Yearendyearend1140x150

ពលរដ្ឋខ្មែររស់នៅកាណាដា បរិច្ចាគថវិកាជួសជុលចម្លាក់ទេវតាទាញព្រ័ត្រតួទី៨ នៅខ្លោងទ្វារតាកាវ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ពលរដ្ឋខ្មែរមួយគ្រួសារដែលកំពុងរស់នៅឯប្រទេសកាណាដា បានស្ម័គ្រចិត្តរួមគ្នាបរិច្ចាគថវិកាមួយចំនួន ដើម្បីជួយដល់ដំណើរការជួសជុលរូបចម្លាក់ថ្មទេវតាទាញព្រ័ត្រចំនួនមួយនៅខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ ជាមួយអាជ្ញាធរជាតិអប្សរា ដោយសារតែទឹកចិត្តស្រឡាញ់ មានបំណងចង់ចូលរួមអភិរក្សប្រាង្គប្រាសាទបុរាណ និងជាសម្បត្តិបេតិកភណ្ឌដែលជាស្នាដៃដ៏មានតម្លៃរបស់បុព្វបុរសខ្មែរឱ្យស្ថិតនៅគង់វង្សជាបន្តទៀតសម្រាប់កូនខ្មែរជំនាន់ក្រោយ។

ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខ្លោងទ្វារតាកាវ កញ្ញា ម៉េង សុវណ្ណលីលីន បានសម្តែងការត្រេកអរ និងថ្លែងអំណរគុណ ចំពោះពលរដ្ឋខ្មែរ ដែលកំពុងរស់នៅប្រទេសកាណាដា បានជួយឧបត្ថម្ភចំពោះដំណើរការជួសជុល អភិរក្សនៅខ្លោងទ្វារតាកាវនេះ។

បច្ចុប្បន្ន ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលរូបចម្លាក់ទេវតាទាញព្រ័ត្រតួទី៨តាមរយៈជំនួយថវិកាពីសប្បុរសជនខ្មែរ នៅប្រទេសកាណាដានេះ។ ប៉ុន្តែការងារជួសជុលរូបទេវតាទាញព្រ័ត្រនេះ មិនអាចធ្វើបន្តត្រឹមតែតួទី៨ប៉ុណ្ណោះទេ គឺចាំបាច់ទាមទារឱ្យមានការជួសជុលតួទី៩ ស្របពេលជាមួយគ្នា ពីព្រោះតែរចនាសម្ពន្ធខ្លួននាគទី៨ និងទី៩មានទំនាក់ទំនងនិងគ្នា។

គម្រោងជួសជុលខ្លោងទ្វារតាកាវមានពីរផ្នែក គឺដំណាក់កាលទី១ ក្រុមការងារបានជួសជុលពង្រឹងតួខ្លោងទ្វារ និងដំណាក់កាលទី២ គឺជួសជុលចម្លាក់ទេវតានិងចម្លាក់អសុរាទាញព្រ័ត្រនៅអមសងខាងស្ពានហាលបានចំនួន៧តួរួចហើយ។

សូមជម្រាបថា ស្ពានហាលខ្លោងទ្វារតាកាវ របស់ក្រុងអង្គរធំ មានអាយុកាលច្រើនរយឆ្នាំមកហើយ មកដល់សព្វថ្ងៃទទួលរងការគំរាមកំហែងពីអាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាលនៃដើមឈើធំៗ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតាជាច្រើនបានដួលរលំ។ ដោយសារភាពទ្រុឌទ្រោមខ្លាំងនេះ បច្ចុប្បន្នខ្លោងទ្វារតាកាវ បានបិទជាបណ្ដោះអាសន្ន មិនឱ្យអ្នកដំណើរឆ្លងកាត់ទេ ទីមួយគឺដើម្បីសុវត្ថិភាពអ្នកដំណើរ និងទី២ដោយសារតែក្រុមអ្នកជំនាញកំពុងបន្តអនុវត្តដំណើរការជួសជុលឱ្យប្រសើរឡើងវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង