
បាត់ដំបង៖ ក្រុមការងាសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គសហគមន៍មូលស្ឋាន នៃក្រសួងបរិស្ថាន កាលពីខែឧសភា បានចុះសិក្សាផូស៊ីលបឋមនៅស្រុកបាណន់ ខេត្តបាត់ដំបង។ ការសិក្សាជាបឋម បានរកឃើញនូវប្រភេទផូស៊ីលដ៍កម្រនិងជួបប្រទះជាច្រើន ដែលធ្វើឱ្យក្រសួងបរិស្ថាន មានបំណងរៀបចំតំបន់ភ្នំខ្ពស់ជាតំបន់អភិរក្សផូស៊ីលនាពេលអនាគត។
ស្រុកបាណន់ជាតំបន់ដ៍មានសក្តានុពលខាងផ្នែកទេសចរណ៍ធម្មជាតិ ដ្បិតអីទីតាំងនេះ សំបូរដោយភ្នំថ្មកំបោរ និងមានរូងភ្នំជាច្រើន ដូចជា ល្អាងផ្កាស្លា ល្អាងខ្យល់ ល្អាងស្ថានីយ។ ភ្នំសំពៅជាប្រភេទភ្នំថ្មកំបោរ ដែលមានអតីតកាលនៅក្នុងសមុទ្រ។ ភ្នំនេះមានអាយុកាលនៅស័កទី១ Paleozoic ក្នុងសម័យ Permian ដែលមានអាយុកាល ២៥១ - ២៩៩ លានឆ្នាំមុន។
បើតាមតាមការសិក្សាស្រាវជ្រាវថ្មីៗ ស្តីអំពីផូស៊ីលនៅកម្ពុជារបស់នាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ប្រទេសកម្ពុជា នាសម័យនោះអាចជាសមុទ្រនៅឡើយ ដោយសាររកឃើញភស្ថុតាងមួយចំនួនដែលបញ្ចាក់ថា ភ្នំសំពៅពិតជាធ្លាប់នៅក្នុងសមុទ្រ។

នៅតាមដងផ្លូវឡើងទៅកាន់ព្រះវិហារមួយដែលនៅលើកំពូលភ្នំសំពៅ ប្រទះពពួកសត្វសមុទ្រដែលកប់នៅក្នុងថ្ម ដោយពពួកសត្វប្រភេទនេះមានឈ្មោះថា Brachiopods ដែលជាប្រភេទសត្វសមុទ្រ មានសណ្ឋានប្រហាក់ប្រហែលនឹងងាវបច្ចុប្បន្ន តែវាមានរូបរាងស្ទើរមូល និងមានសំបកឆ្នូតៗ។ ពពួកនេះស្ថិតនៅក្នុងក្រុមជាមួយសត្វកាឈីវ ដែលមានសំបកដូចគ្រំតែមានជើងមួយដុះចេញមក និងបន្តមកពេលបច្ចុប្បន្នមានតិចតួចនៅរស់រានមានជីវិត។
ក្រៅពីនេះគេក៏បានជួបប្រទះពពួកផ្កាថ្ម២ ប្រភេទផ្សេងគ្នាដែលបានកប់ជាប់នៅក្នុងថ្មនៃកំពូលភ្នំ។ ពពួកខ្លះទៀតយើងក៍ពុំទាន់បានកំណត់អត្តសញ្ញាណវាបាននៅឡើយ ដូចជាពពួកផូស៊ីលម្យ៉ាងមានរាងមូលដូចគ្រាប់ឃ្លី មានទំហំប៉ុនកូនដៃ ផ្នែកខាងក្នុងមានរាងជាស្រទាប់ដូចជារង្វង់ច្រើនជាន់។
ជាមួយគ្នានេះដែរ ការសិក្សាដែលក្រុមការងារបានប្រមូលពិស្ថានីយផូស៊ីល សត្វសមុទ្រមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដូចជាភ្នំសំពៅ ភ្នំបាណន់ ភ្នំទាក់ទ្រាំង ភ្នំ៧ និងភ្នំក្រពើ បានបង្ហាញពីវត្តមាននៃសត្វសមុទ្រកាលពីអតីតកាលជាច្រើន ដែលមិនទាន់បានស្គាល់អត្តសញ្ញាណច្បាស់នៅឡើយ៕

