន្ថែមការបញ្ជាទិញផលិតផលសំខាន់ៗ រួមមាន វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ និងកាបូប នៅកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំកាន់តែច្រើនឡើងៗ ផងដែរ។
ជាការឆ្លើយតប លោកស្រី Yuki Kobayasho បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ និងកែលម្អលក្ខខណ្ឌការងារ សិទ្ធិកម្មករ សេរីភាពអង្គការវិជ្ជាជីវៈ ជាពិសេសការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់ ផលិតផលធ្វើដំណើរនិងកាបូប។
បន្ថែមលើនេះ កម្ពុជានឹងសិក្សាដាក់បញ្ចូលនូវវិស័យផលិតផលិតផលស្បែកជើង គ្រឿងអេឡិចត្រូនិក និងវិស័យដែលមានសក្តានុពលក្នុងការនាំចេញផ្សេងៗទៀត ចូលក្នុងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ដើម្បីជាយន្នការក្នុងការជំរុញឱ្យមានការបញ្ជាទិញទំនិញពីកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជាក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ សម្រេចបាន ៤១.០២៣លានដុល្លារអាម៉េរិក កើនឡើង ១៨% ក្នុងនោះ ការនាំចេញមានចំនួន ១៧.២៥៨លានដុល្លារអាម៉េរិក កើនឡើង ២២% និងការនាំចូល ២៣.៧៦៤លានដុល្លារអាម៉េរិក កើនឡើង ១៥%។ មុខទំនិញសំខាន់ៗក្នុងការនាំចេញ រួមមាន៖ សម្លៀកបំពាក់ ៧.១៧៥លានដុល្លារអាម៉េរិក កើនឡើង២៣% សម្ភារៈធ្វើដំណើរនិងកាបូប ១.៤១០លានដុល្លារអាម៉េរិក កើនឡើង ៣៥% ស្បែកជើង ១.៣២៥លានដុល្លារអាម៉េរិក កើនឡើង ៣៣% ម៉ាស៊ីនបរិធាននិងសម្ភារៈអគ្គិសនី ១.២៨០លានដុល្លារអាម៉េរិក កើនឡើង ៦៩% គ្រឿងសង្ហារឹមនិងបរិធានបំភ្លឺ ៨២៧លានដុល្លារអាម៉េរិក កើនឡើង ១៥% និង កង់ ៧០០លានដុល្លារអាម៉េរិក កើនឡើង ៤៨% ។-ល៕