
ភ្នំពេញ៖ គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានផ្តល់ឥណទានដល់វិស័យកសិកម្មបានចំនួន ១,២០០លានដុល្លារសហរដ្ឋអាម៉េរិក និងមានឥណទាន ១៤ ម៉ឺនឥណទាន ដែលជិតពាក់កណ្តាលនៃឥណទានសរុបរបស់ធនាគារនៃវិស័យកសិកម្ម។នេះបើតាមលោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា។
លោកបណ្ឌិត អ៉ិន ចាន់នី បានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែរឹងមាំក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ហើយធនាគារ អេស៊ីលីដា តែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យនេះ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។
បើតាមលោកបណ្ឌិត អ៉ិន ចាន់នី គិតត្រឹមខែមិថុនា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា បានផ្តល់ឥណទានដល់វិស័យកសិកម្មបានចំនួន ១,២០០លានដុល្លារអាម៉េរិក ក្នុងនោះធនាគារផ្តល់លើ ការដាំដុះ រុក្ខាប្រមាញ់ និង ការនេសាទ។សម្រាប់លោកបណ្ឌិត ចំនួននេះអាចនឹងប្រែប្រួលបន្ថែមទៀតនៅដាច់ឆ្នាំ២០២២នេះ ដោយព្យាករណ៍ថា អាចកើនដល់១.៩០០លានដុល្លារ ឬដល់ ៦,០០០លានដុល្លារ។
ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដារូបនេះ បានពន្យល់ថា ការផ្តល់ឥណទានរបស់ធនគារ អេស៊ីលីដា មានទាំងក្រុមហ៊ុនតូច និង ក្រុមហ៊ុនធំ ដោយគិតត្រឹមដាច់ខែមិថុនា ឆ្នាំ២០២២នេះ ធនាគារ បានផ្តល់ឥណទានដល់អតិថិជនមានចំនួនសរុបជិត ៤០ ម៉ឺនឥណទាន ក្នុងនោះវិស័យកសិកម្មមានចំនួន ១៤ ម៉ឺនឥណទានជិតពាក់កណ្តាលនៃឥណទានសរុបរបស់ធនាគារ នៃវិស័យកសិកម្ម។
លោកបណ្ឌិតថ្លែថា "មានទាំងធំទាំងតូច បើយើងមើលឥណទានមធ្យមរបស់ធនាគារ អេស៊ីលីដា ប្រហែល១ម៉ឺនជាងទេ (១ម៉ឺនដុល្លារអាម៉េរិក)អ៊ីចឹងទៅដល់ទាំងការដាំដុះធម្មតាតូចៗ ទាំងវិនិយោគគិនធំៗដែលត្រូវការឥណទាន ១លានដុល្លារ អ៊ីចឹងក៏មានផ្តល់ដែរ ហើយ៥០០០ដុល្លារផ្តល់ដែរ"។
លោកបណ្ឌិត អ៉ិន ចាន់នី បានសង្កត់ធ្ងន់ថា ការផ្តល់ឥណទានដល់វិស័យកសិកម្មមិនមានហានិភ័យខ្ពស់ជាងវិស័យដ៏ទៃនោះទេ ពោលគឺ ធនាគារ អេស៊ីលីដា តែងតែមានការពិគ្រោះយ៉ាងយកចិត្តទុកដាក់ជាមួយអតិថិជន និង ក្រុមប្រជាកសិករ ទៅលើការប្រើប្រាស់ឥណទានរបស់ធនាគារ ផ្តល់ឥណទានទៅតាមគម្រូវការនៃអាជីវកម្ម មិនឱ្យខ្វះ ឬមិនឱ្យលើសខ្លាំង និង ណែនាំដល់អតិថិជនប្រើប្រាស់ហិរញ្ញវត្ថុរបស់ធនាគារឱ្យត្រឹមត្រូវចំគោលដៅ ជាជាងការចំណាយទៅក្នុងវិស័យណាដែលមិនបានចុះក្នុងផែនការអាជីវកម្ម។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មដែលបានផ្សព្វផ្សាយក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមករបស់ក្រសួងកសិកម្ម» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី បានបង្ហាញថា ក្នុងឆ្នាំ ២០២១ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២៤,៤% (គិតតាមថ្លៃបច្ចុប្បន្ន) នៃផលិតផលសរុបក្នុងស្រុក (២៤,៩% នៅឆ្នាំ ២០១៧)។
ចំណែកស្ថានភាពវិស័យកសិកម្មតម្លៃបន្ថែមសរុបនៃវិស័យកសិកម្មបានកើនពី ១៨ ៩៩៩ ពាន់លានរៀលនៅឆ្នាំ ២០១២ ដល់ ២០ ៩៨៦ ពាន់លានរៀលនៅឆ្នាំ ២០១៧ និងបានបន្តកើនដល់ ២៤ ៧៥៥ ពាន់លានរៀលនៅឆ្នាំ ២០២១ (កំណើនប្រចាំឆ្នាំមានប្រមាណជា ៤% ក្នុង ១ ឆ្នាំៗ)៕