ជប៉ុន៖ លោក សំ វិទ្យា ជានិស្សិតដែលធ្លាប់បានធ្វើការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Chung-Ang (Chung-Ang University) នៃប្រទេសកូរ៉េខាងត្បូង។ អ្វីដែលលោក វិទ្យា រំពឹងទុកថានឹងបានរៀនពីការផ្លាស់ប្ដូរកម្មវិធីសិក្សានៅប្រទេសកូរ៉េខាងត្បូង គឺលើសពីការរំពឹងទុក បន្ទាប់ពីលោកបញ្ចប់ការផ្លាស់ប្ដូរកម្មវិធីសិក្សានៅប្រទេសកូរ៉េខាងត្បូង។
លោក វិទ្យា បានប្រាប់ស៊ីស៊ីថាមស៍ថា មុនពេលលោកទទួលបានឱកាសនៃការផ្លាស់ប្ដូរកម្មវិធីសិក្សានោះ លោកបានរកសាកលវិទ្យាល័យដែលផ្ដល់នូវការផ្លាស់ប្ដូរកម្មវិធីសិក្សា ដែលក្នុងនោះមានសាកលវិទ្យាល័យចំនួន ០៥ ដែលបានបើក និងមានជំនាញ ០៥ផ្សេងពីគ្នា។ បន្ទាប់មក ពិនិត្យមើលការទាមទារ ឬលក្ខខណ្ឌ នៃការផ្លាស់ប្ដូរកម្មវិធីសិក្សាទាំងនោះ និងរៀបចំឯកសារទាំងនោះ ដើម្បីដាក់ពាក្យស្នើសុំការផ្លាស់ប្ដូរកម្មវិធីសិក្សា។
លោក វិទ្យា បានបន្ដថា តាមរយៈការផ្លាស់ប្ដូរកម្មវិធីសិក្សានេះ លោករំពឹងថា លោកនឹងបានស្វែងយល់ពីកម្រិត និងស្ដង់ដារនៃការអប់រំរបស់សាកលវិទ្យាល័យនៃប្រទេសកូរ៉េ។ មិនតែប៉ុណ្ណោះលោកអាច ប្រៀបធៀបផលលំបាក និងកម្រិតនៃកម្មវិធីសិក្សារបស់គេ ជាមួយនឹងការសិក្សាបច្ចុប្បន្នរបស់លោក។ ដូច្នេះ លោកអាចវាយតម្លៃពីកម្រិតនៃការសិក្សារបស់លោក។
លោក វិទ្យា បានបន្ថែមទៀតថា ប៉ុន្ដែការសិក្សារៀនសូត្រពីការផ្លាស់ប្ដូរកម្មវិធីសិក្សានេះ លើសពីការរំពឹងទុករបស់លោក។ លោកបានជួប និងស្គាល់មិត្តភក្តិមកពីបណ្តាប្រទេសអាស៊ានជាច្រើន ហើយលោកក៏យល់អំពីកម្រិតចំណេះដឹងរបស់ពួកគេផងដែរ។ ដូច្នេះលោក អាចស្គាល់ពីខ្លួនឯង ថាតើចំណេះដឹងរបស់លោក សមនឹងស្តង់ដារអប់រំអាស៊ាន បានឬអត់។
សិស្សានុសិស្សភាគច្រើនមានការព្រួយបារម្ភពី GPA និង IELTS លោក វិទ្យា ក៏បានឱ្យដឹងដែរថា GPA និង IELTS សំខាន់ឬអត់អាស្រ័យទៅលើការទាមទារ ឬលក្ខខណ្ឌរបស់សាកលវិទ្យាល័យនីមួយៗ ព្រោះមានកម្មវិធីសិក្សា របស់សាកលវិទ្យាល័យមួយចំនួនតម្រូវឱ្យមាន GPA ចាប់ពី ២,៥។ អ្វីដែលសំខាន់នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ ឬការផ្លាស់ប្ដូរកម្មវិធីសិក្សា គឺភាពជឿជាក់ និងការខិតខំប្រឹងប្រែងរបស់ខ្លួន។
លោក វិទ្យា បានបន្ថែមថា សម្រាប់សិស្សានុសិស្ស ដែលត្រៀមខ្លួននឹងការផ្លាស់ប្ដូរកម្មវិធីសិក្សា ជាដំបូងត្រូវរៀបចំឱ្យបានល្អសម្រាប់កម្មវិធីសិក្សា ដែលពួកគេមានបំណងដាក់ពាក្យ។ ជ្រើសរើសកម្មវិធីសិក្សាមួយ និងត្រៀមខ្លួនសម្រាប់តែកម្មវិធីសិក្សានោះ។ ទីពីរ ដំណោះស្រាយលើបញ្ហាភាសា ដោយសារពួកគេតម្រូវឱ្យសរសេរ និងនិយាយភាសាអង់គ្លេសឱ្យបានល្អ ចាប់តាំងពីដំណើរការជ្រើសរើសរហូតដល់ចប់កម្មវិធី។ កុំជ្រើសរើសកម្មវិធីសិក្សា ដែលមិនត្រូវនឹងជំនាញដែលខ្លួនកំពុងសិក្សា វានឹងនាំឱ្យប្រឈមនឹងឧបសគ្គមួយចំនួន នៅពេលដែលសរសេរ personal statement ។
គួរបញ្ជាក់ លោក សំ វិទ្យា ជាអតីតនិស្សិត នៃសាកលវិទ្យាប៊ូរផា ប្រទេសថៃ ជំនាញ Embedded Systems Engineering និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនេះនៅក្នុងឆ្នាំ២០២០។ បច្ចុប្បន្ន លោកកំពុងបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញប្រព័ន្ធព័ត៌មាន នៅសាកលវិទ្យាល័យជាតិយ៉ូកូហាម៉ា ប្រទេសជប៉ុន៕