
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី ២៦ ខែកក្កដា បានស្នើឱ្យប្រជាពលរដ្ឋ រស់នៅក្នុងបុរីមួយចំនួន ក្នុងរាជធានីភ្នំពេញ ដែលកំពុងប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវាទូរស័ព្ទ ត្រូវបញ្ឈប់ និងរុះរើចេញ បន្ទាប់ពីរកឃើញថា ការប្រើប្រាស់ឧបករណ៍នេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័តក្នុងតំបន់នោះ។ក្រោយការស្នើនេះ ប្រជាពលរដ្ឋមួយចំនួនរិះគន់មកលើក្រសួង និង បានចោទជាសំណួរថា ហេតុអ្វីមិនទៅពិនិត្យគុណភាពរបស់ក្រុមហ៊ុនដែលផ្តល់សេវាទូរសព្ទចល័ត?
ឆ្លើយតបនឹងសំណួរនេះ ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានពន្យល់ថា ការពង្រឹងគុណភាពសេវាទូរសព្ទចល័ត គឺមានការពាក់ព័ន្ធនឹងកត្តាជាច្រើន ប៉ុន្តែកត្តាសំខាន់មួយចម្បង គឺការប្រើប្រាស់ឧបករណ៍ Booster/Repeater ដែលធ្វើឱ្យមានការឆ្លងរំខាន នៅទីតាំងដែលមានប្រើប្រាស់ឧបករណ៍ទាំងនេះតែម្តង។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានលើកជាឧទាហរណ៍ថា កាលពី ៣ ឆ្នាំមុន បើសិនតំបន់មួយមានទំហំ ២ គីឡូម៉ែត្របួនជ្រុង មានសេវាមិនគ្រប់គ្រាន មានន័យថា អាចប្រើបានតែមិនទាន់ចិត្ត ហើយបើដាក់ Booster តែ ១ ឬ ច្រើនប៉ុន្តែនៅដាច់ឆ្ងាយពីគ្នា (អាចថា ៥០០ ម៉ែត្រយ៉ាងតិច) គឺមិនមានបញ្ហានោះទេ តែដោយឡែកបច្ចុប្បន្ននេះ ផ្ទះជាច្រើនក្នុងតំបន់នេះបានដំឡើងឧបករណ៍នេះប្រើប្រាស់សឹងគ្រប់ផ្ទះ ដែលធ្វើឱ្យសេវានៅតំបន់នោះមានភាពរអាក់រអួលបំផុត ដោយសារការឆ្លងរំខានទៅលើប្រព័ន្ធទូរសព្ទចល័ត។
ឯកឧត្តម ជា វណ្ណដេត បានសង្កត់ធ្ងន់ថា "ក្រសួងបានប្រកាស ដើម្បីស្នើឱ្យប្រជាពលរដ្ឋដកចេញ ព្រោះក្រសួងនឹងធ្វើតេស្តគុណភាពសេវាទូរសព្ទចល័តក្នុងរាជធានីភ្នំពេញ ហើយដូច្នេះ បើមិនដក Booster ចេញទេ លទ្ធផលនៃការធ្វើតេស្តយកជាការមិនបាន"។
បើតាមឯកឧត្តម ជា វណ្ណដេត បន្ទាប់មក ក្រសួងនឹងចុះទៅធ្វើតេស្តតាមភូមិសាស្ត្រនីមួយៗតាមកម្រិតខណ្ឌ ឬសង្កាត់ ដើម្បីបន្តត្រួតពិនិត្យឱ្យបានកាន់តែច្បាស់លាស់។ ផ្អែកលើលទ្ធផលតេស្តនេះ ក្រសួងនឹងចាត់វិធានការឱ្យក្រុមហ៊ុនវិនិយោគបន្ថែម ឬធ្វើការកែតម្រូវផ្នែកបច្ចេកទេស។
ឯកឧត្តម ជា វណ្ណដេត ថ្លែងថា "ប្រជាជនចង់បានពងមាន់មកហូប ប៉ុន្តែបានសម្លាប់មេមាន់ទៅហើយ។ បើពុំមានមេមាន់ តើមានពងមកពីណា។ ដូចគ្នានេះដែរ បើអត់មានការធ្វើតេស្តដើម្បីទទួលលទ្ធផលទេ តើក្រសួងអាចធ្វើការពង្រឹងគុណភាពសេវាទូរសព្ទបានយ៉ាងដូចម្តេច?"