ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដោយប្រើប្រាស់គម្រោងសាច់ប្រាក់ពលកម្មជំហាន២ សម្រាប់ឆ្នាំ២០២០ដល់២០២២។គម្រោងនេះ រដ្ឋភិបាលបានបង្កើនថវិការពី១៥០ប៊ីលានរៀល រហូតដល់ ៤១០ប៊ីលានរៀល ស្មើ នឹង១០០លានដុល្លារ។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា គម្រោងសាច់ប្រាក់ពលកម្ម ជំហាន ២ សម្រាប់ឆ្នាំ២០២០ ដល់ ឆ្នាំ២០២២ ដោយបន្ថែមការងារស្ដារ និង អភិរក្សធនធានធម្មជាតិ រួមមាន បឹងបួរ អាងស្តុកទឹក និងស្រះស្រោចស្រពដំណាំកសិកម្ម ព្រមទាំងពង្រីកវិសាលភាពគ្រប់ដណ្ដប់លើខេត្តសរុបចំនួន ១៨ និងបន្ថែមខេត្តថ្មីចំនួន ០៦ រួមមាន ខេត្តព្រះវិហារ ត្បួងឃ្មុំ ក្រចេះ ស្ទឹងត្រែង កំពង់ចាម និងខេត្តកំពត ព្រមទាំងគ្រោងថវិកាចំនួន៤៥១ប៊ីលានរៀលសម្រាប់រយៈពេល៣ឆ្នាំ ហើយក្នុងឆ្នាំ២០២០នេះ គ្រោងថវិកាចំនួន១៥០ប៊ីលានរៀល។
ប៉ុន្តែនៅឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបានសម្រេចប្រកាសឱ្យអនុវត្តវិធានការជុំទី៤ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចជាតិនៅក្នុងបរិការណ៍វិបត្តិ និងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ១៩ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចបង្កើនថវិកាគម្រោងសាច់ប្រាក់ពលកម្ម សម្រាប់ឆ្នាំ២០២០នេះពី១៥០ប៊ីលានរៀលឱ្យដល់៤១០ប៊ីលានរៀលស្នើនឹង១០០លានដុល្លារសហរដ្ឋអាមេរិក។
សូមជម្រាប់ជូនថា គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ មានគោលបំណងចូលរួមកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាព និងសុខមាលភាពរស់នៅរបស់ប្រជាជនជនបទ និងប្រជាកសិករក្រីក្រតាមរយៈ ការបង្កើតឱកាសការងាររយៈពេលខ្លី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងជនបទ។
បើតាមគម្រោង ក្នុងឆ្នាំ២០២០នេះមានសមត្ថភាពស្រូបយក ពលកម្មដែលបាត់បង់រយៈពេលខ្លីបានចំនួន ៨៩០ ០០០នាក់ កសាងផ្លូវលំបានចំនួន ២ ២៥៥គីឡូម៉ែត្រ ប្រឡាយជើងក្អែបបានចំនួន២ ៣៨៤ គីឡូម៉ែត្រ និង ភ្ជាប់បណ្ដាញអគ្គិសនីបូមទឹកកសិកម្មបានចំនួន ៤៥។
ជាការកត់សម្ភាល់ វិធានការទម្លាក់ថវិកាបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជាពេលនេះ ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងបញ្ហាអត់ការងារធ្វើ ជាពិសេសកម្មកក្នុងវិស័យកាត់ដេរ និងស្បែកជើង ដែលជាវិស័យដ៏សំខាន់នៃក្បាល់ម៉ាស៊ីនផ្នែកសេដ្ឋកិច្ចកម្ពុជា។
គិតត្រឹមចុងខែឧសភា រោងចក្រសរុបដែលបានព្យួរការងារនៅទូទាំងប្រទេសកម្ពុជាមានចំនួនជាង៣៣០រោងចក្រ។ ក្នុងនោះ រោងចក្រជាង១០០បានបញ្ចប់នូវការព្យួរការងារ ហើយបន្តចង្វាក់ផលិតកម្មរបស់ខ្លួនឡើងវិញ។រោងចក្រចំនួន២៣៧រោងចក្រកំពុងព្យួរការងារដែលប៉ះពាល់ដល់កម្មករ កម្មការិនីចំនួនជាង១១ម៉ឺននាក់។ចំណែករោងចក្រដែលបិទទ្វារតាមនីតិវិធីត្រឹមត្រូវវិញ គឺមានចំនួនជាង២០រោងចក្រ ខណៈជាង៣០រោងចក្រទៀតកំពុងដំណើរការទ្វារផងដែរ៕