
អ៊ូសបេគីស្ថាន៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និង ប្រធានាធិបតីរុស្ស៊ី លោក ពូទីន នៅថ្ងៃទី ១៥ កញ្ញា បានជួបគ្នាដោយផ្ទាល់ នៅទីក្រុង Samarkand ប្រទេស Uzbekistan។ក្នុងជំនួបនោះ មេដឹកនាំចិន-រុស្ស៊ី បានប្រកាសពីការប្តេជ្ញាចិត្តរួមគ្នាត្រៀមជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ។
លោក ស៊ី ជិនពីង បានកត់សម្គាល់ថា ចិន និងរុស្ស៊ី បានរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ចាប់តាំងពីដើមឆ្នាំនេះ។ភាគីទាំងពីរ បានរីកចម្រើនឥតឈប់ឈរនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។នៅចំពោះមុខការផ្លាស់ប្តូរនៃពិភពលោក ពេលវេលា និងប្រវត្តិសាស្រ្ត លោកស៊ីថា ចិនមានឆន្ទៈក្នុងការធ្វើការរួមគ្នាជាមួយរុស្ស៊ី ដើម្បីបំពេញនូវទំនួលខុសត្រូវរួមគ្នាដើរតួនាទីនាំមុខគេ និង ចាក់បញ្ចូលស្ថិរភាពទៅក្នុងពិភពដ៏ចលាចល។
ចំណែកលោកពូទីន បាននិយាយថា ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន ប៉ុន្តែថេរតែមួយគត់គឺមិត្តភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងរុស្ស៊ី និងចិន។ លោកពូទីនបាននិយាយថា ភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយនៃការសម្របសម្រួលរវាងប្រទេសទាំងពីរគឺរឹងមាំដូចភ្នំ។
លោក ពូទីន បានសង្កត់ធ្ងន់ថា រុស្ស៊ីគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ ហើយថ្កោលទោសប្រទេសមួយចំនួន ចំពោះការចាត់វិធានការបង្កហេតុលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ចិន។លោកថា រុស្ស៊ីមានឆន្ទៈក្នុងការធ្វើការជាមួយចិនដើម្បីបង្រួបបង្រួម និង ធ្វើឱ្យទំនាក់ទំនង និង ការសម្របសម្រួលទ្វេភាគី និងពហុភាគីកាន់តែស៊ីជម្រៅ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងថាមពល។
ប្រធានាធិបតីរុស្ស៊ីបាននិយាយថា រុស្ស៊ីក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសចិន ដើម្បីជួយសម្រួលកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាបន្តបន្ទាប់ក្នុងចំណោមសមាជិក SCO ដោយឈរលើមូលដ្ឋាននៃការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក និងកសាងវេទិកាអនុញ្ញាតសម្រាប់រក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់៕