ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន បានសម្រេចឱ្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញដឹកជញ្ជូនប្រជាពលរដ្ឋពីភ្នំពេញ ទៅតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។
យោងតាមរយៈសារជាសំឡេង សម្តេច ហ៊ុន សែន ស្នើដល់រដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យពីលទ្ធភាពជាក់ស្តែងបញ្ចេញរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញដឹកជញ្ជូនប្រជាពលរដ្ឋពីភ្នំពេញ ទៅតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃដូចជាអ្វីដែលអាជ្ញាធរធ្លាប់បានធ្វើនាពេលកន្លងមក។
បើតាមសម្តេច ហ៊ុន សែន ពន្យល់ថា ការសម្រេចបញ្ចេញរថយន្តក្រុងសាធារណៈរបស់រដ្ឋពេលនេះ ធ្វើឡើងក្នុងគោលដៅជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ និង កាត់បន្ថយការតំឡើងថ្លៃរថយន្តក្រុងរបស់ក្រុមហ៊ុនឯកជន។ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានអំពាវនាវដល់ម្ចាស់រថយន្តរកស៊ីដឹកជញ្ជូនទាំងអស់កុំតំឡើងថ្លៃ ក្នុងឱកាសដែលកម្ពុជារៀបចំបិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ។
គួរបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ខ្មែរដែលមានតាំងពីបុរាណកាលមក។ ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ ជាពេលវេលា ដែលបងប្អូនប្រជាពលរដ្ឋខ្មែរ មានឱកាសក្នុងការធ្វើបុណ្យសន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។
កាលពីឆ្នាំ២០២១ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ពុំអាចធ្វើទៅបានដោយពេញដៃពេញជើងនោះទេ ដោយការជួបជុំធ្វើបុណ្យនៅតាមទីវត្តអារាមត្រូវបានផ្អាក ហើយការជួបជុំគ្រួសារក៏មិនតម្រូវអោយមានគ្នាច្រើនលើសចំនួនដែលកំណត់ដោយក្រសួងសុខាភិបាលដែរ។
សម្រាប់ឆ្នាំ២០២២នេះ រដ្ឋាភិបាលកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរបង្កើនកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ និង សម្រួលចរាចរណ៍នៅតាមមូលដ្ឋានរបស់ខ្លួន ក្នុងពិធីកាន់បិណ្ឌនេះ ខណៈដែលក្រសួងសុខាភិបាលវិញអំពាវនាវឱ្យប្រុងប្រយ័ត្នការឆ្លងកូវីដ១៩ និងការពុលអាហារ៕