Yearendyearend1140x150
Img 0571

កម្ពុជា-ចិនឯកភាពគ្នាបង្កើន«ជើងហោះហើរ»ឡើងវិញរវាងប្រទេសទាំងពីរ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឆ្វេង៖លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា (ស្តាំ) លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នៅប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី ៣ កក្កដា ២០២២។

ភ្នំពេញ៖រដ្ឋមន្រ្តីការបរទេសកម្ពុជា-ចិន បានប្រកាសពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការបង្កើនជើងហោះហើរត្រង់ឡើងវិញរវាងប្រទេសទាំងពីរ ក្រោយរំខានដោយសារជំងឺកូវីដ-១៩អស់រយៈពេលជិត៣ឆ្នាំ។ការប្តេជ្ញាចិត្តរួមគ្នានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារដាច់ដោយឡែកមួយរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និង លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន នៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៣ កក្កដានេះ។

ជាជំនួបទ្វេភាគីប្រកបដោយផ្លែផ្កាលើប្រធានបទផ្សេងៗ និង បានបន្តប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត ខណៈដែលទំនាក់ទំនងនាពេលបច្ចុប្បន្ននេះកំពុងស្ថិតនៅចំណុចខ្ពស់បំផុត។នៅក្នុងជំនួបនោះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ និង សម្របសម្រួលយ៉ាងសកម្មក្នុងការបញ្ជូននិស្សិតកម្ពុជាត្រឡប់ទៅសិក្សាដោយផ្ទាល់នៅប្រទេសចិនវិញ។

លោក វ៉ាង យី ចាប់តាំងពីដើមឆ្នាំ២០២២នេះមក ការផ្លាស់ប្តូរកម្រិតខ្ពស់រវាងចិន និង កម្ពុជា បានប្រព្រឹត្តទៅជាញឹកញាប់ ហើយកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយបានឈានមុខគេ ក្នុងទំនាក់ទំនងរបស់ប្រទេសចិនជាមួយបណ្តាប្រទេសនៅក្នុងតំបន់។សម្រាប់លោក វ៉ាង យី ភាគីចិនមានឆន្ទៈធ្វើការជាមួយភាគីកម្ពុជា ដើម្បីអនុវត្តបន្ថែមទៀតនូវការឯកភាពជាយុទ្ធសាស្ត្រកម្រិតខ្ពស់ ពង្រឹងទំនាក់ទំនង ពង្រឹងកិច្ចសហប្រតិបត្តិការ ពង្រឹង និងកសាងសហគមន៍ចិន-កម្ពុជា ប្រកបដោយអនាគតរួមគ្នា និងស្វាគមន៍ខួបលើកទី៦៥។

បើតាមលោក វ៉ាង យី ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចិនបាន ចែករំលែកសុខទុក្ខ និង ទុក្ខព្រួយចិននឹងបន្តឈរជើងយ៉ាងរឹងមាំជាមួយកម្ពុជា និង ផ្តល់ការគាំទ្រ និង ជំនួយសម្រាប់ស្ថិរភាព នយោបាយ និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។

គួរបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និង ចិន ត្រូវបានភាគីទាំងពីរចាត់ទុកថា មិត្តដែកថែប ហើយចិនជាប្រទេសឈរនៅលំដាប់ទី១ លើវិស័យជាច្រើន ដូចជា ការវិនិយោគ ទំហំពាណិជ្ជកម្មទ្វេភាគី និងទេសចរណ៍ជាដើម។ក្នុងពេលដែលវិបត្តិកូវីដ-១៩ ចិនក្លាយជាប្រទេសដំបូងគេដែលបានផ្តល់ជំនួយវ៉ាក់សាំងទាន់ពេលវេលាតាមតម្រូវការរបស់កម្ពុជា ប្រគល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

នៅចំពោះមុខលោក ប្រាក់ សុខុន លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិនសន្យាជំរុញការងារបញ្ជូន វ៉ាក់សាំងចំនួន១៥លានដូសទៀតមកកាន់កម្ពុជា ពង្រីកការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសចិន និង សម្របសម្រួលឱ្យនិស្សិតកម្ពុជាបានវិលត្រឡប់ចូលសាលារៀនវិញ ក្នុងពេលឆាប់ៗនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង