
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់បន្ថយពន្ធកាត់ទុកលើការ ប្រាក់សម្រាប់ ធនាគារ និងមីក្រូហិញ្ញវត្ថុ ដែលបានខ្ចីពីក្នុងស្រុកនិងក្រៅស្រុក ដោយក្រសួងសេដ្ឋកិច្ចសម្រេចបន្ថូរបន្ថយពន្ធពី១៥%និង ១៤%មកត្រឹមអត្រា១០% ។ នេះបើតាមសេចក្តីប្រកាសអគ្គនាយកដ្ឋានពន្ធដារ។
សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដាក់សំណើស្ដីពីសុំការសម្របសម្រួលពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ក្នុងការស្នើសុំបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុកលើការប្រាក់សម្រាប់អ្នកផ្ដល់កម្ចីក្នុងស្រុក និង ក្រៅស្រុកពី ១៥% និង ១៤%មកត្រឹមអត្រា៧% របស់។
យោងតាមលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារដែលចុះហត្ថលេខាដោយឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល នៅថ្ងៃទី២៦ ខែឧសភា ដែលជំរាបមក សភាពាណិជ្ជកម្មកម្ពុជាវិញថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសំរេចសម្រេចបន្ថូរបន្ថយពន្ធកាត់ទុកលើការ ប្រាក់ដែល ធនាគារ និងមីក្រូហិញ្ញវត្ថុខ្ចីពីក្នុងស្រុកនិងក្រៅស្រុក ពី១៥%និង ១៤%មកត្រឹមអត្រា១០%។
លិខិតរបស់អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ដូច្នោះថា ១. ចំពោះកម្ចីចាស់៖ កំណត់តាមអត្រា ១០% ដោយអនុវត្តចាប់ពីខែមេសារហូតដល់ដំណាច់ខែធ្នូឆ្នាំ ២០២០តែប៉ុណ្ណោះ។ ២. ចំពោះកម្ចីថ្មី៖ កំណត់អត្រា ៥%ដោយអនុវត្តចាប់ពីខែមេសារហូតដល់ខែធ្នូឆ្នាំ ២០២១ និងចាប់ពីឆ្នាំ ២០២២តទៅ ក្រុមហ៊ុនត្រូវមានកាតព្វកិច្ចពន្ធកាត់ទុកតាមអត្រាធម្មតាវិញស្របតាមច្បាប់និងបទប្បញ្ញត្តិស្ដីពីពន្ធដារជាធរមាន៕
លោកឧកញ៉ា លឺម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ចំពោះការសម្រេចកាត់បន្ថយពន្ធកាត់ទុកលើការប្រាក់សម្រាប់អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក ក្រសួងសេដ្ឋកិច្ច អនុវត្តទូទៅសម្រាប់គ្រប់គ្រឹះស្ថានហរិញ្ញវត្ថុ មានន័យថា អ្នកដែលមករកស៊ីនៅស្រុកខ្មែរបើកជាធនាគារ ជាមីក្រូហិញ្ញវត្ថុ អាចទទួលបានផលពីការកាត់បន្ថយពន្ធកាត់ទុកនេះបាន។
លោកឧកញ៉ា បានបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនផ្សេងពី ស្ថាប័ន ហិរញ្ញវត្ថុ គាត់ខ្ចីលុយពីបរទេស ហើយគាត់ធ្វើអាជីកម្មនៅកម្ពុជាផ្នែកសំណង់ សណ្ឋាគារ រោងចក្រ គឺ គាត់មិនអាចទទួលបានផលពីការកាត់បន្ថយពន្ធកាត់ទុកលើការ ប្រាក់នេះឡើយ៕