ភ្នំពេញ៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ មុខទំនិញដែលកម្ពុជានាំចេញទៅកាន់ទីផ្សារពិភពលោកច្រើនជាងគេគឺសម្លៀកបំពាក់ ក្នុងទឹកប្រាក់ចំនួន ៨,៩៤ប៊ីលានដុល្លារអាម៉េរិក កើនឡើង ២៥,៨៤% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
បើតាមរបាយការណ៍ មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញក្នុងរយៈពេល១១ខែឆ្នាំ២០២៤នេះមានដូចជា៖ សម្លៀកបំពាក់ ៨,៩៤ប៊ីលានដុល្លារ កើនឡើង ២៥,៨៤%, សម្ភារធ្វើដំណើរ ១,៧៨ប៊ីលានដុល្លារ កើនឡើង ២១,៥០%, ស្បែកជើង ១,៥០ប៊ីលានដុល្លារ កើនឡើង ២៤,៣០%, និងស្រូវ ១,៥០ប៊ីលានដុល្លារ កើនឡើង ១៦,៤២% ។ ក្រៅពីនេះនៅមានមុខទំនិញជាច្រើនទៀតដូចជា៖ គ្រឿងអេឡិចត្រូនិច បន្ទះសូឡា សំបកកង់រថយន្ត ដំឡូងមី ជ័រកៅស៊ូ ស្វាយចន្ទី អង្ករ ចេក ស្វាយ ស្ករអំពៅ ម្រេច ពោត ផ្លែមៀន ផលិតផលជលផល ថ្នាំជក់ និងក្តារកុងប្លាកេជាដើម។
គួរបញ្ជាក់ថា រយៈពេល១១ខែឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសនានានៅទូទាំងពិភពលោក សម្រេចបានទឹកប្រាក់ចំនួន ៥០ ,៤៥ ប៊ីលានដុល្លារអាម៉េរិក កើនឡើង ១៥,៩៥% ក្នុងនោះកម្ពុជាសម្រេចការនាំចេញបានទឹកប្រាក់ចំនួន ២៤,៣៤ ប៊ីលានដុល្លារ កើនឡើង១៤,៣៦% និងការនាំចូលសម្រេចបានទឹកប្រាក់ ២៦,១០ ប៊ីលានដុល្លារ កើនឡើង១៧,៤៨%៕