
មូស្កូ៖ កងទ័ពរបស់រុស្សីបានអះអាងថាខ្លួនបានបំផ្លាញដោយជោគជ័យនូវរោងចក្រមួយ ដែលបម្រើដល់ប្រព័ន្ធរ៉ុក្កែត HIMARS ជាច្រើននៅក្នុងទីក្រុង ហ្សាប៉ូរីហ្សីយ៉ា ប្រទេសអ៊ុយក្រែនកាលពីថ្ងៃមុន ខណៈដែលអ៊ុយក្រែនបានអះអាងថា ខ្លួនបានបញ្ចប់ការវាយលុករបស់ខ្លួលើរុស្ស៊ីដោយជោគជ័យនៅភាគខាងកើត។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានឲ្យដឹងថា កងកម្លាំងអាកាសរុស្ស៊ីបានប្រើប្រាស់អាវុធដឹកនាំដោយភាពជាក់លាក់ខ្ពស់ ដើម្បីអនុវត្តការវាយប្រហារផ្តោតទៅលើគោលដៅជាច្រើនរបស់អ៊ុយក្រែននៅក្នុងតំបន់ Donetsk ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថា ខ្លួនកំពុងរារាំងការវាយប្រហាររបស់រុស្ស៊ីលើតំបន់មួយចំនួនដូចជា បាក់មុត និង អាឌីវីកា ។
ក្រសួងការពារជាតិរុស្ស៊ីបានគូសបញ្ជាក់ថា កងទ័ពរបស់ខ្លួនបានវាយប្រហាររថពាសដែកអ៊ុយក្រែនចំនួនបីគ្រឿង និងបានបាញ់ទម្លាក់យន្តហោះចម្បាំង Su-25 របស់កងទ័ពអាកាសអ៊ុយក្រែននៅតំបន់ Herson ភាគខាងត្បូង។ ប្រព័ន្ធរ៉ុក្កែត HIMARS ផលិតដោយអាមេរិកត្រូវបានបំផ្លាញផងដែរនៅក្នុង ហ្សាប៉ូរីហ្សីយ៉ា។
គួរបញ្ជាក់ថាការឈ្លានពានរុស្សីលើអ៊ុយក្រែនបានធ្វើឡើងចាប់តាំងពីចុងខែកុម្ភៈរហូតមកដល់ពេលនេះជម្លោះរុស្សីអ៊ុយក្រែនបានអូសបន្លាយអស់ប្រមាណជាងកន្លះឆ្នាំហើយ បើទោះបីជាមានការព្រមាននឹងដាក់ទណ្ឌកម្មលើរុស្សីក្តីក៏ប្រតិបត្តិការពិសេសរុស្សីនៅតែបន្តទៅមុខជានិច្ច ហើយពុំទាន់មានពេលវេលាណាមួយអះអាងថាជម្លោះរុស្សី អ៊ុយក្រែននឹងបិតបញ្ចប់នៅពេលណានោះទេ៕