ភ្នំពេញ៖ យុវជនមួយក្រុមបានរួមគ្នាបង្កើតគម្រោងមួយឈ្មោះថា E-Robot ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលការសរសេរកូដ និងមនុស្សយន្តទៅកាន់សិស្សនៅជនបទ និងលើកទឹកចិត្តចំពោះសិស្សស្រី ក្នុងការរៀនបច្ចេកវិទ្យាដោយឥតគិតថ្លៃ។ គម្រោងមួយនេះ ទទួលបានការកោតសរសើរ និងត្រូវបានគណៈកម្មការនៃការប្រកួតពិពណ៍គម្រោង ក្នុងកម្មវិធីទិវាយុវជនអន្តរជាតិកាលពីពេលថ្មីៗនេះ វាយតម្លៃឱ្យជាប់ជ័យលាភីជាគម្រោងមានប្រជាប្រិយភាព និងជាគម្រោងឆ្នើម ផងដែរ។
យុវតី ផែន ផល្លីដែត ជានិស្សិតទើបបញ្ចប់ការសិក្សាជំនាញទូរគមនាគមន៍ និងបណ្ដាញ នៅរាជ្យបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងជាតំណាងក្រុមគម្រោង E-Robot បាននិយាយថា គម្រោងនេះ ធ្វើឡើងនៅខេត្តតាកែវ ដោយសមាជិកក្រុមមានធនធានចំណេះដឹងផ្នែកបច្ចេកវិទ្យា ហើយស័្មគ្រចិត្តទៅបណ្តុះបណ្ដាលសិស្សអំពីការសរសេរកូដ និងមនុស្សយន្ត ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ នៅក្នុងអង្គការឆត្របៃតង ស្ថិតក្នុងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដែលសិស្សមិនសូវទទួលបានការសិក្សាអប់រំពេញលេញ។
តំណាងក្រុមគម្រោង E-Robot រូបនេះបន្តថា ក្រុមរបស់ពួកគេចុះទៅចែករំលែកចំណេះដឹងដល់សិស្សានុសិស្សនៅទីនោះ ដើម្បីឱ្យសិស្សានុសិស្សដឹងថា ជំនាញឌីជីថលពិតជាចាំបាច់បើទោះជាពួកគាត់មិនត្រូវរៀនជំនាញព័ត៌មានវិទ្យា។ បន្ថែមពិនេះទៀត ចង់លើកទឹកចិត្តសិស្សានុសិស្ស នៅពេលដែលរៀនចប់គឺអាចមានលទ្ធភាពទៅជួយសហគមន៍របស់ខ្លួន។
យុវតី ផែន ផល្លីដែត បានបន្ដថា តាមរយៈគម្រោង E-Robotនេះ សង្ឃឹមថា សិស្សរក្សាការសិក្សា កុំឱ្យគិតថា ហេតុអ្វីបានជាគាត់ត្រូវរៀន? ដែលធ្វើឱ្យពួកគាត់បោះបង់ចោលការសិក្សា ហើយទៅធ្វើការទាំងវ័យក្មេង និងអត់មានអ្នកទៅប្រាប់គាត់នៅពេលរៀនចប់ត្រូវធ្វើអ្វី? ត្រូវត្រៀមខ្លួនដូចម្ដេចខ្លះ?
យុវតីរូបនេះ ដែមទាងបាននិយាយទៀតថា «យើងគិតថា វត្តមានរបស់ពួកយើងអាចចូលរួមធ្វើឱ្យគាត់អាចផ្លាស់ប្ដូរផ្នត់គំនិតរបស់គាត់ ហើយយើងចង់ឃើញអត្រានៃការបោះបង់ចោលការសិក្សាមានកម្រិតទាប និងមនុស្សក្នុងជំនាញស្ទែម (STEM) មានការកើនឡើង»។
យុវតី ផែន ផល្លីដែត បានឱ្យដឹងទៀតថា «យើងទៅធ្វើកិច្ចការងារទាំងអស់នេះ ដើម្បីបង្ហាញថា ស្រ្តីមានលទ្ធភាពនៅក្នុងការបណ្ដុះបណ្ដាលជំនាញឌីជីថល និងអាចធ្វើការនៅក្នុងជំនាញផ្សេងៗទៀតទាក់ទងជាមួយបច្ចេកវិទ្យា ហើយយើងក៏អាចដើរតួជាគំរូស្រ្តីក្នុងការបញ្ឈប់គំនិតថា បច្ចេកវិទ្យាជាជំនាញរបស់បុរសគឺយើងមិនចង់ឱ្យមានបែបហ្នឹង»។
យុវតី ផែន ផល្លីដែត ក៏បានលើកទឹកចិត្តដល់យុវជនទាំងអស់ជាពិសេសសិស្សស្រី ឬក្មេងស្រីឱ្យចាប់អារម្មណ៍ទៅលើជំនាញបច្ចេកវិទ្យា ដោយសារបច្ចេកវិទ្យាគឺពិតជាត្រូវការខ្លាំងក្នុងទីផ្សារការងារ ប៉ុន្តែធនធានយើងគឺមានតិចខ្លាំងមែនទែន ។ ទន្ទឹមគ្នានេះ យុវជនរបស់យើងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការងារ ឬជំនាញដែលយើងជ្រើសរើស។ ដូច្នេះ កុំមានអារម្មណ៍ស្ទាក់ស្ទើរ ខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចធ្វើបាន៕