Yearendyearend1140x150

វិស័យកាត់ដេរកម្ពុជាអាចស្ថិតក្នុងស្ថានភាពល្អប្រសើរវិញដោយការបញ្ជាទិញពីអាម៉េរិក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា 

ភ្នំពេញ៖ អ្នកបញ្ជាទិញសម្លៀកបំពាក់ធំៗបំផុតមួយចំនួនរបស់កម្ពុជាក្នុងបណ្តាប្រទេសលោកខាងលិច បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារតែវិបត្តិទីផ្សារសាកលលោក និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ជាដើម។ ផ្ទុយទៅវិញ ការបញ្ជាទិញទំនិញក្នុងវិស័យកាត់ដេរនៅកម្ពុជាដោយសហរដ្ឋអាម៉េរិកមានការកើនឡើងវិញ ដូចនេះកំណើននៃការបញ្ជាទិញពីសហរដ្ឋអាម៉េរិកអាចទប់ទល់ជាមួយនឹងការធ្លាក់ចុះនៃទីផ្សារនៅអឺរ៉ុប ដែលធ្វើឱ្យវិស័យកាត់ដេរនៅកម្ពុជានៅតែស្ថិតក្នុងស្ថានភាពមួយល្អប្រសើរ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា បានប្រាប់ស៊ីសីថាមស៍។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ននេះស្ថិតនៅក្នុងកំណើនមួយដែលមិនអាចដូចការគ្រោងទុកបានឡើយ ដោយសារតែមានវិបត្តិអតិផរណា វិបត្តិទីផ្សារសាកលលោក និងសង្រ្គាមនៅអ៊ុយក្រែនជាដើម។ បើទោះជារាជរដ្ឋាភិបាលខិតខំក៏ដោយ ក៏អត្រាកំណើនមិនអាចស្ទុះលឿនដូចកាលពីឆ្នាំ២០២១ដែរ តែទោះជាយ៉ាងណាបញ្ហាអតិផរណានៅលើទីផ្សារអន្តរជាតិបានផ្ដល់ផលប៉ះពាល់តិចតួចដល់សេដ្ឋកិច្ចកម្ពុជា ដោយសារតែរាជរដ្ឋាភិបាលកម្ពុជាបានប្រើគោលនយោបាយសម្រាប់ទប់អតិផរណានេះ។ ឧទាហរណ៍ជាក់ស្ដែង គឺទាក់ទងនឹងថ្លៃប្រេង ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដោយធ្វើយ៉ាងណាត្រូវរក្សាតម្លៃប្រេងសាំងនៅកម្ពុជាមិនឱ្យឡើងថ្លៃខ្ពស់ហួសហេតុឡើយ។

លោកបណ្ឌិតបញ្ជាក់ថា ការបញ្ជាទិញចំពោះវិស័យកាត់ដេរកម្ពុជា បច្ចុប្បន្នមិនទាន់ឃើញមានការធ្លាក់ចុះទេ ហើយមើលទៅហាក់ដូចជាមានកំណើន ប៉ុន្តែមានការផ្លាស់ប្ដូររបត់ទីផ្សារ ដោយពីមុនសង្កេតឃើញថាទីផ្សារនៃការបញ្ជាទិញសម្លៀកបំពាក់កម្ពុជាដោយទីផ្សារអឺរ៉ុបគឺមានការកើនឡើង តែឥឡូវនេះមានការថយចុះ ដោយសារតែវិបត្តិនៅអឺរ៉ុប។ ផ្ទុយទៅវិញ ការបញ្ជាទិញពីសហរដ្ឋអាម៉េរិកមានការកើនឡើងវិញ ដូចនេះកំណើននៃការបញ្ជាទិញពីសហរដ្ឋអាម៉េរិកអាចទប់ទល់ជាមួយនឹងការធ្លាក់ចុះនៃទីផ្សារនៅអឺរ៉ុប ដែលធ្វើឱ្យវិស័យកាត់ដេរនៅកម្ពុជានៅតែស្ថិតក្នុងស្ថានភាពមួយល្អប្រសើរ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបន្ថែមថា ប្រទេសលោកខាងលិច គឺជាប្រទេសដែលបានផ្ដល់ឱកាសទីផ្សារយ៉ាងសម្បើមដល់ប្រទេសកម្ពុជា ដែលបានផ្សារភ្ជាប់ជាមួយនឹងគោលនយោបាយមួយចំនួន ហើយកម្ពុជាក៏បានបំពេញតាមលក្ខខណ្ឌគោលនយោបាយរបស់ប្រទេសលោកខាងលិចនេះដែរ ទើបធ្វើឱ្យកម្ពុជាអាចធ្វើការនាំចេញទំនិញជាច្រើនទៅប្រទេសនេះ ហើយអាចមានឱកាសពង្រីកទីផ្សារកម្ពុជាឱ្យបានកាន់តែច្រើនផងដែរ។

យោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ប្រទេសកម្ពុជាបាននាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅក្នុងឆមាសទីមួយនៃឆ្នាំនេះមានចំនួន៦,៦ពាន់លានដុល្លារ កើនឡើង៤០ភាគរយពីចំនួន៤,៧២ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលឆ្នាំមុន។ «ផលិតផលធ្វើដំណើរ»រួមមាន វ៉ាលី កាបូបស្ពាយក្រោយ កាបូបយួរដៃ កាបូបលុយ និងផលិតផលស្រដៀង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង