
វៀតណាម៖ ទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Quang Ngai ភាគកណ្តាលប្រទេសវៀតណាម បានធ្វើឱ្យផ្លូវជាច្រើនត្រូវបានជន់លិច ដោយធ្វើឱ្យអ្នកស្រុកជាង ១,៣០០ ត្រូវភៀសខ្លួនពីតំបន់ខ្លួនស្នាក់នៅហើយរកកន្លែងសុវត្ថិភាពជាបន្ទាន់។
បើតាមមន្រ្តីវៀតណាមបានឲ្យដឹងថាផ្លូវពីរខ្សែទៅកាន់កោះ An Phu នៅកណ្តាលទន្លេ Tra Khuc ដែលជាផ្ទះរបស់ប្រជាពលរដ្ឋប្រហែល ៣៥០ គ្រួសារ ត្រូវបានជន់លិចដោយសារទឹកកើនឡើង ដោយជាទូទៅក្នុងរដូវប្រាំង អ្នកស្រុកតែងតែប្រើប្រាស់ផ្លូវទាំងនេះ ដើម្បីធ្វើដំណើរទៅមករវាងកូនកោះ និងដីជុំវិញ។
ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បានជន់លិចផ្លូវមួយ ហើយទឹកហូរខ្លាំងបានបណ្តាលឱ្យមានការហូរច្រោះលើផ្លូវផ្សេងទៀត ដោយបន្សល់ទុកនូវភាពច្របូកច្របល់ហើយប៉ះពាល់ដល់គ្រួសារពលរដ្ឋវៀតណាមមួយចំនួនធំជាខ្លាំង។ ដោយសារផ្លូវថ្នល់មិនអាចចូលបាន អ្នកស្រុកនៅលើកោះមួយបណ្តោះអាសន្នសិន។
លោក Bui Thanh Binh បាននិយាយថា “ខ្ញុំកំពុងនាំចៅរបស់ខ្ញុំត្រឡប់មកពីសាលារៀនវិញ ប៉ុន្តែនៅពេលឃើញទឹកឡើង និងបានឮដំណឹងអំពីខ្យល់ព្យុះចូលមក ខ្ញុំបានសម្រេចចិត្តឲ្យចៅរបស់ខ្ញុំស្នាក់នៅជាមួយអ្នកស្គាល់គ្នានៅលើដីគោកមួយរយះសិន”។
.jpg?1664100691)
លោក Vo Van Khuong ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tinh An បាននិយាយថា អាជ្ញាធរបានដំឡើងផ្លាកសញ្ញាព្រមាន បញ្ជូនបុគ្គលិក និងផ្តល់អាវជីវិតដល់ប្រជាពលរដ្ឋគិតត្រឹមរសៀលថ្ងៃសៅរ៍។
យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រ និងឧតុនិយមបានឱ្យដឹងថា ដោយសារតែឥទ្ធិពលនៃព្យុះ Noru, Quang Ngai និងតំបន់ពី Da Nang ដល់ Binh Thuan ក៏ដូចជាតំបន់ភាគខាងត្បូងវៀតណាម និងតំបន់ខ្ពង់រាបភាគកណ្តាល នឹងបន្តមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ មជ្ឈមណ្ឌលបានបន្ថែមថា មានហានិភ័យនៃទឹកជំនន់ និងការរអិលបាក់ដីនៅតំបន់ភ្នំ ក៏ដូចជាការជន់លិចនៅតំបន់ខាងក្រោមនឹងបន្តកើនឡើយ។
គួរបញ្ជាក់ថាគិតត្រឹមម៉ោង ៤ រសៀល កាលពីថ្ងៃសៅរ៍ ព្យុះ Noru មានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រទៅភាគខាងកើតនៃកោះ Luzon របស់ប្រទេសហ្វីលីពីន។ ល្បឿនខ្យល់អតិបរមារបស់វាគឺ ១១៧ គីឡូម៉ែត្រក្នុងមួយម៉ោង។ មជ្ឈមណ្ឌលបាននិយាយថាក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ ព្យុះនឹងផ្លាស់ទីទៅខាងលិចក្នុងល្បឿន ២០ គីឡូម៉ែត្រក្នុងមួយម៉ោង៕