
ហូជីមិញ៖ មន្រ្តីវៀតណាមបានអះអាងថា តៃវ៉ាន់ "រំលោភបំពានយ៉ាងធ្ងន់ធ្ងរ" អធិបតេយ្យភាពរបស់ខ្លួន ដោយធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់ជុំវិញប្រជុំកោះ Spratly របស់ខ្លួន បានអំពាវនាវឱ្យលុបចោល និងព្រមានប្រឆាំងភ្លាមៗប្រសិនបើតៃវ៉ាន់នៅតែបន្តធ្វើសមយុទ្ធ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានប្រាប់ថា៖ «វាគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីរបស់វៀតណាមចំពោះប្រជុំកោះ Spratly គំរាមកំហែងដល់សន្តិភាព ស្ថិរភាព សុវត្ថិភាព និងសន្តិសុខដែនសមុទ្រវៀតណាម ហើយធ្វើឱ្យភាពតានតឹងកើនឡើង និងធ្វើឱ្យស្ថានការណ៍នៅសមុទ្រចិនខាងត្បូងស្មុគស្មាញថែមមួយកម្រិតទៀត។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានចង្អុលបង្ហាញថា វៀតណាមមានមូលដ្ឋានច្បាប់ពេញលេញ និងភស្តុតាងប្រវត្តិសាស្ត្រដើម្បីអះអាងអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Spratly និង Paracel ស្របតាមច្បាប់អន្តរជាតិ។
ដោយឡែកតៃវ៉ាន់បានប្រកាសថានឹងមានសមយុទ្ធបាញ់គ្រាប់ពិតនៅ Itu Aba ដែលត្រូវបានគេស្គាល់ថានៅក្នុងតំបន់កោះ Ba Binh ក្នុងប្រទេសវៀតណាមកាលពីថ្ងៃទី ២៨ និង២៩ ខែមិថុនា៕