ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាកសិករខ្មែរចងក្រងប្រមូលផ្តុំគ្រួសារកសិករដាំស្វាយខ្នាតតូចឲ្យទៅជាសហគមន៍ ដែលមានការបណ្តុះបណ្តាលដើម្បីទទួលបាន"លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន"។
លោក ងិន ឆាយ រដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកឡើងថា ការចងក្រងប្រមូលផ្តុំរបស់គ្រួសារកសិករតូចៗឲ្យទៅជាសហគមន៍ឬជាសហភាពសហគមន៍ ដែលមានការបណ្តុះបណ្តាល ការផ្សព្វផ្សាយព័ត៌មាន និងមានវេទិកាការផ្គូរផ្គងពាណិជ្ជកម្មអញ្ជើញអ្នកផលិត និងអ្នកនាំចេញជួបគ្នាផ្ទាល់និយាយពីលក្ខខណ្ឌ ហើយចុះកិច្ចសន្យាជាមួយគ្នា។
បើតាមលោក ងិន ឆាយ បានគូសបញ្ជាក់ថា ដោយសារកន្លងមកមានករណីខាងភាគីទាំងពីរបានចុះកិច្ចសន្យានឹងគ្នា ដោយមានភាគីណាមួយមិនគោរពកិច្ចសន្យា ហើយបែរជាមកបន្ទោសខាងក្រសួងកសិកម្ម ដូច្នេះក្រសួងសម្រេចបញ្ចូលកសិករទាំងនោះទៅជាសហគមន៍ដាំស្វាយ ដើម្បីងាយស្រួយធ្វើការជាមួយនឹងអ្នកចម្ការធំនិងអ្នកចម្ការតូច ដោយផ្សារភ្ជាប់ជាមួយនឺងកសិកម្មតាមកិច្ចសន្យា និងពិភាក្សាជាមួយអ្នកដែលនាំចេញជាប្រចាំដើម្បីទទួលបានលទ្ធផលល្អ។
គួរបញ្ជាក់ថា ពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន" ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និង ស្ថានទូតចិនប្រចាំនៅទីក្រុងភ្នំពេញចុះហត្ថលេខារួមគ្នាជាផ្លូវការនៅថ្ងៃទី៩ មិថុនា ឆ្នាំ២០២០នេះ។ពិធីសារនេះ ភាគីកម្ពុជា និងចិនរំពឹងថា ទីផ្សារនៃផលិតផលស្វាយស្រស់របស់កម្ពុជានឹងត្រូវបានហូរចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេកដែលកសិករ ម្ចាស់ចំការ និងអាជីវករដែលជាជនជាតិខ្មែរផងដែរ៕