
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងបង្កើនកម្មវិធីបណ្តុះបណ្តាលជំនាញបន្ថែម និងជំនាញថ្មី ដល់សិស្ស-និស្សិតកំពុងសិក្សា, អ្នកកំពុងបម្រើការងារ និងអ្នកធ្លាប់បម្រើការងារទេសចរណ៍ ដើម្បីកសាងមូលធនមនុស្សក្នុងវិស័យទេសចរណ៍ និងពង្រឹងការបណ្តុះបណ្តាលបុគ្គលិករបស់ខ្លួនឡើងវិញ តាមរយៈយន្តការនៃការបណ្តុះបណ្តាលខាងក្នុង ដែលក្រសួងទេសចរណ៍បានដាក់ឲ្យប្រើប្រាស់មុនវិបត្តិកូវីដ-១៩។ នេះជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តជាច្រើនដែលត្រូវបានលើកឡើងនៅក្នុងឱកាសប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។
បើតាមក្រសួងទេសចរណ៍ ក្រៅពីយុទ្ធសាស្រ្តនេះ នៅមានយុទ្ធសាស្រ្តមួយចំនួនទៀតដូចជា៖ ការបង្កើនការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍, ការបង្កើនការវាយតម្លៃសមត្ថភាពស្របតាមយន្តការនៃការវាយតម្លៃការសិក្សាពីមុន ស្របតាមយន្តការជាតិ និងអាស៊ាន ដើម្បីរក្សាមូលដ្ឋានមនុស្សក្នុងវិស័យទេសចរណ៍, បង្កើនភាពទាក់ទាញជំនាញទេសចរណ៍ ក៏ដូចជាជំរុញការអភិវឌ្ឍអាជីព ស្របតាមវិថីនៃការអភិវឌ្ឍអាជីពទេសចរណ៍កម្ពុជា, ធ្វើការបណ្តុះជំនាញទេសចរណ៍ថ្មីៗ ស្របតាមនិន្នាការអាស៊ានដែលបានបញ្ចូលជំនាញម៉ាយចំនួន ៣២ជំនាញ និងជំនាញ ស្ប៉ា-ម៉ាស្សាចំនួន ៦ជំនាញ ទៅក្នុងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន បន្ថែមលើមុខជំនាញមានស្រាប់ចំនួន ៣២ជំនាញ។
មួយវិញទៀត ក្រសួងក៏នឹងបង្កើនការបណ្តុះបណ្តាលអក្ខរកម្មឌីជីថលដល់គ្រប់តួអង្គទាំងអស់ក្នុងវិស័យទេសចរណ៍កម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលជាអ្នកផ្តល់សេវាកម្មនៅមូលដ្ឋាន, ជំរុញឲ្យមានការសិក្សាស្រាវជ្រាវរកដំណោះស្រាយថ្មីៗ ក្នុងសេវាកម្មទេសចរណ៍ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល តាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាទេសចរណ៍នានា សំដៅបំផុសគំនិតបង្កើតថ្មីដោយយុវជន។
បន្ថែមពីនេះ ក្រសួងទេសចរណ៍ និងដៃគូពាក់ព័ន្ធ នឹងបង្កើនការអភិវឌ្ឍទេសចរណ៍ជនបទ និងបន្តការគាំទ្រសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតធម្យម (MSMEs)ក្នុងវិស័យទេសចរណ៍ ដោយរៀបចំដាក់ចុះនូវកម្មវិធីយុវជន និងធុរកិច្ចទេសចរណ៍ជនបទ ដោយត្រូវផ្តោតលើការអភិវឌ្ឍ និងការច្នៃប្រឌិតទេពកោសល្យជនបទ លើកកម្ពស់ និងកែច្នៃធនធានវប្បធម៌ ប្រពៃណី និងធម្មជាតិ ជាផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញ តាមរយៈការដាក់ចុះកម្មវិធីបំផុសនានាដូចជា ចលនាប្រឡងប្រណាំងធុរកិច្ចទេសចរណ៍ជនបទ៕