ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ទទួលបញ្ជាដឹកនាំបង្ក្រាបទីតាំង ទទួលបញ្ចាំ-ទិញរបស់ដែលជាផលចោរកម្ម បានបំភ្លឺពាក់ព័ន្ធការចោទសួររបស់ពលរដ្ឋមួយចំនួនថា ហេតុអ្វីចាប់អ្នកអនាម័យនិងបុគ្គលិក ឯម្ចាស់ហាងដែលទិញម៉ូតូជាផលចោរកម្ម បែរមិនឃើញចាប់?សម្រាប់លោក ឃ្លាំង ហួត ថា “ថៅកែនិងកម្មករ គឺផ្សំគំនិតគ្នាប្រព្រឹត្តបទល្មើស”។
តាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោក ឃ្លាំង ហួត ដែលអភិបាលរងរាជធានីភ្នំពេញទើបតែឡើងកាន់តំណែងថ្មី បានពន្យល់ពីករណីឃាត់ខ្លួនមនុស្ស៩នាក់ដែលពាក់ព័ន្ធករណីបង្រ្កាបកន្លែងកុងស៊ីបញ្ចាំល្មើសច្បាប់។
បើតាមអភិបាលរងរាជធានីរូបនេះ បានអះអាងថា អ្នកទាំង៩នាក់ខាងលើ ត្រូវបានចាប់ខ្លួនក្នុងករណី២ផ្សេងគ្នា ដោយករណីទី១ ចាប់ថៅកែ១នាក់ និងកម្មករ៤នាក់ ដែលជួយទុកដាក់មើលថែរបស់ចោរកម្ម សរុបទាំងអស់មានគ្នា ៥នាក់ និង ករណីទី២ ចាប់ថៅកែ១នាក់ និងកម្មករ៣នាក់ ដែលជួយទុកដាក់មើលថែរបស់ចោរកម្ម។
លោក ឃ្លាំង ហួត សរសេរលើបណ្តាញសង្គមដូច្នេះថា៖«ថៅកែនិងកម្មករ គឺផ្សំគំនិតគ្នាប្រព្រឹត្តបទល្មើស។ សូមមេត្តាទុកជូនតុលាការធ្វើការតាមច្បាប់»។ជាមួយអ្នកសារព័ត៌មានកន្លងទៅ លោក ឃ្លាំង ហួត ប្រើសម្តីម៉ឺងម៉ាត់ថា លោកមិនចង់ចាប់អ្នកតូចៗនោះទេ ពោលគឺចង់រកតែអាត្រីធំ ព្រោះឆាប់ចប់រឿង។
គួរបញ្ជាក់ថា នៅរយៈពេលចុងក្រោយនេះ បណ្តាញសង្គមនៅកម្ពុជា បានរិះគន់ ចំពោះអាជ្ញាធររាជធានីថា ហេតុអ្វីសមត្ថកិច្ច ចាប់បានតែអ្នកសម្អាត និងបុគ្គលិក ឯថៅកែម្ចាស់ហាង ដែលរកស៊ីទិញម៉ូតូជាផលចោរកម្ម បែរជាមិនឃើញចាប់? សំណួរនេះ លេចឡើងភ្លាមៗ ក្រោយពីលោក ឃ្លាំង ហួត ដឹកនាំក្រុមការងារចុះបង្រ្កាបហាងមួយចំនួន ដែលទទួលបញ្ចាំ-ទិញម៉ូតូខុសច្បាប់ ក្នុងផ្សារឃ្លាំរំសេវ និង បានរឹបអូសបាននូវម៉ូតូជាច្រើនគ្រឿងភាគច្រើនទទួលទិញពីចោរ៕