
ភ្នំពេញ៖ ប្រមុខនៃក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១០ ខែសីហានេះ បានចាត់ទុកកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ចិន ពិតជាមានសារៈសំខាន់។ ការអះអាងនេះធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិកម្ពុជាមើលឃើញថា ស្ថានការពិភពលោកមានភាពស្មុគស្មាញខ្លាំង។
យោងតាមហ្វេសប៊ុកជាផ្លូវការរបស់សម្ដេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា ក្នុងបរិបទបច្ចុប្បន្ន និងទៅអនាគត ស្ថានភាពសន្តិសុខ នយោបាយ ក្នុងតំបន់ និងពិភពលោកមានភាពកាន់តែស្មុគស្មាញមិនច្បាស់លាស់។
ដូច្នេះ សម្តេចយល់ឃើញថា កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ចិន ពិតជាមានសារៈសំខាន់ ក្នុងការលើកកម្ពស់សមត្ថភាពនាយទាហានវ័យក្មេងបន្តវេន លំហាត់ហ្វឹកហ្វឺនរួមគ្នា និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ យុទ្ធោបករណ៍ សម្រាប់ការពារអធិតេយ្យភាព បូរណភាពទឹកដីប្រទេសជាតិកម្ពុជា។
ជាការកត់សម្គាល់ ការលើកឡើងរបស់ប្រមុខការពារជាតិកម្ពុជាយ៉ាងដូច្នេះ ធ្វើឡើងខណៈពេលដែលពិភពលោកកំពុងតែជួបនូវបញ្ហាប្រឈមជាច្រើនមានជាអាទិ៍ បញ្ហាកូវីដ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងបញ្ហាតៃវ៉ាន់ក្រោយមានដំណើរទស្សនកិច្ចរបស់អ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភាអាម៉េរិក ធ្វើឱ្យចិនបានខឹងសម្បា ហើយធ្វើឱ្យពិភពលោកមានការព្រួយបារម្ភពីការផ្ទុះសង្គ្រាមនៅតំបន់តៃវ៉ាន់៕