
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍ថា បើទោះបីជាមួយរយៈពេលចុងក្រោយនេះ អត្រាប្តូរប្រាក់ដុល្លារនៅកម្ពុជាមានការកើនឡើងក្ដី ក៏ប្រទេសកម្ពុជាហាក់មិនសូវរងផលប៉ះពាល់ច្រើនដែរ ដោយសារតែអាជីវកម្ម ឬផលិតកម្មនានាបានប្រើប្រាស់ដើមទុនជាលុយដុល្លារ មួយវិញទៀតប្រព័ន្ធអត្រាប្ដូរប្រាក់របស់កម្ពុជា ជាប្រព័ន្ធចម្រុះដែលមានការប្រើប្រាស់ទាំងលុយដុល្លារ លុយរៀល លុយបាត ឬលុយដុងជាដើម។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចបានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា បច្ចុប្បន្ននេះ អត្រាប្ដូរប្រាក់ដុល្លារមានការប្រែប្រួលធៀបជាមួយប្រាក់អឺរ៉ូ តែប្រាក់ដុល្លារមិនបានប្រែប្រួលធៀបជាមួយប្រាក់រៀលនោះទេ ដូចនេះការប្រែប្រួលនៃអត្រាប្ដូរប្រាក់គឺត្រូវមើលទៅលើផលធៀបរវាងរូបិយវត្ថុប្រទេសមួយធៀបនឹងរូបិយប័ណ្ណបរទេស មានន័យថាពេលនេះលុយអឺរ៉ូចុះថ្លៃជាងលុយដុល្លារ ហើយយើងក៏មិនអាចនិយាយបានថាលុយដុល្លារអាចឡើងរហូតបានទេ។
លោកបណ្ឌិតបន្តថា កាលណាលុយដុល្លារឡើងថ្លៃ កម្ពុជាអាចនឹងមានផលប៉ះពាល់ចំពោះការឡើងថ្លៃទំនិញ ព្រោះកម្ពុជាជាប្រទេសដែលទិញទំនិញពីបរទេស ដូចនេះតម្រូវការនៃការចំណាយលុយរៀលដើម្បីប្ដូរជាលុយដុល្លារគឺត្រូវចំណាយច្រើនជាងមុន។
លោកបណ្ឌិតបញ្ជាក់ថា បើទោះបីជាលុយដុល្លារឡើងថ្លៃ ក៏ប្រទេសកម្ពុជាហាក់មិនសូវរងផលប៉ះពាល់ច្រើនដែរ ដោយសារតែអាជីវកម្ម ឬផលិតកម្មនានាបានប្រើប្រាស់ដើមទុនជាលុយដុល្លារ។ មួយវិញទៀតប្រព័ន្ធអត្រាប្ដូរប្រាក់របស់កម្ពុជា ជាប្រព័ន្ធចម្រុះដែលមានការប្រើប្រាស់ទាំងលុយដុល្លារ លុយរៀល លុយបាត ឬលុយដុងជាដើម៕