ភ្នំពេញ៖ អង្គការអុកស្វាម នៅថ្ងៃទី ២៩ កញ្ញានេះ បានរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាតុមូល ពហុភាគីស្តីពី “ការពង្រឹងហិរញ្ញវត្ថុប្រកបដោយចីរភាព និងការទទួលខុសត្រូវក្នុងតំបន់អាស៊ាន” នៅរាជធានីភ្នំពេញ។ កិច្ចពិភាក្សាតុមូលនេះ គាំទ្រដោយសម្ព័នហិរញ្ញវត្ថុយុត្តិធម៌ អាស៊ី (FFA) និងកម្មវិធីលើកកម្ពស់យេនឌ័រ និងការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យកសិពាណិជ្ជកម្ម ក្នុងតំបន់អាស៊ីអាគ្នេយ៍ (GRAISEA) ។
កិច្ចសន្ទនានេះ មានការចូលរួមពីតំណាងមកពីរាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និង សង្គមស៊ីវិល ដើម្បីផ្តល់ធាតុចូលលើរបកគំហើញ និង អនុសាសន៍សំខាន់ៗនៅក្នុរបាយការណ៍រួមរបស់ FFA-GRAISEA ដែលមានចំណងជើងថា “Harvesting Inequality: ផលប៉ះពាល់លើសង្គមនៃការវិនិយោគរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅក្នុងវិស័យកសិពាណិជ្ជកម្មនៅអាស៊ី” ដើម្បីធ្វើសំយោគ និង កែលម្អគោលនយោបាយហិរញ្ញវត្ថុប្រកបដោយចីរភាព និង មានលក្ខណៈយេនឌ័រសម្រាប់អាស៊ាន ក្នុងខណៈដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ ។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម ប្រចាំនៅកម្ពុជា បានប្រកាសស្វាគមន៍ការចូលរួមរបស់អ្នកជំនាញជាន់ខ្ពស់មកពីរាជរដ្ឋាភិបាល ធុរកិច្ច និង សង្គមស៊ីវិលនៅក្នុងកិច្ចសន្ទនាពហុភាគីពាក់ព័ន្ធនេះ ដែលផ្តោតលើបញ្ហាហិរញ្ញវត្ថុប្រកបដោយចីរភាព និងមានលក្ខណៈយេនឌ័រក្នុងវិស័យកសិពាណិជ្ជកម្ម។
បើតាមអ្នកជំនាញរូបនេះ របាយការណ៍ 'Harvesting Inequality' ៩៩.៨% នៃកម្មករជាស្ត្រីនៅក្នុង វិស័យកសិពាណិជ្ជកម្មកម្ពុជាស្ថិតក្នុងស្ថានភាពក្រៅប្រព័ន្ធ មានន័យថា ពួកគេមិនអាចទទួលបានអត្ថប្រយោជន៍ និង ការការពារក្រោមច្បាប់ការងារនោះទេ។ ដូច្នេះ ពួកគេកាន់តែងាយរងគ្រោះទៅនឹងភាពក្រីក្ររ៉ាំរ៉ៃ ប្រាក់ឈ្នួលទាប ជំងឺ គ្រោះថ្នាក់ការងារ ការកេងប្រវ័ញ្ច និងការអនុវត្តប្រកបដោយគ្រោះថ្នាក់ក្នុងសង្គមផ្សេងៗទៀតជាច្រើន។លោកស្រី បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា វិស័យកសិពាណិជ្ជកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុធានាថា សិទ្ធិស្ត្រីដែលជាកសិករ និង កម្មករ និងក្រុមជនដែលងាយរងគ្រោះដទៃទៀតទទួលបានការការពារ” ។
លោកស្រី Bernadette Victorio ប្រធានកម្មវិធី ហិរញ្ញវត្ថុយុត្តិធម៌អាស៊ី (FFA) មានប្រសាសន៍ថា “ការស្រាវជ្រាវរបស់យើងបង្ហាញថា ធនាគារមិនបានខិតខំធ្វើការឱ្យបានគ្រប់គ្រាន់ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិការងារក្នុងវិស័យកសិពាណិជ្ជកម្មនៅតំបន់អាស៊ីឡើយ។ ចាប់ពីខែមករា ឆ្នាំ២០១៦ រហូតដល់ខែធ្នូ ឆ្នាំ២០២០ ការសិក្សារបស់យើងបានរកឃើញថា កសិពាណិជ្ជកម្មធំជាងគេចំនួន ១២៥ របស់អាស៊ានទទួលបានទឹកប្រាក់ចំនួន ២២.៦ ពាន់លានដុល្លារអាមេរិក ពីគ្រឹះស្ថានហិរញ្ញវត្ថុសកល និងក្នុងតំបន់ ខណៈដែល ៩០% នៃកសិពាណិជ្ជកម្មទាំងនេះមិនបានយកចិត្តទុកដាក់លើបញ្ហានានាដែលទាក់ទងនឹង ការអនុវត្តការងារ ដោយមិនត្រឹមត្រូវ បញ្ហាតម្លាភាព និងគណនេយ្យភាព និងសមភាពយេនឌ័រនោះ ឡើយ។ ការសិក្សារបស់យើងក៏បានរកឃើញដែរថា គ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៥៤ កំពុងធ្វើសកម្មភាពនៅក្នុងប្រទេសអាស៊ីទាំង ១៣ ដែលស្ថិតក្រោមការសិក្សានេះ ទទួលបានពិន្ទុជាមធ្យម ២ ក្នុងចំណោម ១០ ចំពោះសមភាពយេនឌ័រ សិទ្ធិមនុស្ស សិទ្ធិការងារ និងតម្លាភាព និងគណនេយ្យភាព ដោយផ្អែកលើលក្ខណវិនិច្ឆ័យដែលបានកំណត់ដោយវិធីសាស្រ្តអន្តរជាតិនៃមគ្គុទ្ទេសក៍ហិរញ្ញវត្ថុប្រកបដោយយុត្តិធម៌ (FFGI) ។រដ្ឋាភិបាលអាស៊ាន និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវតែប្តេជ្ញាចិត្តថែមទៀតនៅក្នុង គោលនយោបាយ ក៏ដូចជាក្នុងការអនុវត្តជាក់ស្តែងដើម្បីគោរព និងលើកស្ទួយអនុសញ្ញាសិទ្ធិមនុស្ស អន្តរជាតិ និងនិយាមសកលស្ដីពីសិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិស្ត្រី ។”
លោក Ashley Aarons ប្រធានកម្មវិធីលើកកម្ពស់យេនឌ័រ និងការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យកសិពាណិជ្ជកម្មតំបន់អាស៊ីអាគ្នេយ៍ (GRAISEA) មានប្រសាសន៍ថា “វិស័យកសិពាណិជ្ជកម្មនៅអាស៊ី មានសារៈសំខាន់ជាសារវ័ន្តចំពោះការីកចម្រើននៃសេដ្ឋកិច្ច ជីវភាព ប្រាក់ចំណូល និងសន្តិសុខស្បៀងរបស់តំបន់អាស៊ី។ ជាងមួយភាគបីនៃកម្លាំងការងារនៅក្នុងប្រទេសកម្ពុជា ប៉ាគីស្ថាន និងវៀតណាម និងជិតពាក់កណ្តាលនៃកម្លាំងការងារនៅក្នុងប្រទេសឥណ្ឌា និងមីយ៉ាន់ម៉ា ធ្វើការនៅក្នុងវិស័យកសិកម្ម ព្រៃឈើ និងនេសាទ ។ វិស័យនេះក៏ជាវិស័យដែលមានកសិករខ្នាតតូច ប្រមាណ ៣៥០ លាននាក់ ដែលផលិត ៨០% នៃផលិតផលម្ហូបអាហារនៅក្នុងតំបន់នេះ ។ កសិករជាច្រើនក្នុងចំណោមកសិករទាំងនេះ គឺជាស្ត្រីដែលជារឿយៗ ការរួមចំណែកចំពោះសេដ្ឋកិច្ច សង្គម និងគ្រួសាររបស់ពួកគេ ត្រូវបានគេមើលរំលង និងមិនផ្ដល់តម្លៃឱ្យ ដោយសារតែការរើសអើងពាក់ព័ន្ធនឹងយេនឌ័រ ។ ជាការច្បាស់ណាស់ ផលិតភាព កំណើន និងនិរន្តរភាពនៃវិស័យកសិពាណិជ្ជកម្មរបស់អាស៊ី អាស្រ័យលើការអនុម័ត ការអនុវត្ត និងពង្រឹងគោល
នយោបាយ ដែលមិនត្រឹមតែលើកកម្ពស់ការអនុវត្តផ្នែកហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារសិទ្ធិរបស់កសិករ ជាពិសេសស្ត្រីផងដែរ ។
បន្ទាប់ពីកិច្ចប្រជុំពេញអង្គកម្រិតខ្ពស់ ក្រុមអ្នកជំនាញ និងភាគីពាក់ព័ន្ធមួយចំនួននឹងរៀបចំកិច្ចប្រជុំតុមូលប្រកបដោយអន្តរកម្មមួយ ដើម្បីផ្លាស់ប្តូរទស្សនៈរបស់ពួកគេអំពីសេចក្តីព្រាងសង្ខេបនៃគោលនយោបាយមួយ ដោយផ្អែកលើអនុសាសន៍ដែលបានមកពីរបាយការណ៍ស្ដីពី “Harvesting Inequality” ។ កិច្ចប្រជុំតុមូលនេះមានគោលដៅសម្របសម្រួលកិច្ចពិភាក្សាពិគ្រោះយោបល់នៅកម្រិតយុទ្ធសាស្ត្រ ដើម្បីដាក់បញ្ចូលលក្ខណៈវិនិច្ឆ័យសង្គមកាន់តែប្រសើរឡើង ជាពិសេសសមភាពយេនឌ័រ សិទ្ធិការងារ និងតម្លាភាព និងគណនេយ្យភាព ទៅក្នុងក្របខ័ណ្ឌគោលនយោបាយ និងគំនិតផ្តួចផ្តើមនានាទាក់ទងនឹងហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់អាស៊ាន ។ សេចក្ដីសង្ខេបគោលនយោបាយដែលបានកែសម្រួលនេះ នឹងត្រូវបានដាក់ជូនកម្ពុជាដែលជាប្រធានអាស៊ាននៅពេលខាងមុខនេះ និងសម្រាប់ការពិចារណាដោយប្រទេសឥណ្ឌូនេស៊ី ដែលនឹងត្រូវធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០២៣ ដើម្បីផ្តល់អាទិភាពដល់ការពន្លឿនហិរញ្ញវត្ថុប្រកបដោយចីរភាព និងការទទួលខុសត្រូវនៅក្នុងតំបន់ ដោយបង្កើនការពិចារណាអំពីលក្ខណវិនិច្ឆ័យសង្គម និងយេនឌ័រ និងផលប៉ះពាល់នានាដែលអាចមាន ។