
ភ្នំពេញ៖ វត្ថុបុរាណខ្មែរទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីសារមន្ទីរបានបង្កើតឡើងនៅកំឡុងឆ្នាំ១៩១០។ ការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានធ្វើឱ្យប្រទេសមួយចំនួន បានស្នើសុំខ្ចីវត្ដុបុរាណខ្មែរ ដាក់តាំងពិព័រណ៍នៅឯនាយប្រទេស។ ប្រទេសដែលធ្លាប់បានស្នើសុំខ្ចីវត្ថុបុរាណខ្មែរទៅដាក់តាំងបង្ហាញ មានប្រទេសឥណ្ឌា ជប៉ុន បារាំង និងសហរដ្ឋអាម៉េរិក ជាដើម។
វត្ថុបុរាណខ្មែរទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ បន្ទាប់ពីសារមន្ទីរបានបង្កើតឡើងនៅកំឡុងឆ្នាំ១៩១០។ ក្នុងនោះដែរ ប្រទេសឥណ្ឌាប្រហែលជាប្រទេសទី១ ដែលបានទាក់ទងសុំខ្ចីបុរាណវត្ថុមួយចំនួន០២ ពីសារមន្ទីរជាតិលើកដំបូង ចូលរួមតាំងពិព័រណ៍មួយស្តីពី «Buddha Jayati» នៅទីក្រុងដេលីកាលពីឆ្នាំ១៩៥៧។
លុះដល់ឆ្នាំ១៩៦៣ ប្រទេសជប៉ុនបានស្នើសុំខ្ចីបុរាណវត្ថុចំនួន៣៦ ទៅតាំងពិព័រណ៍ស្តីពី «Exhib - ition of Royal Cambodian Art Treasures» នៅទីក្រុងតូក្យូ ណាហ្កាអូយ៉ា និងអូសាកា។ វត្ថុបុរាណដែលប្រទេសជប៉ុនខ្ចីនាពេលនោះ មានប្រភពមកពីព្រះបរមរាជវាំង សារមន្ទីរជាតិនៃកម្ពុជា និងអភិរក្សដ្ឋានអង្គរ។ វត្ថុបុរាណទាំងនោះ រួមមាន គ្រឿងរបាំ រូបចម្លាក់អំពីថ្នភក់ ឈើ និងសំរិទ្ធ។

សកម្មភាពនៃការខ្ចីបុរាណវត្ថុខ្មែរ ត្រូវបានផ្អាកទាំងស្រុង នាកំឡុងពេលសង្គ្រាមស៊ីវិលនិងការគ្រប់គ្រងរបស់ខ្មែរក្រហមនាកំឡុងឆ្នាំ១៩៧៥។ ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ សកម្មភាពនៃការបញ្ជូនវត្ថុសិល្បៈខ្មែរទៅតាំងពិព័រណ៍ក្នុងឆាកអន្តរជាតិចាប់ផ្តើមកំរើកឡើងវិញ ជាពិសេសក្រោយការបង្រួបបង្រួមជាតិនាកំឡុងទសវត្សរ៍ឆ្នាំ១៩៩០។
ការតាំងពិព័រណ៍អន្តរជាតិលើកដំបូង ធ្វើឡើងនៅប្រទេសអូស្ត្រាលី នាទីក្រុងកង់បេរ៉ានៅក្នុងឆ្នាំ១៩៩២។ នៅឆ្នាំ១៩៩៧ វត្ថុបុរាណខ្មែរបានយកទៅដាក់តាំងបង្ហាញសម្រាប់ពិព័រណ៍ចល័តអន្តរជាតិបន្តបន្ទាប់គ្នាចំនួនបីប្រទេសគឺ ប្រទេសជប៉ុន បារាំង និងសហរដ្ឋអាម៉េរិក ក្រោមប្រធានបទ “Sculpture of Angkor and Ancient Cambodia Millennium of Glory”។
ចាប់តាំងពីពេលនោះមក វត្ថុសិល្បៈខ្មែរ ត្រូវបានបញ្ចូនចេញទៅតាំងពិព័រណ៍នៅតាមបណ្តាប្រទេសជាច្រើនទៀត រហូតមកដល់ពេលបច្ចុប្បន្ននេះ។


