ភ្នំពេញ៖រដ្ឋមន្រី្តក្រសួងមហាផ្ទៃ សម្ដេច ស ខេង នៅថ្ងៃទី ១៤ កញ្ញានេះ បានចេញបញ្ជាឲ្យ លោក សុខ ផល រដ្ឋលេខធិការនៃក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារចុះ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេស។វិធានការនេះ បានបញ្ជាឱ្យអនុវត្ត ប្រកបដោយប្រសិទ្ធភាព ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃបញ្ចប់បេសកកម្ម។
គូរបញ្ជាក់ថា បញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ ធ្វើឡើងក្រោយពីល្បែងភ្នាល់កំពុងរីកដូចផ្សិត នៅតាមហាងបាយ និង កាហ្វេ ក្នុងភូមិ ឃុំ-សង្កាត់ នានា ក្នុងប្រទេសកម្ពុជា។ហាងកាហ្វេ ឬ ហាងបាយមួយចំនួន មានដាក់ព្យួរទូរស្សន៍នៅជ្រុងម្ខាងក្នុងហាង ហើយក្បែរនោះ មានតុមួយ រួមជាមួយកុំព្យូទ័រមួយគ្រឿងលេងឆ្នោតឡូតូ។ ឆ្នោតឡូតូនេះ ទូទាត់ និង សងលុយភ្លាមៗ ក្រោយចេញលទ្ធផលប្រមាណ ៣នាទីម្ដង។នៅតាមតំបន់មួយចំនួន អាជ្ញាធរគ្មានសិទ្ធិអន្តរាគមន៍ឡើយ ព្រោះក្រុមហ៊ុនទាំងនោះ បើកស្របច្បាប់។
ពលរដ្ឋមួយចំនួនយល់ថា មន្ត្រីតាមមូលដ្ឋានគួរចុះអង្កេត និង កំណត់តំបន់អាជីវកម្មឆ្នោតទាំងនោះ និង គួរមានចំណាត់ការណាមួយសមស្រប ដើម្បីទប់ស្កាត់កុំឱ្យរីកសាយភាយទ្រង់ទ្រាយធំនៅតាមមូលដ្ឋាន ព្រោះវាអាចប៉ះពាល់ដល់សុខសុវត្ថិភាពពលរដ្ឋគ្រប់កន្លែងដែលនាំឱ្យមានបទល្មើស លួច ឆក់ ប្លន់ នៅមូលដ្ឋានជាដើម។
ក្រៅពីល្បែងនៅតាមហាងកាហ្វេសល្បែងភ្នាល់តាមអនឡាញ កំពុងពង្រីកខ្លួនយ៉ាងខ្លាំងផងដែរ។ដូច្នេះវាផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល«ភូមិ ឃុំ មានសុវត្ថិភាព»ដែលកំណត់ថា ភូមិឃុំ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន និង ល្បែងស៊ីសងខុសច្បាប់៕