Yearendyearend1140x150

កម្ពុជាអរគុណចិនដែលតែងផ្ដល់អាទិភាពខ្ពស់ដល់ការគាំទ្រកិច្ចអភិវឌ្ឍ និងការរីកចម្រើនរបស់អាស៊ាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលតែងតែផ្ដល់អាទិភាពខ្ពស់ដល់ការគាំទ្រកិច្ចអភិវឌ្ឍ និងការរីកចម្រើនរបស់អាស៊ាន។ សម្តេចថ្លែងបែបនេះ តាមរយៈវីដេអូ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងពិធីបើកសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី ១៩ ឆ្នាំ២០២២ ទីក្រុងណាននីង ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាពថ្មីដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន ទម្រង់ ៣.០» សម្តេច ហ៊ុន សែន ជឿជាក់ថា ការចាប់ផ្តើមអនុវត្តអាសិបក្នុងឆ្នាំនេះ នឹងនាំមកនូវកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគជាច្រើន សម្រាប់ប្រទេសក្នុងតំបន់។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឈរលើមូលដ្ឋាននៃភាពជោគជ័យនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទម្រង់ ១.០ និងទម្រង់ ២.០ កន្លងមក កម្ពុជាសូមគាំទ្រដល់គំនិតផ្ដួចផ្ដើមស្ដីពីការលើកកម្ពស់កិច្ចព្រមព្រៀងនេះ ទៅជាទម្រង់ថ្មី ៣.០ និងយល់ថា ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមលើការពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និង ចិន ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត ដោយផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្មទំនិញសេវាកម្ម និងវិនិយោគនានា ព្រមទាំងជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងការបង្កើនសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs)។

ឆ្លៀតឱកាសនោះ សម្តេច ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលតែងតែផ្ដល់អាទិភាពខ្ពស់ដល់ការគាំទ្រកិច្ចអភិវឌ្ឍ និងការរីកចម្រើនរបស់អាស៊ាន ។ ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២២ សម្តេចតេជោ បានបញ្ជាក់ថា «កម្ពុជានឹងខិតខំបន្តពង្រឹងកិច្ចសហការអាស៊ានជាមួយសាធារណរដ្ឋប្រជាមានិតចិន ឱ្យកាន់តែប្រសើរឡើង ដើម្បីធានានូវចីរភាព បរិយាប័ន្ន និងភាពធន់នៃកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្នុងតំបន់ទាំងពីរ»។

សម្តេច ហ៊ុន សែន បានបន្តថា សម្រាប់កម្ពុជា ជាមួយនឹងការសម្រេចបាននូវ «ភាពស៊ាំសហគមន៍រឹងមាំ» រាជរដ្ឋាភិបាលបានបើកប្រទេស និងដំណើរការឡើងវិញ នូវរាល់សកម្មភាពផលិតកម្ម ធុរកិច្ច និងពាណិជ្ជកម្មទាំងអស់ក្នុងស្រុក ចាប់តាំងពីចុងឆ្នាំ២០២១ មក ជាងនេះទៅទៀត ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ និងដាក់ចេញឱ្យអនុវត្តនូវកម្មវិធីកែទម្រង់ជាបន្តបន្ទាប់ តាមរយៈការដាក់ឱ្យអនុវត្តនូវ «ច្បាប់ស្តីពីវិនិយោគថ្មី» «ក្របខណ្ឌគោលនយោបាយសង្គម-សេដ្ឋកិច្ចឌីជីថលកម្ពុជា ២០២១-២០៣៥» និង «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» និងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាដើម ។ល។ សំដៅជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង