Yearendyearend1140x150
Img 0571

អ្នកនាំពាក្យ៖វិស័យឧស្សាហកម្មនៅកម្ពុជារីកចម្រើនដោយសារទំនាក់ទំនងអន្តរជាតិល្អ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍។

ភ្នំពេញ៖ វិស័យឧស្សាហកម្មនៅកម្ពុជាមានការរីកលូតលាស់ទៅមុខ ទោះបីស្ថិតនៅក្នុងគ្រាដែលកម្ពុជាកំពុងប្រឈមនឹងបញ្ហាកូវីដ-១៩ក៏ដោយ។ ក្រោមការដឹកនាំរបស់ប្រមុខថ្នាក់ដឹកនាំកម្ពុជា បានធ្វើឲ្យកម្ពុជាមានលក្ខណៈពិសេស ក្នុងការបន្តលូតលាស់នូវវិស័យឧស្សាហកម្មរបស់ខ្លួន និងភាពល្អប្រសើរនូវលទ្ធភាពក្នុងការបើកចំហប្រទេស ទាំងសង្គម និងសេដ្ឋកិច្ចបានពេញលេញ។ ទាំងនេះគឺដោយសារតែកម្ពុជាមានទំនាក់ទំនងអន្តរជាតិការបរទេសល្អជាមួយចិន ដែលជាប្រទេសផ្គត់ផ្គង់វត្ថុធាតុដើមនៅទូទាំងពិភពលោក។ នេះជាការលើកឡើងរបស់ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តម ហេង សុខគង់ បានឲ្យដឹងអំពីសមិទ្ធផលសម្រេចរយៈពេល៥ឆ្នាំរបស់ក្រសួង ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកក្តី ក៏វិស័យឧស្សាហកម្មនៅកម្ពុជាបន្តការរីកចម្រើនទៅមុខឥតឈប់ឈរ។ ក្រោមមគ្គទេសក៍ដឹកនាំរបស់សម្តេច ហ៊ុន សែន កម្ពុជាមានលក្ខណៈពិសេសកត្តារួម គឺកត្តាសុខសន្តិភាព កត្តាទី២គឺទំនាក់ទំនងអន្តរជាតិល្អនេះហើយដែលធ្វើឲ្យកម្ពុជាមានលទ្ធភាពទទួលបានវ៉ាក់សាំងពីគ្រប់ប្រទេសជាមិត្តទាំងអស់ ដែលជាការបង្កើតសហគមន៍មានភាពស៊ាំ និងមានភាពល្អប្រសើរ ដែលអាចឲ្យកម្ពុជាមានលទ្ធភាពក្នុងការបើកចំហប្រទេស ទាំងសង្គម និងសេដ្ឋកិច្ចបានពេលលេញ។ ទាំងនេះគឺជាការបង្កើតនូវជំនឿទុកចិត្តមួយទៀត ទាំងសម្រាប់អ្នកបញ្ជាទិញ និងសម្រាប់អ្នករោងចក្រសហគ្រាសដែលអ្នកវិនិយោគមិនបារម្ភថាអាចបិទទ្វារ។

ឯកឧត្តម ហេង សុខគង់ បានបញ្ជាក់ថា នៅក្នុងដំណាក់កាលដ៏សំខាន់គឺនៅចុងឆ្នាំ២០១៩ វីរុសកូវីដ-១៩ គឺចេញពីតំបន់វូហាន ប្រទេសចិន ហើយនៅពេលនោះប្រទេសចិនបានចាប់ផ្តើមបិទទ្វារ ធ្វើឲ្យបណ្តារោងចក្រនៅប្រទេសចិនគឺបិទទ្វារដូចគ្នា។ រោងចក្រនៅប្រទេសចិន គឺជាប្រភពដើមនៃការផ្គត់ផ្គង់វត្ថុធាតុដើមនៅទូទាំងពិភពលោក។ រោងចក្រនៅកម្ពុជា កាត់ដេរសម្លៀកបំពាក់ កាបូក ស្បែកជើង គឺត្រូវការវត្ថុធាតុដើម ៨០%ពីប្រទេសចិន និង២០%ពីប្រទេសវៀតណាម ហើយនៅក្នុងដំណាក់កាលនោះនៅឆ្នាំ២០២០សល់តែ៣-៤ខែប៉ុណ្ណោះកម្ពុជានឹងអស់វត្ថុធាតុដើមសម្រាប់ផលិត ប៉ុន្តែដោយសារកម្ពុជា មានទំនាក់ទំនងល្អជាមួយចិន ជាពិសេសកម្ពុជាបានធ្វើការទំនាក់ទំនងទៅខាងក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ចិន ដើម្បីធ្វើយ៉ាងណាឲ្យមានការផ្គត់ផ្គង់ជាលក្ខណៈពិសេសមកកម្ពុជា។

ឯកឧត្តម ហេង សុខគង់ បានបន្តថា នៅក្នុងដំណាក់ដែលមានវិបត្តិកូវីដជាសកល កម្ពុជាទទួលបានវត្ថុធាតុដើមមុនគេបំផុតនៅលើពិភពលោក ដែលនេះគឺជាការបង្កើននូវជំនឿទុកចិត្តបន្ថែមទៀតសម្រាប់អ្នកវិនិយោគិនមិនព្រួយបារម្ភទាំងកង្វះខាតនៃវត្ថុធាតុដើម ទាំងមិនព្រួយបារម្ភការបិទទ្វាររោងចក្រ ទាំងមិនបារម្ភពីការបញ្ជាទិញ កត្តាទាំងអស់នេះធ្វើឲ្យអ្នកវិនិយោគបណ្តាក់ទុនបន្ថែមនៅកម្ពុជា។ ត្រឹមតែពាក់កណ្តាលនៃដើមឆ្នាំ២០២២នេះ កម្ពុជាបានបើករោងចក្រថ្មីចំនួន ១១២។

ឯកឧត្តម បានឲ្យដឹងទៀតថា ឧស្សាហកម្មផលិតកង់កម្ពុជាបាននាំចេញទៅពិភពលោកគឺទទួលបានចំណាត់ថ្នាក់លេខ៥ ហើយចំណាត់ថ្នាក់លេខ១នាំចេញទៅសហគមន៍អឺរ៉ុប ដែលត្រឹមតែក្នុងរយៈពេលពាក់កណ្តាលឆ្នាំ២០២២នេះ កម្ពុជាបានផលិត និងលក់បានសរុបរហូតដល់ ៥២០លានដុល្លារសហរដ្ឋអាម៉េរិក។ បើនិយាយពីកំណើនប្រៀបធៀបនៅឆ្នាំ២០២១ កម្ពុជាលក់កង់បានតែ ១៦៦លានដុល្លារសហរដ្ឋអាម៉េរិក ដែលសង្គេតឃើញថាកំណើននៃការនាំចេញកង់នេះ បាននាំមកនូវចំណូលដល់ជាតិយ៉ាងច្រើន។

ទន្ទឹមនេះ ការបង្កើតនូវរោងចក្រថ្មីចំនួន១១២នៅកម្ពុជា ក៏បានបង្កើតការងារដល់ពលរដ្ឋ ជាង៧ម៉ឺននាក់ និងមានដើមទុនវិនិយោគរហូតដល់ជាង ១១៨៩ លានដុល្លារសហរដ្ឋអាម៉េរិក។ រាជរដ្ឋាភិបាលក្នុងករណីដែលសេដ្ឋកិច្ចមានកំណើន ទាំងប្រាក់ខែមន្ត្រីរាជការ ប្រាក់ខែកម្មករ កម្មាការិនី នឹងនៅតែបន្តឡើង ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីប្រែក្លាយកម្ពុជាពីប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅចំណូលមធ្យមកម្រិតខ្ពស់បាន លុះត្រាប្រជាពលរដ្ឋមានកម្រិត GDP ចំណូលពី ៦០០០-៧០០០ដុល្លារក្នុងមួយឆ្នាំ ហើយបន្តដំឡើងប្រាក់ខែនៅឆ្នាំ២០៥០ ដោយរាជរដ្ឋាភិបាលបានគិតគូរពីស្ថានភាពសេដ្ឋកិច្ចដើម្បីធានាដល់មីក្រូសេដ្ឋកិច្ចរាំងមាំជួយដល់ប្រទេសកម្ពុជាឲ្យមានការរីកចម្រើនទៅមុខ និងសម្រេចចក្ខុវិស័យដែលកម្ពុជាបានដាក់ចេញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង