Cctimesw1140xh150cm copy

លោក សុទ្ធ ឧត្តម ប្ដេជ្ញាយកចំណេះដឹងពីបើកយន្តហោះចម្បាំងនៅចិនបម្រើជាតិមាតុភូមិ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក សុទ្ធ ឧត្តម ជាសិក្ខាកាមអាកាសយានិកនៅប្រទេសចិន

ភ្នំពេញ៖លោក សុទ្ធ ឧត្តម ជាសិក្ខាកាមអាកាសយានិកនៅប្រទេសចិនដែលថ្មីៗនេះលោកបានបានលើកទង់ជាតិកម្ពុជាបង្ហាញនៅបរទេសអំពីភាពជោគជ័យដែលអាចបើកយន្តហោះចម្បាំង Air Force យ៉ាងស្ទាត់ជំនាញ។តាមរយៈការសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍លោក សុទ្ធ ឧត្តម បានបេ្តជ្ញាចិត្តខិតខំប្រឹងប្រែងរៀននូវចំណេះដឹង និងបទពិសោធន៍ទាំងអស់មកបម្រើជាតិ និង អង្គភាពរបស់ខ្លួនដោយមានប្រសិទ្ធភាព។

លោកអ្នកពិតជាបានជ្រាបហើយថា នៅពេលថ្មីៗនេះសារព័ត៌មានកម្ពុជាយ៉ាងព្រោងព្រាតបានចុះផ្សាយអំពីជនជាតិខ្មែរម្នាក់ដែលអាចបើកយន្តហោះចម្បាំង Air Force យ៉ាងស្ទាត់ជំនាញ។ជនជាតិម្នាក់នោះ គឺមានឈ្មោះថា លោក សុទ្ធ ឧត្តម។

លោក សុទ្ធ ឧត្តម ជាសិក្ខាកាមអាកាសយានិកនៅប្រទេសចិន។លោកបានប្រលងជាប់អាហារូបករណ៍ទៀត ផ្នែកអាកាសយាននិកយន្តហោះប្រតិកម្ម ដែលអាហារូបករណ៍នោះត្រូវបានផ្ដល់អោយដោយក្រសួងការពារជាតិនៅប្រទេសចិន។

ក្នុងពេលបទសម្ភាសន៍ជាមួយក្រុមការងារសារព័ត៌មានស៊ីស៊ីថាមស៍ The Cambodia China Times សុទ្ធ ឧត្តម បាននិយាយថា ក្រោយបញ្ចប់ការសិក្សាថ្នាក់ទី១២ហើយ លោកបានដាក់ពាក្យចូលប្រលង ហើយក៏ជាប់ចូលបម្រើក្នុងជួរកងទ័ពជើងអាកាសកម្ពុជា ហើយលោកក៏ធ្លាប់បានចូលសិក្សាអនុវត្ត និងចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ ទាក់ទងជាមួយនឹងយន្តហោះ។ ជាភ័ព្វសំណាង លោកក៏បានប្រលងជាប់អាហារូបករណ៍ទៀត ផ្នែកអាកាសយាននិកយន្តហោះប្រតិកម្ម ដែលអាហារូបករណ៍នោះត្រូវបានផ្ដល់អោយដោយក្រសួងការពារជាតិនៅប្រទេសចិន។

លោក សុទ្ធ ឧត្តម ថ្លែងថា «បានជាខ្ញុំបាទ ជ្រើសយកការសិក្សាលើជំនាញនេះ ក៏ព្រោះតាំងពីក្មេងមក ខ្ញុំចាប់អារម្មណ៍ជាខ្លាំងមែនទែន លើការងារអាកាសចរ និងការហោះហើរយន្តហោះ ជាពិសេសនោះគឺ ស្រលាញ់វិស័យធោយាការពារដែនអាកាសនេះតែម្ដង ដែលបច្ចុប្បន្នខ្ញុំក៏បានសិក្សាផ្នែកខាងនេះដូចបំណងមែន»។

សិក្ខាកាមអាកាសយានិករូបនេះ បានរៀបរាប់ពីមូលហេតុដែលខ្លួនសម្រេចចិត្តយកប្រទេសចិនជាប្រទេសដើម្បីបន្តការសិក្សានូវចំណេះដឹងជំនាញ ព្រោះបច្ចុប្បន្ននេះ នៅក្នុងវិស័យការពារដែនអាកាសនេះ ចិនកំពុងអភិវឌ្ឍយ៉ាងខ្លាំង ហើយម្យ៉ាងវិញទៀតយើងបានដឹងហើយថា មេត្រីភាពនៃទំនាក់ទំនង រវាងកម្ពុជា និងចិនក៏មានដំណើរការយ៉ាងល្អប្រសើរផងដែរ។ ហេតុនេះ លោក ឧត្តម គិតថា វាជាជម្រើសដ៏ល្អសមរម្យសម្រាប់ខ្លួនឯងយ៉ាងពិតប្រាកដ។

លោក សុទ្ធ ឧត្តម បញ្ជាក់ថា «ការសិក្សាក្នុងវិស័យនេះនៅក្នុងប្រទេសចិន ធ្វើឱ្យខ្ញុំបាទទទួលបានចំណេះដឹង បទពិសោធន៍ជាច្រើនពីគ្រូបង្រៀន និងអ្នកជំនាញនានា ទាំងទ្រឹស្ដី ទាំងការចុះអនុវត្តផ្ទាល់ផ្នែកអាកាសចរណ៍ និងពាក់ព័ន្ធនឹងបច្ចេកវិទ្យាថ្មីៗ ថែមទាំងមានឱកាសបានសិក្សានូវបទពិសោធន៍ថ្មីៗ អាចផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក ហើយអាចផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌កម្ពុជាជាមួយនឹងបណ្ដាសិក្ខាកាមជាច្រើននាក់ទៀតដែលមកពីប្រទេសផ្សេងៗគ្នា។

គួរបញ្ជាក់ថា លោក សុទ្ធ ឧត្តម សិក្សាផ្នែកអាកាសយាននិកយន្តហោះប្រតិកម្មនៅប្រទេសចិនរយៈពេល៤ឆ្នាំ។តាមគម្រោងលោកនឹងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២០នេះ។ជាចុងក្រោយ លោក សុទ្ធ ឧត្តម សិក្ខាកាមអាកាសយានិកកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិន ហើយក៏ត្រៀមបញ្ចប់ការសិក្សាឆាប់ៗនេះ លោកបានប្រាប់ថា « បន្ទាប់ពីខ្ញុំបាទ បានបញ្ចប់ការសិក្សានៅទីនេះទៅ ខ្ញុំបេ្តជ្ញាចិត្តនឹងយកចំណេះដឹង និងបទសោធន៍ទាំងអស់ដែលខ្ញុំបានសិក្សាហើយ ទៅបម្រើការងារជូនប្រទេសជាតិខ្លួន និងអង្គភាពនានាក្នុងប្រទេសអោយកាន់តែរឹងមាំទៀត»៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង