Yearendyearend1140x150

អ្នកជំនាញ៖ការធ្លាក់ចុះ«ការបញ្ជាទិញពីលោកខាងលិច»អាចរង្គោះរង្គើការងារកម្មករ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា 

ភ្នំពេញ៖ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) បានបង្ហាញពីក្តីកង្វល់ពីការធ្លាក់ចុះការបញ្ជាទិញសម្លៀកបំពាក់របស់ក្រុមប្រទេសលោកខាងលិចនៅឆមាសទី១ ក្នុងឆ្នាំ២០២២នេះ។ការធ្លាក់ចុះនេះ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា វាអាចរង្គោះរង្គើការងារ និង ប្រាក់ចំណូលរបស់កម្មករខ្មែរដែលអាស្រ័យផលលើការងារនេះ។

អ្នកបញ្ជាទិញសម្លៀកបំពាក់ធំៗបំផុតមួយចំនួនរបស់កម្ពុជាក្នុងបណ្តាប្រទេសលោកខាងលិច បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ហើយមានការកែប្រែនៅក្នុងកិច្ចសន្យាបញ្ជាទិញជាដើម។មូលហេតុ និយោជកពន្យល់ថា ដោយសារថ្លៃពលកម្មខ្ពស់រួមជាមួយនឹងការបង់ភាគទានទៅរបបសន្តិសុខសង្គមផ្នែកសោធនសម្រាប់កម្មករនិយោជិតវិស័យឯកជនដែលគ្រោងអនុវត្តចាប់ពីថ្ងៃទី០១ ខែតុលា និង ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យដែលនឹងត្រូវកំណត់ ហើយចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំក្រោយ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា បានថ្លែងថា នាពេលអនាគតរោងចក្រកាត់ដេរមួយចំនួននៅកម្ពុជាអាចប្រឈមនឹងការបិទទ្វារ ហើយប្រជាពលរដ្ឋខ្មែរមួយចំនួនក៏អាចនឹងបាត់បង់ការងារផងដែរ។លោកថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ននេះ គឺស្ថិតនៅក្នុងកំណើនតិចតួច ដោយសារតែរងនូវផលប៉ះពាល់ជាសកលមួយចំនួន។

បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ ការធ្លាក់ចុះការបញ្ជាទិញសម្លៀកបំពាក់ពីលោកខាងលិចនាពេលបច្ចុប្បន្ននេះ វាអាចនឹងមានផលប៉ះពាល់មួយចំនួនទៀតដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសទំហំនៃការនាំចេញរបស់កម្ពុជានឹងមានភាពថមថយ ហើយប្រជាពលរដ្ឋអាចប្រឈមនឹងការបាត់បង់ការងារដោយសាររោងចក្រកាត់ដេរមួយចំនួនក៏បានបិទទ្វារឬកាត់បន្ថយផលិតកម្មជាដើម។

លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) បានថ្លែងថា បរិយាកាសសកលដែលមិនស្ថិរភាព និងភាពទំនងកាន់តែខ្លាំងឡើងនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសលោកខាងលិច ដែលមានអ្នកបញ្ជាទិញសម្លៀកបំពាក់ធំៗបំផុតមួយចំនួនរបស់កម្ពុជាបានបណ្តាលឲ្យមាន«ក្តីបារម្ភធ្ងន់ធ្ងរអំពីស្ថានភាពនាំចេញសម្រាប់ឆមាសទី២»។

លោកបន្តថា៖ «ការកើនឡើងការចំណាយទ្វេដងនេះ គឺវាធ្ងន់ធ្ងរគ្រប់គ្រាន់ហើយដែលត្រូវបារម្ភ ដោយមិនទាន់និយាយអំពីបញ្ហាដទៃៗទៀតដូចជាការចំណាយខ្ពស់លើថ្លៃភស្តុភារ និងការចំណាយខ្ពស់ជាងមុនសម្រាប់អនុលោមភាព ដែលកំពុងកើនឡើង[ជាប្រចាំឆ្នាំ]» ដែលធ្វើឲ្យកើនឡើងដោយសារការទាមទាររបស់អ្នកបញ្ជាទិញ។

យោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ប្រទេសកម្ពុជាបាននាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅក្នុងឆមាសទីមួយនៃឆ្នាំនេះមានចំនួន៦,៦ពាន់លានដុល្លារ កើនឡើង៤០ភាគរយពីចំនួន៤,៧២ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលឆ្នាំមុន។ «ផលិតផលធ្វើដំណើរ»រួមមាន វ៉ាលី កាបូបស្ពាយក្រោយ កាបូបយួរដៃ កាបូបលុយ និងផលិតផលស្រដៀង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង