Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

លោក យឿម សាលី សិក្សាភាសាកូរ៉េដើម្បីធ្វើជាសាស្ដ្រាចារ្យនិងអភិវឌ្ឍន៍ដេប៉ាតឺម៉ង់ភាសាកូរ៉េ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កូរ៉េ៖ លោក យឿម សាលី ជាបេក្ខភាពបណ្ឌិត អក្សរសាស្រ្ដកូរ៉េ នៃសាកលវិទ្យាល័យជាតិ ឈុងប៊ុក (Chungbuk National University) នៃប្រទេសកូរ៉េខាងត្បូង។ ការធ្វើជាបុគ្គលដែលផ្ដល់ការអប់រំដល់សិស្ស-និស្សិត ប្អូនៗជំនាន់ក្រោយ និងមានបំណងជួយអភិវឌ្ឍន៍ដេប៉ាតឺម៉ង់ភាសាកូរ៉េ ផងនោះ ធ្វើឱ្យលោកសម្រេចចិត្តបន្ដការសិក្សាភាសាកូរ៉េ ចាប់តាំងពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត។

ក្នុងវ័យ ២៩ឆ្នាំ លោក យឿម សាលី បានឱ្យដឹងថា នៅពេលចាប់ផ្ដើមសិក្សាថ្នាក់បរិញ្ញាបត្រភាសាកូរ៉េ នៅដេប៉ាតឺម៉ង់ភាសាកូរ៉េ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងឆ្នាំ២០១២ នៅពេលនោះ លោកមិនមានមូលដ្ឋានគ្រឹះភាសាកូរ៉េឡើយ ដែលធ្វើឱ្យពិបាកសិក្សា ពិព្រោះគ្រូបង្រៀន ជាជនជាតិកូរ៉េ។ ដូច្នេះ លោកបានរកថ្នាក់សិក្សាភាសាកូរ៉េនៅខាងក្រៅបន្ថែមទៀត ដើម្បីឱ្យការសិក្សាភាសាកូរ៉េនោះ មានភាពល្អប្រសើរជាងមុន។

បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រភាសាកូរ៉េ ក្នុងឆ្នាំ២០១៦ លោកបានធ្វើការជាគ្រូបង្រៀនភាសាកូរ៉េ និងអ្នកសម្របសម្រួលក្នុងដេប៉ាតឺម៉ង់ភាសាកូរ៉េ នៃសាកលវិទ្យាល័យជាតិបាត់ដំបង។ រហូតដល់ឆ្នាំ២០១៨ លោកបានបន្ដការសិក្សាថ្នាក់អនុបណ្ឌិត ជំនាញអប់រំភាសាកូរ៉េ នៅសាកលវិទ្យាល័យជាតិ ឈុងប៊ុក។ ក្រោយបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ក្នុងឆ្នាំ២០២០ លោកបានបន្ដការសិក្សាថ្នាក់បណ្ឌិត ជំនាញអក្សរសាស្ដ្រកូរ៉េ នៅសាកលវិទ្យាល័យដដែល ដែលនឹងបញ្ចប់ការសិក្សានៅពេលខាងមុខនេះ។

លោក យឿម សាលី បានឱ្យដឹងថា ការចេះភាសាកូរ៉េមិនមែនគ្រាន់តែយកជំនាញនេះទៅប្រើប្រាស់ក្នុងការទំនាក់ទំនងរវាងម្ពុជា-កូរ៉េ និងរកចំណូលប៉ុណ្ណោះទេ ប៉ុន្ដែការចេះភាសាកូរ៉េក៏ជាជំនួយក្នុងការសិក្សាផងដែរ។ ជាពិសេសសម្រាប់សិស្សានុសិស្សដែលមានបំណងបន្ដការសិក្សានៅប្រទេសកូរ៉េ។ បន្ថែមពីនេះទៀត នៅពេលលោកបានសិក្សាភាសាកូរ៉េស៊ីជម្រៅ បាននាំផ្លូវឱ្យលោកគិតគូអំពីភាសាជាតិផងដែរ។

បើតាម លោក យឿម សាលី ការរស់នៅប្រទេសកូរ៉េដំបូងមិនងាយស្រួលឡើយ ជាពិសេសការរស់នៅក្នុងអន្ដេវាសិកដ្ឋាន ដែលតែងតែមានសម្លេងរំខានពីបន្ទប់ដ៏ទៃទៀត ធ្វើឱ្យពិបាកនៅក្នុងការរស់នៅ។ នៅពេលនោះលោករាយការណ៍ពីបញ្ហាទាំងទៅកាន់អ្នកទទួលបន្ទុកនៅអន្ដេវាសិកដ្ឋាននោះ ប៉ុន្ដែមិនចំណាត់ការណ៍អ្វីឡើយ លោកក៏សម្រេចចិត្ដផ្លាស់ប្ដូរមករស់នៅខាងក្រៅវិញ។

ជាមួយគ្នានោះ បញ្ហាវប្បធម៌ ក៏ជាបញ្ហាមួយដែលពិបាកដែរ។ ថ្វីត្បិតតែលោកជាអ្នកសិក្សាភាសាកូរ៉េ ប៉ុន្ដែវាការសិក្សានៅក្នុងសៀវភៅប៉ុណ្ណោះ ដូច្នេះមានបែបបទជាច្រើនដែលទាក់ទងនឹងវប្បធម៌ ដែលអ្នកសិក្សាភាសាកូរ៉េមិនបានដឹង។ បន្ថែមពីនេះទៀត គឺបញ្ហាអាកាសធាតុ បើទោះជាមានបញ្ហានៅតាមរដូវនិមួយៗ ប៉ុន្ដែវាមិនមែនជាបញ្ហាធំឡើយ ដោយសាររូបភាពគួរឱ្យចាប់អារម្មណ៍ ដែលមិនធ្លាប់ឃើញពីមុនមកនៃរដូវទាំងនោះ បានកែប្រែនូវចំណុចដែលជាបញ្ហាទៅជាភាពសប្បាយរីករាយវិញ។

សម្រាប់លោក សាលី ក្នុងនាមជាអ្នកសិក្សាភាសាកូរ៉េ នៅក្នុងប្រទេសកូរ៉េ លោកត្រូវធ្វើការអនុវត្តន៍ភាសាកូរ៉េ ជាមួយជនជាតិដើមឱ្យបានច្រើន ប៉ុន្ដែភាគច្រើននៃមិត្តរួមថ្នាក់របស់លោកគឺជាជនបរទេស ដែលធ្វើឱ្យពិបាកក្នុងការជួបជាមួយជនជាតិកូរ៉េ។ ដូច្នេះលោកត្រូវរកមិត្តភក្ដិជនជាតិកូរ៉េឱ្យបានច្រើន ដើម្បីពង្រឹងសម្ថភាពភាសាកូរ៉េ។ នៅពេលនោះលោកបានប្រឹក្សាយោបល់ជាមួយអ្នកប្រឹក្សាយោបល់ប្រចាំសាលា។ ដូច្នេះគេក៏បានរៀបចំឱ្យមាន គ្រូម្នាក់សិស្សម្នាក់ សម្រាប់បង្រៀន ដែលជួយសម្រួលដល់ការសិក្សារបស់លោក។

លោក យឿម សាលី បានបន្ដថា ក្នុងនាមលោកជាអ្នកអប់រំ និងអ្នកចែករំលែកបន្ដ លោកត្រូវសិក្សាពីភាសាកូរ៉េឱ្យបានស៊ីជម្រៅ។ ទន្ទឹមនិងនោះ នៅពេលលោកបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត និងត្រឡប់មកកម្ពុជាវិញ លោកក៏មានបំណងមើលថែ និងអភិវឌ្ឍន៍ដេប៉ាតឺម៉ង់ភាសាកូរ៉េ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ឱ្យមានភាពល្អប្រសើរ ផងដែរ។ នេះជាកត្តាដែលលោកសម្រេចចិត្តបន្ដការសិក្សាភាសាកូរ៉េ ចាប់តាំងពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង