681 ezgif.com resize
Swift cc time

តុក្កតាខ្មែរមានតាំងពីសម័យមុនកសាងប្រាសាទអង្គរវត្តនិងកំពុងប្រឈមនឹងការបាត់បង់

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សិល្បៈល្ខោនតុក្កតា ជាតុក្កតាដែលតដោយដងសន្ទូច (ដូចកតូច) ឬជាតុក្កតាដែលប្រើខ្សែព្យូរសម្រាប់ញាក់ ឬក៏មានលក្ខណៈផ្សេងពីនេះ។ ល្ខោនតុក្កតានេះ ធ្វើអំពីដីដុត ដែលអ្នកខេត្ដបាត់ដំបង និយមហៅថា «ហ៊ុដុំដី»។ សិល្បៈល្ខោនតុក្កតា មានដើមកំណើតតាំងពីសម័យមុនកសាងប្រាសាទអង្គរវត្តមកម៉្លេះ ដែលបច្ចុប្បន្ននេះ ទម្រង់ល្ខោនតុក្កតានេះនៅសល់តិចតួចបំផុត ឬក៏អាចនិយាយថាគ្មានល្ខោនតុក្កតានេះសោះ។

យោងតាមឯកសារសិលាចារឹក លេខ K-១៥៥ ជាសិលាចារឹកនៅប្រាសាទលលៃចុះកាលបរិច្ឆេទចុងសតវត្សរ៍ទី៩(៨៩៣) ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័ន និង ជំនឿលើព្រហ្មញ្ញសាសនា ដែលមានចែងពីសិល្បការិនីសម្តែងសិល្បៈតុក្កតា «គូតុក្កតា Ku Tuktar» ឧទ្ទិសថ្វាយចំពោះអាទិទេពសូរៈស្វតិ អាទិទេព តំណាងវោហាពីរោះ និងសិល្បៈនោះ គឺខ្មែរយើង មានសិល្បៈល្ខោនតុក្កតា តាំងពីសម័យមុនកសាងប្រាសាទអង្គរវត្តមកម៉្លេះ។

យ៉ាងណាមិញ គេមិនបានដឹងច្បាស់ថា តើតុក្កតានោះធ្វើពីអ្វី? មានរូបភាពយ៉ាងណា? ជាតុក្កតាដែលតដោយដងសន្ទូច (ដូចកតូច) ឬជាតុក្កតាដែលប្រើខ្សែព្យូរសម្រាប់ញាក់ ឬក៏មានលក្ខណៈផ្សេងពីនេះ។ តាមការសិក្សាស្រាវជ្រាវរកព័ត៌មានជាច្រើនឆ្នាំ នៃក្រុមស្រាវជ្រាវដឹកនាំដោយលោក ពេជ្រ ទុំក្រវ៉ិល ស្ដីអំពីទស្សនីយភាពល្ខោនតុក្កតានេះ កាលពីច្រើនឆ្នាំមុនសង្គ្រាម ឆ្នាំ១៩៧០ បានផ្ទុះឡើង និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ធ្លាប់បានឮលោកសាស្ត្រាចារ្យ ប៉ុល សំអឿន (សាស្ត្រាចារ្យសាលាល្ខោនជាតិ) ក្រោយមកលោក់បង្រៀននៅមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ បានមានប្រសាសន៍ថា កាលពីនៅតូចៗ លោកធ្លាប់បានមើលល្ខោនតុក្កតាធ្វើអំពីដីដុត ដែលអ្នកស្រុក និយមហៅថា “ហ៊ុដុំដី" នៅឯស្រុកកំណើតរបស់លោកក្នុងខេត្តបាត់ដំបង។ ហើយក្រោយមក តុក្កតាហ៊ីដុំដីនេះ ក៏បាត់បង់ទៅដោយមិនដឹងមកពីមូលហេតុអ្វីឡើយ។

ក្រោយរបប ប៉ុល ពត ក្រុមស្រាវជ្រាវ បានទទួលដំណឹងថា នៅភូមិកំពង់ត្រយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ធ្លាប់មានទំនៀមធ្វើរូបតុក្កតាពីឈើ ក្រណាត់ញាត់សំឡឹគ ហើយធ្លាប់បានសម្តែងជូនអ្នកស្រុកមើលម្តងម្កាលផងដែរ។ លុះមកដល់សង្គ្រាមស៊ីវិលចាប់ផ្ទុះឡើងនៅឆ្នាំ១៩៧០ ទម្រង់សិល្បៈតុក្កតានេះ ក៏បាត់បង់សូន្យតែម្តង។

តាមសន្និដ្ឋានការ បច្ចុប្បន្ននេះ នៅសេសសល់ទម្រង់ល្ខោនតុក្កតានេះយ៉ាងតិចតួចបំផុត ឬក៏អាចនិយាយថាគ្មានល្ខោនតុក្កតាសោះក៏ថាបាន ព្រោះគេមិនដែលបានឃើញការសម្តែងឡើយ។ ហើយសង្ឃឹមថាពលរដ្ឋខ្មែរប្រឹងប្រែងរកគ្រប់មធ្យោបាយ និង លទ្ធភាព ដើម្បីជំរុញមនុស្សខ្មែរ ដែលមានទេពកោសល្យ សិក្សា ច្នៃប្រឌិត ធ្វើឱ្យសិល្បៈតុក្កតាខ្មែរនេះបានរស់រានមានជីវិតឡើងវិញ៕

Khcct banner

អត្ថបទទាក់ទង