Yearendyearend1140x150

បញ្ហាប្រឈមពិភពលោកបង្ខំឱ្យធនាគារកណ្ដាលតម្លើងអត្រាការប្រាក់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយទ្វេភាគីពីប្រទេសអេស្ប៉ាញ

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីបញ្ហាប្រឈមជាសាកលដែលកំពុងកើតមានឡើងគួរអោយព្រួយបារម្ភដូចជាប្រេងសាំងឡើងថ្លៃ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ខណៈជំងឺកូវីដ-១៩បានថមថយតែមិនទាន់បានបញ្ចប់នៅឡើយ ហើយបញ្ហាប្រឈមទាំងអស់នេះអាចបន្ទច់បង្អាក់សន្ទុះនៃការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចសកល ជាពិសេសជំរុញឱ្យធនាគារកណ្តាលត្រូវបង្ខំចិត្ដដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការបន្តកើនឡើងនៃអតិផរណា។ ប្រសាសន៍បែបនេះត្រូវបានថ្លែងឡើងនៅក្នុងឱកាសដែលសម្ដេចបានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយទ្វេភាគីពីប្រទេសអេស្ប៉ាញ នៅថ្ងៃទី១៨ ខែសីហានេះ នៅទីស្ដីការគណៈរដ្ឋមន្រ្តី។

នៅក្នុងឱកាសនេះ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា ជាក់ស្តែង ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឱ្យមានអតិផរណាខ្ពស់ នៅគ្រប់ទីកន្លែង ជាពិសេសសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ដែលបានជំរុញឱ្យធនាគារកណ្តាលត្រូវបង្ខំចិត្ដដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការបន្តកើនឡើងនៃអតិផរណាដែលការណ៍នេះអាចនឹងធ្វើឱ្យតម្រូវការសាកលធ្លាក់ចុះ ហើយជាងនេះទៅទៀត អតិផរណាខ្ពស់ ក៏បាននិងកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើងមកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាផងដែរ ។

សម្ដេច ហ៊ុន សែន បានបន្តថា ស្ថិតក្នុងកាលៈទេសៈដ៏លំបាក និង ពិបាកប៉ាន់ប្រមាណនេះ យើងត្រូវការជាចាំបាច់នូវកិច្ចសហ-ប្រតិបត្តិការ និង ការចេះជួយគ្នាទៅវិញទៅមក ជាងពេលណាៗទាំងអស់ និង សូមលើកទឹកចិត្តឱ្យមានការចាត់ទុកសុខុមាលភាពរបស់ប្រជាជន និង សុខភាពសាធារណៈជាអាទិភាពខ្ពស់បំផុត,ប្រកាន់ខ្ជាប់ ជានិច្ចនូវស្មារតីជួយគ្នាទៅវិញទៅមក និង ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា នៅអំឡុងខែមីនា និងខែមេសា ឆ្នាំ២០២២នេះ សកម្មភាពសេដ្ឋកិច្ចពិភពលោកបន្តមានកំណើន ប៉ុន្តែយឺតជាងការរំពឹងទុក ដោយសារការអូសបន្លាយនៃវិបត្តិភូមិសាស្ត្រនយោបាយរុស្ស៊ី-អ៊ុយក្រែន។ អតិផរណាពិភពលោកបានកើនឡើងខ្ពស់នៅស្ទើរគ្រប់ប្រទេស ដោយសារផលប៉ះពាល់នៃការឡើងថ្លៃប្រេងឥន្ធនៈនិងកំណើនតម្រូវការ។

ចំពោះកម្ពុជា សកម្មភាពសេដ្ឋកិច្ចបានបន្តងើបឡើងដែលគាំទ្រជាចម្បងដោយកំណើននៃវិស័យកម្មន្តសាល និងការងើបឡើងសន្សឹមៗនៃវិស័យទេសចរណ៍ ខណៈកំណើនវិស័យកសិកម្ម និងវិស័យសំណង់បានថមថយ។ ជាមួយគ្នានេះ ការកើនឡើងថ្លៃប្រេងឥន្ធនៈ និងម្ហូបអាហារពិភពលោក បាននាំឱ្យកម្រិតអតិផរណានៅកម្ពុជាកើនឡើងគួរឱ្យកត់សម្គាល់មិនធ្លាប់មានបើគិតក្នុងរយៈពេល ១ទសវត្សរ៍ចុងក្រោយនេះ។

ក្នុងស្ថានភាពនេះ គណៈកម្មាធិការនយោបាយរូបិយវត្ថុ បានសម្រេចអនុវត្តនយោបាយរូបិយវត្ថុសម្រាប់គ្រាបន្ទាប់ ដូចជា៖ រក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក ដោយប្រើប្រាស់ឧបករណ៍ផ្សេងៗ, រួមទាំងការធ្វើអន្តរាគមន៍ និងការបញ្ចេញសន្ទនីយភាពជាប្រាក់រៀលរក្សាអត្រាការប្រាក់ដេញថ្លៃនៃប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO)និងការផ្តល់សន្ទនីយភាពរយៈពេលខ្លី (MLF) ក្នុងកម្រិតសមស្រប, ផ្តល់សន្ទនីយភាពតាមយន្តការ LPCO ក្នុងបរិមាណដែលជួយដល់តម្រូវការប្រាក់រៀលរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ, រក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ចក្នុងអត្រា ៧% ទាំងប្រាក់រៀល និងដុល្លារអាមេរិក និង លើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់ប្រាក់រៀល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង