
ភ្នំពេញ៖ ការផលិតអំបិលរបស់កម្ពុជា មានប្រមាណជិត៤ម៉ឺនតោន គិតត្រឹម៦ខែដើមឆ្នាំ២០២២នេះ។ សម្រាប់ការផ្គត់ផ្គង់អំបិល កម្ពុជានៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ចែកចាយការប្រើប្រាស់ក្នុងរយៈពេលមួយឆ្នាំទេ ក៏ប៉ុន្តែកម្ពុជានៅមិនទាន់មានសញ្ញាខ្វះខាតអំបិលទេ គិតមកដល់ពេលនេះ។ ទន្ទឹមនឹងនេះ កម្ពុជាក៌មានការស្តុកទុកនូវអំបិលដែលបានផលិតកាលពីឆ្នាំមុន ហើយក៏មានការនាំចូលអំបិលពីប្រទេសឥណ្ឌាបន្ថែមដែរ។ នេះបើតាមការលើកឡើងរបស់លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្មទទួលបន្ទុកការងារស្រែអំបិល។
លោក ហួន សុរង្សី ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះ បានឲ្យដឹងថា ចំនួនអំបិលដែលកម្ពុជាប្រើប្រាស់ប្រចាំឆ្នាំប្រហែលរង្វង់ ១០ម៉ឺនតោន ក្នុងការចែកចាយប្រើប្រាស់សម្រាប់អំបិលក្នុងទីផ្សារប្រហែលជា ៥ម៉ឺនតោន មានន័យថាអំបិលដែលមានជាតិអ៊ីយ៉ូត និងជាអំបិលបែបធម្មជាតិ មិនមែនជាអំបិលរ៉ែដែលគេយកមកប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មទេ។ ចំណែកវិស័យឧស្សាហកម្ម ប្រើប្រាស់ក្នុងរង្វង់ប្រមាណ ៣ម៉ឺនតោន ប៉ុន្តែក្នុងវិស័យឧស្សាហកម្មត្រូវបូកជាមួយវិស័យកសិកម្មទៀតសម្រាប់ការប្រើប្រាស់ដែរ។ ហើយនៅសល់ចុងឆ្នាំនេះ គឺត្រូវការប្រើប្រាស់ប្រហែល ១ម៉ឺនតោន-២ម៉ឺនតោនទៀត ដោយសារបម្រើការទៅលើការផលិតត្រីប្រហុកចុងឆ្នាំនេះ។
លោក ហួន សុរង្សី បានបន្តថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលចាត់ទុកអំបិលជាយុទ្ធសាស្ត្រ បានគិតគូរគ្រប់ជ្រុងជ្រោយ ហើយបន្តតាមដានរាល់សប្តាស៍ ដែលមានក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ ជាអ្នកទទួលខុសត្រូវទៅលើការងារស្រែអំបិល គ្រប់គ្រងទីលើការចែកចាយអំបិល និងតម្លៃអំបិលនៅលើទីផ្សារ ក៏ដូចជាការនាំចេញនាំចូលអំបិល ក៏ក្រសួងមានតួនាទីចូលរួមត្រួតពិនិត្យជាមួយស្ថាប័នក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងគយ។
លោកបានឲ្យដឹងទៀតថា គិតពេលបច្ចុប្បន្ននេះ អំបិលមិនទាន់មានសញ្ញាខ្វះខាតទេ ទោះបីការផលិតបានក្នុងរង្វង់ ៤ម៉ឺនតោន ប៉ុន្តែនៅមានស្តុកឆ្នាំចាស់ ដែលកម្ពុជាផលិតបានក្នុងឆ្នាំ២០២១ផលិតបានច្រើន។ ជាក់ស្តែង ស្តុកអំបិលបានចែកចាយទៅគ្រប់ខេត្តបន្ត រីឯអំបិលប្រើប្រាស់សព្វថ្ងៃនេះ នៅប្រើប្រាស់អំបិលចាស់មិនទាន់នឹងអស់ផង។ ក្រសួងមានគោលការណ៍មួយអនុញ្ញាតស្តុកបម្រុង ៦ម៉ឺនតោនសម្រាប់ការនាំចូលអំបិលពីឥណ្ឌា ប៉ុន្តែអំបិលមិនទាន់បានប្រើប្រាស់ទេ គឺកំពុងស្តុកដើម្បីត្រៀមខ្លាចមានការខ្វះខាត ព្រោះដឹងហើយថា ការជួបបញ្ហាមួយធំកាលពីសម័យកូវីដផ្ទុះខ្លាំង បិទជើងដឹកជញ្ចូនទាំងអស់ ប្រសិនបើពេលនោះខ្វះអំបិល គឺនឹងអាចមានគ្រោះថ្នាក់ធំ និងអាចឆ្លៀតឳកាសអំបិលរ៉ែនាំចូល នាំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ។ ប៉ុន្តែជារឿងល្អមួយ ក្នុងឆ្នាំនោះ កម្ពុជាផលិតអំបិលបានច្រើន ដូច្នេះប្រើប្រាស់មិនអស់ទេ កម្ពុជានៅតែមានស្តុកអំបិលចាស់ប្រើប្រាស់។
លោក ហួន សុរង្សី បានបញ្ជាក់ថា ការផលិតអំបិលកម្ពុជា គឺជាការផលិតអំបិលបែបធម្មជាតិ ដោយអាស្រ័យលើកម្តៅព្រះអាទិត្យសុទ្ធសាធ ហើយតាមការស្រាវជ្រាវរបស់អន្តរក្រសួង ការផលិតអំបិលសព្វថ្ងៃមានផលប៉ះពាល់ពីរ ទី១គឺបញ្ហាអាកាសធាតុ មានភ្លៀងច្រើន ទី២បញ្ហាវិបត្តិកង្វះពលកម្ម ដោយសារពលរដ្ឋមានឳកាសការងារច្រើន យើងបានដឹងហើយថាកម្ពុជាជាប្រទេសមានការអភិវឌ្ឍច្រើន ដូច្នេះធ្វើឲ្យពលរដ្ឋជ្រើសរើសការងារផ្សេង ដែលមានភាពងាយស្រួលជាងការងារផលិតអំបិល៕