ព្រះសីហនុ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី ១២ កញ្ញានេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅក្រុងព្រះសីហនុ។ព្រះសីហនុជាតំបន់មួយដែលប្រមូលផ្តុំនូវអ្នកវិនិយោគជាច្រើន ជាពិសេសជនជាតិចិន។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ឯកឧត្តមនាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។
នៅចំពោះមុខអង្គប្រជុំ សម្ដេច ស ខេង បានរម្លឹកជាថ្មីទៀតអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធឱ្យមានការគាំទ្រនិងចូលរួមក្នុងការងារនេះ តាមរយៈផ្ដល់បណ្ដាញ និងលេខទូរសព្ទទំនាក់ទំនងរាយការណ៍អំពីករណីនេះ ខណៈរហូតមកដល់ពេលនេះ ក្រសួងបានទទួលបណ្ដឹង និង ការរាយការណ៍ចំនួន១៨៦ករណី។
សម្តេច ស ខេង បានជំរុញរដ្ឋបាលខេត្តព្រះសីហនុ និង គ្រប់ភាគីពាក់ព័ន្ធ បន្តការខិតខំប្រឹងប្រែងបង្ក្រាបគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ដោយប្រកាន់យកគោលការណ៍៣ក្នុងកិច្ចប្រតិបត្តិការ គឺសង្គ្រោះជនរងគ្រោះ បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស និងចាប់ខ្លួនជនល្មើស បណ្ដាញ និង មេក្លោងពាក់ព័ន្ធមកផ្ដន្ទាទោសទៅតាមច្បាប់ ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ព្រមទាំងកិត្តិយសជាតិ៕