Cctime 6monthsfree desktop
Cc times  web banner kh (2)

សហព័ន្ធស្រូវអង្ករ៖«អង្ករកម្ពុជា»អាចឡើងថ្លៃបាន អាស្រ័យលើកត្តាធម្មជាតិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ថៃ និងវៀតណាម នៅពេលថ្មីៗនេះ បានពិភាក្សាគ្នាក្នុងការដំឡើងតម្លៃអង្ករលើទីផ្សារពិភពលោក ក្នុងគោលបំណងជួយលើកកម្ពស់ប្រាក់ចំណូលនៅតាមជនបទ។គម្រោងនេះ ត្រូវបានសហ័ន្ធស្រូវអង្ករកម្ពុជា យល់ថាគឺពិតជារឿងល្អ ព្រោះបរិបទបច្ចុប្បន្ននេះមានការចំណាយលើធាតុចូលកសិកម្ម ថ្លៃដឹកគឺខ្ពស់។តែការដំឡើងថ្លៃ«អង្ករ»នៅកម្ពុជាអាចធ្វើទៅបាន ក៏អាស្រ័យលើកត្តាធម្មជាតិផងដែរ។

លោកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានឱ្យដឹងដែរថា ចំពោះការពិភាក្សាគ្នារវាងភាគីថៃ និងវៀតណាម ក្នុងការដំឡើងថ្លៃអង្ករសម្រាប់នាំចេញ គឺពិតជារឿងល្អ ព្រោះបរិបទបច្ចុប្បន្ននេះមានការចំណាយលើធាតុចូលកសិកម្ម ថ្លៃដឹកគឺខ្ពស់។ ដូចនេះភាគីដែលជាប្រទេសមានសក្តានុពលផលិតស្រូវ ក៏ដូចជាមានសក្តានុពល ចំពោះការនាំចេញអង្ករ គឺអាចដំឡើងថ្លៃបាន ដើម្បីជួយដល់ជីវភាពកសិករ។

បើតាមអ្នកជំនាញរូបនេះ នៅមានចំណុចសំខាន់មួយទៀត គឺការផលិតស្រូវនិងនាំចេញអង្ករនៅលើទីផ្សារពិភពលោកគឺនៅមានប្រទេសធំៗចំនួនៗទៀតដូចជា ឥណ្ឌា និង ប៉ាគីស្ថាន ហើយប្រទេសទាំងពីរនេះមានថ្លៃដើមនៃការផលិតគឺទាប ដូចនេះប្រទេសទាំងពីរនេះអាចនាំចេញអង្ករក្នុងតម្លៃថោក។ ដូចនេះកត្តានេះបានធ្វើឱ្យកម្ពុជាពិបាកពិចារណាក្នុងការដំឡើងតម្លៃអង្ករ។

ទោះបីជាយ៉ាងណាក៏ដោយ បម្រែបម្រួលកអាកាសធាតុបង្កឱ្យមានការខូចខាតនិងការចំណាយច្រើនទៅលើធាតុចូលកសិកម្ម ហើយទោះចង់ឬមិនចង់ក៏តម្លៃអង្ករកម្ពុជានារដូវកាលខាងមុខនឹត្រូវឡើងថ្លៃ ប៉ុន្ដែមិនទាន់ដឹងថាឡើងថ្លៃក្នុងកម្រិតណានោះទេ គឺត្រូវពឹងផ្អែកលើតម្លៃទីផ្សារជាក់ស្ដែង។

ប្រទេសថៃ និងវៀតណាម បានព្រមព្រៀងសហការគ្នា ក្នុងការដំឡើងតម្លៃអង្ករលើទីផ្សារពិភពលោក បន្ទាប់ពីកិច្ចពិភាក្សាអស់រយៈពេលជាច្រើនខែ ក្នុងគោលបំណងជួយលើកកម្ពស់ប្រាក់ចំណូលនៅតាមជនបទ។ ចំណែកឯតម្លៃ និងកាលបរិច្ឆេទនៃការអនុវត្តការដំឡើងថ្លៃនេះ គឺពុំទាន់បានឱ្យដឹងនៅឡើយទេ។

តែយ៉ាងណាក៏ដោយ អ្នកជំនាញដល់ថា វាមិនអាចទៅរួចទេក្នុងការកំណត់តម្លៃអង្ករដោយប្រទេស២ឬ៣នោះ ដោយសារតែប្រទេសទាំងអស់ដែលធ្វើការជួញដូរអង្ករសព្វថ្ងៃ គឺមានប្រទេសឥណ្ឌា ថៃ វៀតណាម ប៉ាគីស្ថាន សហរដ្ឋអាម៉េរិក កម្ពុជា និង ប្រទេសផ្សេងៗ មានការផ្គត់ផ្គង់នក្នុងទីផ្សារសេរី ហើយការផ្គត់ផ្កង់ក្នុងទីផ្សារសេរី គឺមិនអាចកំណត់តម្លៃដែលចង់បាននោះទេ។ ប៉ុន្តែអង្ករអាចឡើងថ្លៃបានលុះត្រាតែតម្លៃដឹកជញ្ជូនឡើងថ្លៃ ប្រទេសផលិតមិនអាចផលិតបានច្រើនដោយសារតែកត្តាគ្រោះធម្មជាតិ។

គួរបញ្ជាក់ថា ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២២ កម្ពុជានាំចេញអង្ករបានចំនួន ៣៥០.៩០២តោន គិតជាទឹកប្រាក់ចំនួន ២១៨.១៧ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ កម្ពុជា បាននាំអង្ករចេញទៅ កាន់ទីផ្សារអន្តរជាតិតាម រយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៦ប្រទេស៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង